ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន លើកទឹកចិត្តសហភាពអឺរ៉ុប បង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនព្រួយបារម្ភចំពោះការអំពាវនាវរបស់ក្រុមសមាជិកសភានៃសហភាពអឺរ៉ុប ដែលទាមទារឲ្យមានការរឹតបន្តឹងទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិជាលក្ខណៈឯកជនរបស់មន្ត្រីកម្ពុជាឡើយ។ សម្ដេច ហ៊ុន សែន ចាត់ទុកការអំពាវនាវនេះ គ្មានឥទ្ធិពលអ្វីដល់រដ្ឋាភិបាលសហភាពអឺរ៉ុប ក្នុងការដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជាទេ។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលបានពន្យល់ថា បើទោះជាក្រុមសមាជិកសភានៃសហភាពអឺរ៉ុបលើកឡើងបែបណាក្តី ប៉ុន្តែការសម្រេចចិត្តអនុវត្តអ្វីមួយមកលើកម្ពុជានោះ គឺអាស្រ័យលើរដ្ឋាភិបាលសហភាពអឺរ៉ុបប៉ុណ្ណោះ។
បន្ថែមពីការលើកឡើងនេះ សម្ដេច ហ៊ុន សែន ក៏បានថ្លែងសម្តីបែបផ្លែផ្កា លើកទឹកចិត្តឲ្យសហភាពអឺរ៉ុបបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាលណា ដែលយកប្រាក់ទៅផ្ញើទុកក្នុងធនាគាអឺរ៉ុបផងដែរ។ ប្រមុខរដ្ឋាភិបាល ក៏មិនខ្វល់ពីរឿងរឹតបន្តឹងទិដ្ឋាការមន្ត្រីកម្ពុជាផងដែរ។ សម្ដេចថ្លែងបែបនេះ ក្នុងពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាសក្នុងការប្រកួត Sea Games លើកទី២៩ និងការប្រកួតជើងឯកគ្រប់កម្រិតជាលក្ខណៈអន្តរជាតិ។
ក្រុមសមាជិកសភានៃសហភាពអឺរ៉ុបនេះបានអំពាវនាវដល់ សេវាកម្មកិច្ចការក្រៅប្រទេសនៃសហភាពអឺរ៉ុប (European External Action Services) ឲ្យរឹតបន្តឹងទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមន្ត្រីរបស់កម្ពុជាដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ។ ការអំពាវនាវត្រូវបានធ្វើឡើងនៅក្នុងសេចក្តីស្នើមួយនាថ្ងៃទី១៣ខែធ្នូកន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com