ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​សម្រេច​បន្ថយ​-​ដំឡើង ពន្ធអាករ​លើ​មុខទំនិញ​មួយចំនួន​
15, Dec 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ​កែសម្រួល​អត្រាពន្ធអាករ​ចំពោះ​មុខទំនិញ​មួយចំនួន ដែល​នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១​ខែមករា​ឆ្នាំ​២០១៨ ខាងមុខនេះ​។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃទី​១៤​ខែធ្នូ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ដែល​ស្រង់​យក​ការកែសម្រួល​សំខាន់ៗ​ក្នុង​អនុក្រឹត្យ​នេះ​។​



​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ រដ្ឋាភិបាល​បានសម្រេច​ដំឡើង​អត្រា​អាករ​ពិសេស​ពី ៦៥​ភាគរយ ទៅ ៧០​ភាគរយ សម្រាប់​ប្រភេទ​រថយន្ត​គ្រួសារ​ប្រើ​ចំហេះ​ឥន្ធនៈ​សុទ្ធ ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ៣០០០ CC  និង​ដំឡើង​ពី ០ ទៅ​៥​ភាគរយ ចំពោះ​ស៊ីម៉ង់ត៍​។​

​ព្រម​គ្នា​នេះ រដ្ឋាភិបាល​បាន​បញ្ចុះ​អាករ​ពិសេស​ពី ៤៥​ភាគរយ មក ២០​ភាគរយ ចំពោះ​នាវា​កម្សាន្ត និង​ពី ១០​ភាគរយ មក ៥​ភាគរយ​ចំពោះ​ទូរ​សព្ទ​។
​អត្រាពន្ធ​នាំចូល រដ្ឋាភិបាល​ក៏បាន​បញ្ចុះ​ពី ១៥​ភាគរយ មក ៧​ភាគរយ​ចំពោះ​សត្វ​រស់ ត្រី​/​សត្វ​រស់ក្នុង​ទឹក ទឹកដោះគោ​រាវ​និង​ម្សៅ​ទឹកដោះគោ និង​ម្សៅ​ស្រូវ​សាលី​។ ត្រូវបាន​បញ្ចុះ​ពី ៣៥​ភាគរយ មក ១៥​ភាគរយ​ចំពោះ​សាច់សត្វ សាច់​ត្រី និង​សាច់សត្វ​ក្នុង​ទឹក និង​ពី ១៥​ភាគរយ មក ០​ភាគរយ​ចំពោះ​ឧបករណ៍​មេកានិច​បាញ់​ព្រួស សម្រាប់​កសិកម្ម​។​

​ជាមួយគ្នានេះ រដ្ឋាភិបាល​ក៏បាន​ដំឡើង​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ ខ្សាច់ ឈើ ថ្ម​ម៉ាប និង​ថ្ម​ក្រា​នី​ត​៕


Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com