ជាតិ
សង្គមជាតិ
អ្នកជំនាញ​និយាយ​សំឡេង​តែមួយ​ចង់​អភិរក្ស និង​សង្គ្រោះ​អាជីព​កំណាព្យ​ឡើងវិញ​
13, Dec 2017 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជីព​កំណាព្យ គឺជា​មុខវិជ្ជា​មួយ​ដែល​ប្រជាជន​ស្ទើរ​គ្រប់​ប្រទេស​មិនសូវ​ផ្តល់​តម្លៃ​ទៀតឡើយ​។ នៅក្នុង​ប្រទេស​ខ្លះ ដូចជា​ករណី​នៅក្នុង​ប្រទេស​កម្ពុជា ចេះ​ជំនាញ​កំណាព្យ​អាច​ពិបាក​រក​ការងារ​ធ្វើ​។ អាជីព កំណាព្យ​នៅ​កម្ពុជា​កំពុង​ឈានទៅរក​ការបាត់បង់​។ ប្រឈម​នឹង​បញ្ហា​នេះ លោក ជា ច័ន្ទ​បរិបូ​ណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​លោក ជ័យ ចាប សាស្ត្រាចារ្យ​អក្ស​សាស្ត្រ​ខ្មែរ​, អ្នកជំនាញ​ជាន់ខ្ពស់ ផ្នែក​តាក់តែង​កំណាព្យ និង​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួង​អប់រំ សុទ្ធតែ​បានលើកឡើង​ពី​តម្លៃ និង​សារៈសំខាន់​អាជីព​កំណាព្យ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការសម្ពោធ​ចេញផ្សាយ​សៀវភៅ​កំណាព្យ​«​ការវិវត្ត​ផ្នត់គំនិត​នៅក្នុង​សម័យកាល​ឌីជីថល​»​នៅក្នុង​សង្គម​ខ្មែរ​នៅ​ថ្ងៃទី​ពុធ​ទី​១៣​ខែធ្នូ​ឆ្នាំ​២០១៧​នៅ Showroom Mercedes-Benz​។



​កំណាព្យ​មានតម្លៃ​, មាន​សារៈប្រយោជន៍ និង​មាន​ឥទ្ធិពល​លើ​អារម្មណ៍​មហាជន​ខ្លាំងណាស់​។ នេះ គឺជា​ការកត់សម្គាល់រ​ប​ស់លោក ជ័យ ចាប អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​តាក់តែង​កំណាព្យ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​មិញ​។ លោក ជ័យ ចាប ដែលមាន​ឈ្មោះ​ក្នុង​សំណេរ​កំណាព្យ​ថា​«​ចាប ពូក​» បានបញ្ជាក់​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​ថា​៖«​បើ​និយាយ​ទៅកាន់​មហាជន​, ចំរៀង និង​កំណាព្យ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការនិយាយ​២ ឬ​ម៉ោង​ទៅទៀត​»​។



​តើ​កំណាព្យ​គួរ​ត្រូវបាន​អភិរក្ស​ឬ​យ៉ាងណា​? នេះ គឺជា​សំណួរ​ដែល​លោក ជ័យ ចាប ឆ្លើយ​ដោយ​ខ្លួនឯង​ថា គួរ​បំផុស​ចលនា ឬ​ចរន្ត​គាំទ្រ​កំណាព្យ​ឡើងវិញ​។ លោក ជ័យ ចាប សង្កេតឃើញថា បុគ្គល​មួយចំនួន​បាន​ព្យាយាម​សរសេរ​កំណាព្យ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បើទោះបីជា​កំណាព្យ​នោះ មិនទាន់​ត្រូវបាន​សរសេរ​តាម​ក្បួនខ្នាត​ពិតប្រាកដ​ក៏ដោយ​ក្តី​។  លោក ជ័យ ចាប បន្តថា​៖«​សញ្ញា​នេះ គឺជា​ស្មារតី​ល្អ ជា​ចរន្ត​មួយ​ល្អ​ហើយ​។ ដូច្នេះ គួរ​ព្យាយាម​ជំរុញ​ចរន្ត​នេះ​បន្ថែមទៀត​»​។



​បន្ថែម​ពីលើ​តម្លៃ និង​សារៈប្រយោជន៍​នៃ​កំណាព្យ លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជំរុញ​យុវជន​ឲ្យ​ផ្តល់​តម្លៃ​លើ​អាជីព​កំណាព្យ ឲ្យ​ស្រឡាញ់​កំណាព្យ និង​ឲ្យ​ចូលរួម​រក្សា​កំណាព្យ​។ «​យើង​មិនអាច​ឲ្យ​អ្នក​ទាំងអស់គ្នា​ក្លាយជា​កវី​កំណាព្យ​ទាំងអស់គ្នា​បានទេ​។ តែ​យើង​ជំរុញ​ឲ្យ​អ្នក​ទាំងអស់គ្នា​ស្រឡាញ់ និង​ចូលរួម​គាំទ្រ​កំណាព្យ​»​។ នេះ គឺជា​ការលើកឡើង​បន្ថែម​របស់លោក ច័ន្ទ​បរិបូរណ៍ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​។

​កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោកស្រី អាន ឡឺ​មែត្រ តំណាង​អង្គការ​យូណេស្កូ​នៅក្នុង​ប្រទេស​កម្ពុជា​អត្ថាធិប្បាយ​ថា អាជីព​កំណាព្យ​កំពុង​ឈានទៅរក​ការបាត់បង់ ព្រោះ វា​មិនមែនជា​អាជីព​ទាន់សម័យ​។ ផ្ទុយទៅវិញ អាជីព​នេះ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។

​លោកស្រី អាន ឡឺ​មែត្រ តំណាង​អង្គការ​យូណេស្កូ​នៅក្នុង​ប្រទេស​កម្ពុជា​បានផ្តល់​តម្លៃ​លើ​អាជីព​កំណាព្យ​យ៉ាងខ្លាំង បើទោះបីជា​អាជីព​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក៏ដោយ​ក្តី​។ លោកស្រី​បាន​បញ្ជាក់ថា ប្រសិនបើ​គេ​មើល​ធម្មតា កំណាព្យ​ហាក់បីដូចជា​អ្វីមួយ​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​ទេ​។ តែ​ផ្ទុយទៅវិញ កំណាព្យ គឺជា​មូលដ្ឋានគ្រឹះ​នៃ​សេរីភាព ព្រោះ​កំណាព្យ​ធ្វើ​ឲ្យ​អារម្មណ៍​រំភើប នាំ​អារម្មណ៍​ឲ្យ​ស្រមៃ នាំ​អារម្មណ៍​ឲ្យ​ទៅ​កន្លែង​ផ្សេង​។ ជួនកាល កំណាព្យ​បង្ហាញ​ពី​សោភ័ណ​ចក្ខុ និង​សោភ័ណ​អក្ស​សិល្ប៍​។ នៅក្នុង​សោភ័ណ​អក្ស​សិល្ប៍ គឺមាន​កំណាព្យ​។

​សម្រាប់​លោកស្រី អាន ឡឺ​មែត្រ​, កំណាព្យ គឺជា​ចំណង​ចង​បេះដូង​នៃ​មនុស្សជាតិ​តាមរយៈ​អារម្មណ៍ ពោល គឺ​មិនមែន​តាមរយៈ​បញ្ញា​ទេ​។ កំណាព្យ គឺជា​ចំណង​ចងភ្ជាប់​រវាង​មនុស្សជាតិ ព្រោះ កំណាព្យ​ផ្តល់​សោភ័ណ​ផ្នែក​អារម្មណ៍ បង្ហាញ​មនោសញ្ចេតនា​។​ល​។



​ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​អាជីព​កំណាព្យ និង​ដោយ​ចង់​អភិរក្ស​អាជីព ដែល​ជិត​បាត់បង់​នេះ​ផង​, លោក James ZEMKE អគ្គនាយក​នៃ​ក្រុមហ៊ុន​រថយន្ត Mercedes-Benz ប្រកាសថា ក្រុមហ៊ុន​លោក​មាន​ចំណាប់អារម្មណ៍​ជួយផ្តល់​ហិរញ្ញវត្ថុ​បោះពុម្ព​ផ្សព្វផ្សាយ​សំណេរ​កំណាព្យ​ថ្មីៗ​បន្តទៀត​។ លោក​បាន​រម្លឹកថា ក្រុមហ៊ុន​របស់លោក​មា​ន​អាយុកាល​១៣០​ឆ្នាំ តែ​កំណាព្យ​មាន​អាយុ​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់​។ ដូច្នេះ គួរ​កុំ​បណ្តែតបណ្តោយ​ឲ្យ​អាជីព​នេះ​បាត់បង់​។

​លោក James បន្តទៀតថា ក្រុមហ៊ុន​លោក​មិនមែន​គ្រាន់តែ​ផលិត​រថយន្ត​ដើម្បី​លក់​ប៉ុណ្ណោះ​ទេ​។ តែ​ក្រុមហ៊ុន​របស់លោក​បាន និង​កំពុង​រួមចំណែក​យកចិត្តទុកដាក់​ចំពោះ​អាជីព​កំណាព្យ​ដែលជា​ផ្នែក​មួយ​នៃ​វិស័យ​អប់រំ​ផងដែរ​៕








Tag:
 កំណាព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com