កីឡាជាតិ
ជាតិ
ប៉េតង់​ជើងឯក​អាស៊ី​៖ យុវជន​ក្រសោប​បាន​២ ក្នុងចំណោម​មេដាយមាស​៣ និង​សំរឹទ្ធ​២​របស់​កម្ពុជា​
13, Dec 2017 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ឈ្នះ​មេដាយមាស​៣ និង​សំ​រឺ​ទ្ធ​២ សម្រាប់​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ក្នុងចំណោម​មេដាយមាស​ទាំងនេះ យុវជន​ថ្នាល​ក្រសោប​បាន​ពីរ និង​ឈុត​ធំ​បុរស​បាន​១ ខណៈ​ម្ចាស់​មាស​ពិភពលោក កីឡាការិនី អ៊ុក ស្រីមុំ បាន​ត្រឹម​សំរឹទ្ធ​។



​ក្រុម​អត្ត​ព​លិ​ក​ប៉េតង់​កម្ពុជា បាន​នាំ​ជោគជ័យ​ដ៏​ធំធេង ជូន​ប្រទេសជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​៣ និង​សំរឹទ្ធ​២ ពី​ការប្រកួត​ជើងឯក​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ អត្ត​ព​លិ​ក​កម្ពុជា បាន​នាំយក​មេដាយ និង​ពាន​ជ័យលាភី​កម្រិត​អាស៊ី មក​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែធ្នូ ។



​គេ​សង្កេតឃើញ​ភាពជោគជ័យ​ដ៏​អស្ចារ្យ​លើក​នេះ មានការ​រួមចំណែក​ដ៏​ធំធេង ពី​សំណាក់​ក្រុម​កីឡាករ​យុវជន​ថ្នាល និង​ក្រុម​ជើងចាស់ រួមជាមួយ​ម្ចាស់​មេដាយមាស ខណៈ​កីឡាការិនី កែ ឡេង ដែល​ទើប​ដណ្តើមបាន​មេដាយមាស​ពិភពលោក កាលពីពេល​ថ្មីៗ មិន​ទទួលបាន​មេដាយ​ឡើយ​។  

​បើ​យោងតាម​លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​ប្រធាន​ប្រតិភូមេដាយមាស​ទាំង​៣ របស់​កម្ពុជា រកបាន​ដោយ​កីឡាករ ឃួន លី​ហ៊ លើ​វិញ្ញ​សា​វាយយក​ពិន្ទុ បន្ទាប់​រូបគេ​បាន​ចាប់ដៃគ្នា​ជាមួយ​កីឡាករ កុយ សុភ​ក្ត្រា កៅ ភក្តី និង ភាព វ៉ា​ឃីម រកបាន​មួយទៀត​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​យុវជន និង​មួយទៀត​រកបាន​លើ​វិញ្ញាសា​៣​នាក់ ទល់​៣​នាក់​ក្រុម​ធំ ដែល​ជាការ​ចាប់ដៃគ្នា រវាង​កីឡាករ សុខ ចាន់​មាន យ៉ា ច័ន្ទ​ដា​រា​រិ​ទ្ធ យឹម សុ​ភ័​ណ្ឌ និង ថោង ឈឿន​។ ចំណែក​មេដាយ​សំរឹទ្ធ​ទាំងពីរ រកបាន​លើ​វិញ្ញាសា​វាយយក​ពិន្ទុ ដោយ​កីឡាករ សុខ ចាន់​មាន និង​កីឡាការិនី អ៊ុក ស្រីមុំ​។ 



​សម្រាប់​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​អាស៊ី 1st Asian Petanque ChampionShip ដែល​រៀបចំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី ចំនួន​១២​រូប ឲ្យ​ចូលរួម​។ ក្នុងនោះ​មាន​កីឡាករ សុខ ចាន់​មាន​, យ៉ា ច័ន្ទ​ដា​រា​រិ​ទ្ធ​, យឹម សុ​ភ័​ណ្ឌ​, ថោង ឈឿន​, ឃួន លី​ហ៊​, កុយ សុភ​ក្ត្រា​, កៅ ភក្តី និង ភាព វ៉ា​ឃីម​, កីឡាការិនី កែ ឡេង​, អ៊ុក ស្រីមុំ​, អ៊ុន ស្រី​យ៉ា និង ដួង ឌី​ណា​៕  


Tag:
 ប៉េតង់​
  ប៉េតង់​ជើងឯក​អាស៊ី​
  សុខ ចាន់​មាន​
  អ៊ុក ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com