កីឡាជាតិ
ជាតិ
ម្ចាស់​ជើងឯក​កីឡា​គុន​ដាវ​ទទួលបាន​ការហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ជើងឯក​អាស៊ាន​
14, Dec 2017 , 8:19 am        
រូបភាព
ដោយ:
​ក្រុម​កីឡាករ កីឡាការិនី ម្ចាស់​ជ័យលាភី​ការប្រកួត​កីឡា​គុន​ដាវ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ ទទួលបាន​ឱកាស ហ្វឹកហាត់ ក្នុង​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ជើងឯក​អាស៊ាន នៅ​ម៉ាឡេស៊ី ខាងមុខនេះ​។ ជើងឯក​ថ្នាក់ជាតិ ដែលមាន​កីឡាករ​២៩​នាក់ មកពី​៤​ក្លិប​សមាគម​ចូលរួម ក៏​ដើម្បី​សម្រិតសម្រាំង ធនធាន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។



​ទោះបី​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ជាការ​ប្រកួត​ប្រចាំឆ្នាំ តែ​វា​ក៏​ជាការ​ប្រកួត​ដើម្បី​សម្រិតសម្រាំង​កីឡាករ​ធនធាន​ថ្នាល សម្រាប់​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។ ជាក់ស្តែង សម្រាប់​ការប្រកួត​កីឡា​គុន​ដាវ​ជ្រើសរើស​ជើង​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ សហព័ន្ធ​បានជ្រើសរើស​កីឡាករ កីឡាការិនី ម្ចាស់​ជ័យលាភី ឲ្យ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​។​

​លោក តែ ឡូ​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បាន​បញ្ជាក់ថា ការដែល​សហព័ន្ធ​សម្រេច​ឲ្យ​កីឡាករ​ម្ចាស់​ជ័យលាភី ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ គឺ​ដើម្បី​ពង្រឹងសមត្ថភាព ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ពិសេស​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ នា​ខែមករា ឆ្នាំ​២០១៨ ដែល​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​។ 


លោក តែ ឡូរិន ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត

«​ការរៀបចំ​ជើងឯក​ថ្នាក់ជាតិ​នេះ គឺ​ផ្តោត​សំខាន់​លើ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​តម្រូវ​ឲ្យ​យើង​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​ជា​ចាំបាច់ ប្រសិនបើ​ក្នុងនាម​យើង​ជា​ម្ចាស់ផ្ទះ តែ​គ្មាន​កីឡាករ​សម្រាប់​ប្រកួតប្រជែង វា​ជា​រឿង​អាម៉ាស់មុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត​។ ហេតុនេះ ទើប​សហព័ន្ធ​ខិតខំ​បង្កើត​ឲ្យ​មាន​ជើងឯក​ថ្នាក់ជាតិ ដើម្បី​សម្រិតសម្រាំង​ធនធាន​សម្រាប់​ត្រៀម​ការប្រកួត​លក្ខណៈ​អន្ដរជាតិ​នានា រហូតដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​របស់លោក តែ ឡូ​រិ​ន ក្នុង​ថ្ងៃ​បិទ​ការប្រកួត​ជើង​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​៩ ខែធ្នូ កន្លងទៅ​។​



​តែ​យ៉ាងណា បញ្ហា​សម្ភារ​ហ្វឹកហាត់​មានតម្លៃ​ថ្លៃ អាចជា​កត្តា​ប្រឈម​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​គុន​ដាវ​នេះ ព្រោះ​កីឡាករ កីឡាការិនី មួយចំនួន គ្មាន​លទ្ធភាព​ទិញ​។ នេះ​ជាការ​បង្ហាញ​ក្តីកង្វល់​របស់លោក តែ ឡូ​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​។​



​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ មាន​កីឡាករ កីឡាការិនី ចំនួន​២៩​នាក់ មកពី​៤​ក្លិប​សមាគម​ចូលរួម ដោយ​អត្ត​ព​លិ​ក​ទាំងនេះ ត្រូវ​ប្រកួតប្រជែង​លើ​ពីរ​ប្រភេទ​វិញ្ញាសា គឺ​វិញ្ញាសា​បុរស​ឯកត្តជន​ដាវ​ធំ និង​វិញ្ញាសា​នារី​ឯកត្តជន​ដាវ​កាប​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​មួយថ្ងៃ​ពេញ នៅ​ទីលាន​នៃ​សាលា​វេ​ស្ទើ​ន​ភ្នំពេញ កីឡាករ Paul Vag Urminsky មកពី​ក្លិប​អ៊ី​សា គ្រង​ជើងឯក​វិញ្ញាសា​បុរស​ឯកត្តជន​ដាវ​ធំ​, លេខ​២ ឃឹម សំ​មាន និង​លេខ​៣​កីឡាករ ជិម ធារ៉ា មកពី​ក្លិប​វេ​ស្ទើ​ន និង​លេខ​៣ ស្ទួន​កីឡាករ ភ​ង ឈាង​ហ័​រ មកពី​ក្លឹប​ហូ​សា​ណា​។

​ចំណែក​វិញ្ញាសា​នារី​ឯកត្តជន​ដាវ​កាប កីឡាការិនី ឆាយ លីន​លី គ្រង​ជើងឯក​, សន និ​ច លេខ​២, អ៊ី លីហ្សា លេខ​៣ និង​កីឡាការិនី ជុំ សុ​វណ្ណា​រ៉ុង លេខ​៣​ស្ទួន​។ កីឡាការិនី​ទាំង​៣​រូបនេះ​មកពី​ក្លិប​ហូ​សា​ណា​៕


​ក្រុមអត្តពលិកគុនដាវថតរូបជុំគ្នាជាមួយថ្នាក់ដឹកនាំក្រោយចប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៧


Tag:
 គុន​ដាវ​
  តែ ឡូ​រិ​ន​
  ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com