អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ការទូត​ចិន​៖ កិច្ចការ​សហប្រតិបត្តិ​ការឡាន​ឆាង​-​មេគង្គ​ដូចជា​ក្មេង​តូច តែ​រត់លឿន​
16, Dec 2017 , 9:19 am        
រូបភាព
​ខេត្ត​យូ​ណាន​៖ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ (LMC) ដែល​ផ្ដួចផ្ដើម​ដោយ​ចិន ប្រៀប ដូច ជា​កូនក្មេង​មួយ ព្រោះ​មាន​អាយុ​មិនបាន​ពីរ​ឆ្នាំ​ទេ​។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី និយាយថា ទោះជា​គំនិត​ផ្ដួចផ្ដើម​នេះ​ទើប​កើតឡើង​មែន តែ​រត់​បាន​លឿន ព្រោះ​សមាជិក​ទាំង​៦​ប្រទេស សម្រេចបាន​លទ្ធផល​ជាច្រើន​នាពេល​កន្លងមក​។ គម្រោង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ត្រូវបាន​អនុវត្ត និង​ច្រើន​ទៀត​ស្ថិតក្នុង​ដំណើការ​។​

 
​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​សមាជិក​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ បានបញ្ចប់​ជំនួប​ពិភាក្សា​លើក​ទី​បី​របស់ខ្លួន​ហើយ​។ រដ្ឋមន្ត្រីការបរទេស​ការ​ចិន​លោក វ៉ាង យី និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ ដែល​រៀបចំ​នៅ​ទីក្រុង​តា​លី ខេត្ត​យូ​ណាន នៅ​ថ្ងៃទី​១៥ ខែធ្នូ​។ រដ្ឋមន្ត្រីការបរទេស​ទាំង​៦​ប្រទេស​បាន​ពិភាក្សា​លើ​លទ្ធផល​កន្លងមក និង​ជជែក​លើ​គម្រោង​មួយចំនួន ត្រៀម​បញ្ជូនទៅ​ឲ្យ​មេដឹកនាំ​ប្រទេស​អនុម័ត​ក្នុង​កិច្ចប្រជុំ​ឆ្នាំ​២០១៨ ។​
 
​បើតាម​សហប្រធាន​កិច្ចប្រជុំ​ទាំងពីរ រដ្ឋមន្ត្រីការបរទេស​ទាំង​៦​ប្រទេស បាន​ឯកភាពគ្នា​លើ​របៀបរ​វារៈ​ជាច្រើន ខណៈ​ខ្លះទៀត​ស្ថិតក្នុង​ដំណាក់កាល​បញ្ច​ប់ មុននឹង​បញ្ជូនទៅ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ទាំងអស់​សម្រេច​ក្នុង​កិច្ចប្រជុំ​លើក​ទី​ពីរ នៅ​ភ្នំពេញ​។ ដោយឡែក​ប្រមុខ​ការទូត​ទាំងអស់​ក៏បាន​យល់ព្រម​ជា​គោល​ល​ការណ៍​លើ​ផែនការ​សកម្មភាព​៥​ឆ្នាំ និង​គម្រោង​រួមគ្នា​ដំណាក់កាល​ទី​ពីរ​ដែរ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​អនុតំបន់​នេះ​។  
 
​ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​និយាយថា យន្តការ LMC ជា​កិច្ចសហប្រតិបត្តិការ​អនុតំបន់​ថ្មី ដែល​លេច​ជា​រូបរាង​ក្នុង​ឆ្នាំ​២០១៥ ក្នង​គោលដៅ​ដោះស្រាយ​បញ្ហា​មួយ​ក្នុងចំណោម​ប្រទេស​៦ គឺ​ចិន កម្ពុជា ឡាវ ថៃ មី​យ៉ាន់​ម៉ា និង​វៀតណាម និង​ផ្អែកលើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ​រួមគ្នា​ដោយ​ស្មើភាព​។ ដ្បិត​ជា​អង្គការ​អនុតំបន់​ថ្មី​មួយ លោក វ៉ាង យី អះអាងថា សមាជិក LMC សម្រេចបាន​សមិទ្ធផល​ជាច្រើន និង​មិនមែនជា​វេទិកា​តុ​កាហ្វេ​ឡើយ​។  
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៥ ខែធ្នូ លោក វ៉ាង យី ដែល​ឈរ​អមដោយ​លោក ប្រាក់ សុខុន លើកឡើងថា កិច្ចសហប្រតិបត្តិការ LMC គឺជា​គ្រឿងចក្រ ដែល​រុលទៅមុខ ហើយ​អាច​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាជន​ក្នុងប្រទេស​ទាំង​៦ ក៏ដូចជា​តំបន់​អាស៊ាន​ដែរ​។ នេះ​ក៏​ព្រោះតែ​យន្តការ​នេះ​អាច​ចូលខ្លួន​ក្នុងការ​កសាង​ហគ​មន៍​អាស៊ាន និង​អាច​ដើរតួ​បំពេញបន្ថែម​ចន្លោះប្រហោង​ក្នុង​ទំនាក់ទំនង​ចិន និង​អាស៊ាន​ទៀតផង​។​
 
​ជាមួយគ្នា​នោះ ប្រមុខ​ការទូត​កម្ពុជា​លោក ប្រាក់ សុខុន ក៏​បង្ហាញ​ការយល់​ស្រដៀង​សម​ភាគី​ចិន​ដែរ ដោយបាន​និយាយថា យន្តការ LMC មិន​ដូច​យន្តការ​ផ្សេង​ឡើយ​។ ទាក់ទង​លទ្ធផល​កិច្ចប្រជុំ លោក​បញ្ជាក់ថា សមាជិក​ទាំងអស់​បាន​ពិភាក្សា​លើ​ការបង្កើត​លេខាធិការដ្ឋាន LMC នៅតាម​ប្រទេស​នីមួយៗ ព្រោះ​មកទល់ពេលនេះ​ចិន​បង្កើត​លេខាធិការដ្ឋាន​របស់ខ្លួន​រួចហើយ​។ ក្រៅពីនោះ គម្រោង​ប្រព័ន្ធ​ទូរ​សព្ទ Hotline និង​ការបង្កើត​ក្រុមការងារ​តាម​វិស័យ​អាទិភាព ក៏ត្រូវ​បាន​ជជែក​ដែរ​៕  
 
  

Tag:
 ​ចិន​
  3thLMC
  មេគង្គឡាន-ឆាង
© រក្សាសិទ្ធិដោយ thmeythmey.com