កីឡាជាតិ
ជាតិ
គ្រូបង្វឹក​ក្រុម​វៀតណាម​៖ ការលេង​ពឹង​ផ្អែកលើ​សមត្ថភាព​កីឡាករ​ម្នាក់ៗ​នាំ​ឲ្យ​បឹងកេត​បរាជ័យ​
14, Dec 2017 , 2:49 pm        
រូបភាព
ដោយ:
​ក្រុម​បឹងកេត​បាន​បាត់បង់​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club 2017 ក្រោយ​ចាញ់​ក្រុម Sann Khanh Hoa ក្នុង​លទ្ធផល ៥-១ នា​ការប្រកួត​ជើង​ទី​២​នៅ​យប់​ថ្ងៃទី​១៣ ខែធ្នូ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រើ​ទម្រង់​លេង​ផ្តោតលើ​សមត្ថភាព​កីឡាករ​ម្នាក់ៗ​ដោយ​ខ្វះ​ការសហការ​ជា​ក្រុម​ជា​កត្តា​ធ្វើ​ឲ្យ​បឹងកេត​បរាជ័យ​។ តែ​គ្រូបង្វឹក​ក្រុម​បឹងកេត​ថា ការបរាជ័យ​នេះ​បណ្តាលមកពី​ការរៀបចំ​មិន​បាល​ល្អ​។​



​ការសិក្សា​ពី​ទម្រង់​លេង​គូប្រជែង​បានច្បាស់លាស់ និង​ការលេង​សហការ​ជា​ក្រុម​ជា​ចលករ​ជួយ​ឲ្យ​ក្រុម Sann Khanh Hoa យកឈ្នះ​ក្រុម​បឹងកេត ៥-១ នា​ការប្រកួត​ជើង​ទី​២ ដើម្បី​ឡើងទៅ​ជួប​ក្រុម Lao Toyota ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship 2017​។ ម្យ៉ាងទៀត ការខ្វះ​សហការ​ជា​ក្រុម​ហើយ​ផ្តោតលើ​សមត្ថភាព​កីឡាករ​ម្នាក់ៗ​ក៏​ជា​កត្តា​នាំ​ឲ្យ​បឹងកេត​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​នៅលើ​ទឹកដី​នា​ពហុ​កីឡដ្ឋាន​ជាតិ​ផងដែរ​។



«​មុន​ការប្រកួត​មកដល់​ខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ​យ៉ាងច្រើន​ពី​ទម្រង់​លេង​របស់​បឹងកេត​ទើប​ធ្វើ​ឲ្យ​យើង​មាន​កំហុស​តិចតួច​បំផុត​សម្រាប់​ជំនួប​ជើង​ទី​២ ហើយ​ការសិក្សា​នេះ​ធ្វើ​ឲ្យ​យើង​ដឹង​ច្បាស់​ពី​ទម្រង់​របស់​ក្រុម​នេះ​ថែម​ទៀតផង​»​។ នេះ​ការលើកឡើង​របស់​គ្រូបង្វឹក​ក្រុម Sann Khanh Hoa លោក Vo Dinh Tan ក្រោយ​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​បឹងកេត​។

​លោក​បាន​បន្ថែមថា​៖«​ខ្ញុំ​មើលឃើញថា​បឹងកេត​ប្រើប្រាស់​ទម្រង់​លេង​ផ្តោតលើ​សមត្ថភាព​កីឡាករ​ម្នាក់ៗ​ដោយ​ខ្វះ​ការសហការ​ជា​ក្រុម នេះ​ជា​ចំណុចខ្សោយ ចំណែក​ក្រុម​យើង​លេង​សហការ​ជា​ក្រុម​បានល្អ​ដែល​នាំ​ឲ្យ​យើង​ជោគជ័យ​នៅពេលនេះ​»​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ បានចាត់ទុក​ជ័យជម្នះ​ដ៏​ធំធេង​លើក​នេះ​ក៏​ជា​សំណាង​របស់​ក្រុម​លោក​ផងដែរ​។​

​ផ្ទុយទៅវិញ​គ្រូបង្វឹក​ក្រុម​បឹងកេត​លោក ហៅ សុជាតិ បានចាត់ទុក​ការបរាជ័យ​មុខ​ទស្សនិកជន​ជាង​២​ម៉ឺន​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ គឺ​បណ្តាលមកពី​ការរៀបចំ​មិនបាន​ល្អ​។ ការមិនអាច​សម្រេច​គ្រាប់​បាល់​១១​ម៉ែត្រ​របស់​កីឡាករ Maycon និង​ការទទួលបាន​កាត​ក្រហម​របស់ សុខ សុវណ្ណ​រិទ្ធី ក្រោយ​ទទួលបាន​កាត​លឿង​ពីរលើក​ត្រូវបាន​លោក ហៅ សុជាតិ ចាត់ទុកជា​កត្តា​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត និង​បែក​អារម្មណ៍​នៅ​ចុង​វគ្គ​ទី​២​។



​ម្យ៉ាងទៀត​អាចនិយាយបាន​ថា ជា​ថ្ងៃ​ស៊យ​របស់​ក្រុម​បឹងកេត ព្រោះ​ក្នុង​ការប្រកួត​នេះ​ក្រៅពី​បញ្ហា​ធំៗ​ទាំងពីរ​ខាងលើ​បឹងកេត​ក៏​ជួប​បញ្ហា​មួយចំនួនទៀត​ផងដែរ​ដូចជា​អ្នកចាំទី​ដៃ​ទី​១​កីឡាករ ស៊ូ យ៉ា​ទី ត្រូវ​កីឡាករ​របស់​វៀតណាម​ទាត់​ឲ្យ​មាន​របួស​ចង្កេះ​ពេល​ចូល​ជួយសង្គ្រោះ​បាល់​រហូត​ចូល​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្រ​។ មួយវិញទៀត​កីឡាករ ចាន់ វឌ្ឍនាកា​, Gbenga, ឃួន ឡា​បូ​រ៉ាវី ខកខាន​ឱកាស​ក្នុងការ​សម្រេច​ឱកាស​មាស​រៀងៗ​ខ្លួន​។​

​តាមរយៈ​លទ្ធផល​ស្មើ ៤-៤ ក្នុង​ជើង​ទី​១​នៅលើ​ទឹកដី​វៀតណាម និង​ចាញ់ ៥-១ នៅ​លើដី​របស់ខ្លួន​នា​ពហុ​កីឡដ្ឋាន​ជាតិ​នាំ​ឲ្យ​បឹងកេត​បាត់បង់​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ក្រុម Lao Toyota កំពុង​រងចាំ​។ លទ្ធផល​នេះ​នាំ​ឲ្យ​បឹងកេត​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​ជាមួយ​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​។ ចំណែក​ក្រុម Sann Khanh Hoa ក្រោយ​យកឈ្នះ​បឹងកេត​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៩-៥ ត្រូវ​ឡើងទៅ​ជួប​ក្រុម Lao Toyota ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះ​៕ 











Tag:
 Toyota Mekong Club 2017
  ហៅ សុជាតិ​
  Vo Dinh Tan
© រក្សាសិទ្ធិដោយ thmeythmey.com