អន្តរជាតិ
កសិកម្ម​នៅ​ប្រទេស​មេគង្គ​នៅមានកម្រិត តែ​បច្ចេកវិទ្យា​កសិកម្ម​រីកចម្រើន
16, Dec 2017 , 11:39 am        
រូបភាព
​ប៉េកាំង​៖ ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​ទាំង​៦ នៅតាម​ដង​ទន្លេមេគង្គ មិនមាន​តុល្យភាព​គ្នា​ឡើយ​។ នេះ​ជាការ​មើលឃើញ​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ចិន ប៉ុន្តែ​ចិន​ក៏​មើលឃើញ​ពី​ការរីកចម្រើន​នៅលើ​វិស័យ​នេះដែរ និង​បាន​បញ្ចេញ​ថវិកា​ដើម្បី​ជួយ​ជំរុញ​វិស័យ​ដ៏​សំខាន់​នេះ​នៅក្នុង​ប្រទេស​ចំនួន​៥​ផ្សេង​ទៀតផង​។



​កសិកម្ម គឺជា​វិស័យ​សំខាន់​មួយ​ក្នុងចំណោម​វិស័យ​សំខាន់​ចំនួន​៥ នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (Lancang-Mekong Cooperation) ដែលមាន​ប្រទេស​ចំនួន​៦ គឺ​ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​។ ប៉ុន្តែ ការអភិវឌ្ឍ​វិស័យ​សំខាន់​នេះ​ក្នុងចំណោម​ប្រទេស​ទាំង​៦ មិន​ដូចគ្នា​ឡើយ ហើយ​ភាគច្រើន​នៅមានកម្រិត​នៅឡើយ ដែល​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​ទាំងអស់​។

​លោក Zhang Lubiao អគ្គនាយករង​ទំនាក់ទំនង​កិច្ចការ​អន្តរជាតិ​នៃ​ក្រសួងកសិកម្ម​ចិន និយាយថា វិស័យ​កសិកម្ម​នៅ​ប្រទេស LMC ស្ថិតនៅ​ដំណាក់កាល​ក្មេងខ្ចី​នៅឡើយ ដែល​តម្រូវ​ឲ្យ​ភាគី​ទាំងអស់​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ជំរុញ​វិស័យ​មួយ​នេះ​។ ចំពោះមុខ​អ្នកសារព័ត៌មាន​មកពី​ប្រទេស​ទាំង​៦ នៅ​ថ្ងៃទី​១៣ ខែធ្នូ លោក Zhang បញ្ជាក់ថា បញ្ហាសំខាន់​នៅ​ចិន និង​នៅ​ប្រទេស​៥​ទៀត គឺ​វិស័យ​កសិកម្ម​មិនទាន់​បញ្ចេញ​សក្តានុពល​របស់ខ្លួន​។​

​យ៉ាងណាមិញ មន្ត្រី​ចិន​រូបនេះ​ក៏​អះអាង​ដែរ​ថា ក្នុង​រយៈពេល​២​ឆ្នាំ​ចាប់តាំងពី LMC លេច​ជា​រូប​រាងមក ប្រទេស​ទាំងអស់​ក៏​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ច្រើន​ក្នុង​វិស័យ​កសិកម្ម​។ សមាជិក​ទាំង​៦ បាន​បង្កើត​ក្រុមការងារ​រួមគ្នា ដែល​បាន​ប្រជុំ​លើកទីមួយ​នៅ​ទីក្រុង​ណាន​នី​ង ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា​។ លើសពីនោះ ប្រទេស​ទាំងអស់​ក៏បាន​ផ្ដោត​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​អភិវឌ្ឍ​កសិកម្ម​។ 

​ទន្ទឹមគ្នានេះ រដ្ឋាភិបាល​ចិន​ក៏បាន​សន្យា​បញ្ចេញ​ទឹកប្រាក់​ចំនួន ១៣,៧៨ លាន​យ័ន​ជាង ២​លាន​ដុល្លារ ជា​មូលនិធិ​ពិសេស​របស់ LMC ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម​នេះ​។ នេះ​បើតាម​សម្ដី​របស់លោក Zhang Lu Biao ដែល​បន្តថា ក្រុង​ប៉េកាំង​ក៏​ស្នើ​ឲ្យ​ប្រទេស​៥​ទៀត​ពង្រឹង​ការសម្របសម្រួល​នយោបាយ ពង្រីក​ការផ្លាស់ប្ដូរ និង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម ក៏ដូចជា​លើកទឹកចិត្ត​ឲ្យ​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​កសិកម្ម​ផង​។​

​សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ច​សហ​ប្រតិការ​ប​ត្តិ​ការ​មេគង្គ​-​ឡាន​ឆាង នឹង​ជួបប្រជុំគ្នា​ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៦ ខែធ្នូ ក្នុង​ទីក្រុង​តា​លី ខេត្ត​យូ​ណាន​។ រដ្ឋមន្ត្រីការបរទេស​ចិន កម្ពុជា ថៃ ឡាវ វៀតណាម និង​អនុរដ្ឋមន្ត្រី​ការបរទេស​មី​យ៉ាន់​ម៉ា នឹងចូលរួម​កិច្ចពិភាក្សា​លើក​ទី​៣ ឆ្នាំ​២០១៧ នេះ​។ ប្រមុខ​ការទូត​ចិន វ៉ាង យី និង​សម​ភាគី​កម្ពុជា ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន​ជំនួប​លើក​នេះ ដែល​នឹងមាន​ការត្រួតពិនិត្យ​លើ​លទ្ធផល​ការងារ​កន្លងមក និង​យុទ្ធសាស្ត្រ​ឆ្នាំ​ខាងមុខ​៕     


Tag:
 ចិន​
  3thLMC
© រក្សាសិទ្ធិដោយ thmeythmey.com