ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ហូ សា​វិញ ចំណាយពេល ២០​ឆ្នាំ​អភិរក្ស​ក្បាច់​ប្រាសាទខ្មែរ និង​ចង់ឃើញ​កូនចៅ​ខ្លួន​បន្តការងារ​អភិរក្ស​នេះ​
16, Dec 2017 , 12:41 pm        
រូបភាព
សៀមរាប៖ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ទ្រាំង ឃុំ​ស្លរ​ក្រាម ខេត្តសៀមរាប លោក ហូ សា​វិញ វ័យ ៥០​ឆ្នាំ​បាន​បម្រើ​ការងារ​ក្នុង​គម្រោង​អភិរក្ស​អាល្លឺម៉ង់​-​អប្សរា (German-Apsara Conservation Project)​ដែល​ផ្តោត​សំខាន់​លើ​ជួសជុល និង​ថែទាំ​ថ្ម​និង​ចម្លាក់​ក្នុង​តំបន់​អង្គរ តាំងពី​ឆ្នាំ​១៩៩៧ មកម្ល៉េះ​។ លោក សា​វិញ មិន​ដែលមាន​អារម្មណ៍​ថា​ធុញទ្រាន់ ឬ​ចង់​ឈប់​ធ្វើ​ការងារ​នេះឡើយ​។ អ្វីដែល​សំខាន់ កូនប្រុស​លោកពូ ពីរ​នាក់​ក៏​កំពុង​ចូលរួម​ក្នុង​គម្រោង​អភិរក្ស​នេះដែរ​។ ក្នុងនាម​ជា​អ្នក​អភិរក្ស លោកពូ ក៏​សង្ឃឹមថា​មាន​កូនចៅ​ជំនាន់​ក្រោយ​បន្ត​ស្នងការ​ងារ​នេះ​ដើម្បី​រក្សា​មរតក​វប្បធម៌​ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះ​ឲ្យ​គង់វង្ស​ជា​រៀង​ដរាប​ដែរ​។



​លោកពូ ហូ សា​វិញ ស្ថិតក្នុង​ចំណោម​អ្នក​អ​ភ​រិ​ក្ស​ចំនួន​បីនាក់​ដំបូង​ដែល​ត្រូវបាន​បណ្តុះបណ្តាល​ដោយ​គម្រោង​អភិរក្ស​អាល្លឺម៉ង់ អប្សរា នៅក្នុង​គម្រោង​អាល្លឺម៉ង់​-​អប្សរា (GACP)  ដែល​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​ដើម្បី​ថែទាំ និង​ជួសជុល​ថ្ម និង​ក្បាច់​នៅ​រមណីយដ្ឋាន​អង្គរ​ឆ្នាំ ១៩៩៧​មក​។ បើ​គិត​មកដល់​បច្ចុប្បន្ន វា​មាន​រយៈពេល ២០​ឆ្នាំ ហើយ​។

​លោក ពូ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោកពូ​បាន​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស​ថ្ម​ប្រាសាទបុរាណ​ដំបូង​ឡើយ​តាំងពី​ឆ្នាំ ១៩៩៣ ជាមួយ​មូលនិធិ​ហុង​គ្រី​នៅ​ប្រាសាទបាគង មុន​ចូលរួម​ជាមួយ​ក្រុម​អ្នកជំនាញ​អ​ភ​រិ​ក្ស​អាល្លឺម៉ង់​ឆ្នាំ ១៩៩៧​។​

​សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក សៅ ផល​និស្ស័យ អ្នកសារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក ហូ សា​វិញ អ្នក​អភិរក្ស​នៃ​គម្រោង​អភិរក្ស​អាល្លឺម៉ង់ អប្សរា​៖

*


​ដោយសារ​ទឹកចិត្ត​ស្រលាញ់ និង​ពេញចិត្ត​ជួយ​ថែទាំ និង​អភិរក្ស​ថ្ម​ប្រាសាទ​តំបន់​អង្គរ លោកពូ ហូ សា​វិញ មាន​ឆន្ទៈ​បន្តធ្វើ​ការងារ​នេះ​រហូតដល់​ខ្លួន​ចាស់​លែង​ធ្វើ​ការកើត ហើយ​លោកពូ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កូនចៅ​លោកពូ​នៅ​ជំនាន់​ក្រោយ​នឹង​បន្តវេន​ចូលរួម​ក្នុង​កិច្ចការ​នេះ​ទៅមុខទៀត​។ បច្ចុប្បន្ននេះ កូនប្រុស​ពី​នាក់​របស់​លោកពូ សា​វិញ ក៏​ស្ថិតនៅ​ក្នុងចំណោម​ក្រុម​អ្នក​អភិរក្ស​ដែល​បម្រើ​ការងារ​ក្នុង​គម្រោង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង​ផងដែរ​។



​លោកពូ សា​វិញ បាន​អះអាង​ដូច្នេះ​៖ «​ពីមុន​ចូលធ្វើការ​ជាមួយ​គម្រោង​អាល្លឺម៉ង់​នេះ ខ្ញុំ​បានធ្វើការ​នៅ​អភិរក្ស​អង្គរ​។ វា​ត្រូវតែ​ចូលចិត្ត​ព្រោះ​វា​ចំ​ជំនាញ​របស់​យើង​។ ខ្ញុំ​មិនដែល​មាន​អារម្មណ៍​ថា​ធុញ​នឹង​ការងារ​ដែល​ធ្វើ​ជាមួយ​ថ្ម​ឡើយ ព្រោះ​ខ្ញុំ​ចូលចិត្ត​វា​។ ខ្ញុំ​មាន​មោទនភាព និង​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស​នេះ​»​។​

​អ្នក​អភិរក្ស​រូបនេះ​បន្តថា​៖ «​ខ្ញុំ​នឹង​បន្តធ្វើ​ការងារ​រហូត​ទាល់តែ​ខ្ញុំ​ចាស់​លែង​ធ្វើ​ការងារ​កើត​។ ខ្ញុំ​ចង់ឃើញ​ក្រុមគ្រួសារ​ខ្ញុំ​ម្នាក់​ឬ​ពីរ​នាក់​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស​នេះ​»​។​

​ពេល​សាកសួរ​ពី​គម្រោង​អភិរក្ស​អាល្លឺម៉ង់​ដែល​ផ្តោត​សំខាន់​លើ​ក្បាច់ចម្លាក់ និង​ថ្ម ដែល​បាន​អនុវត្ត​អស់​រយៈពេល ២០​ឆ្នាំ​មកនេះ លោកពូ សា​វិញ បាន​ឆ្លើយតប​ដូច្នេះ​ថា​៖ «​គម្រោង​នេះ​មិនធំ​ដុំ​ដូច​គម្រោង​ផ្សេង​ដូច​បារាំង​ទេ ព្រោះ​យើង​អភិរក្ស​លើ​តែ​ក្បាច់ចម្លាក់​។ ប៉ុន្តែ​បើ​យើង​គិត​ឲ្យ​ដិតដល់​ទៅ ទោះបី​វា​តូច​ជាងគេ ប៉ុន្តែ​វា​សំខាន់​ជាងគេ ព្រោះ​អង្គការ​ដទៃ​មិន​ចាប់អារម្មណ៍​ពី​បញ្ហា​នេះ​ទេ​»​។ 


 
​យ៉ាងណាមិញ​ក្នុងនាម​ជា​អ​ភ​រិ​ក្ស​មួយ​រូបលោក ពូ ក៏​បារម្ភ​ក្រែង​នៅពេល​ខាងមុខ វា​នឹងមាន​លែងមាន​គម្រោង​ផ្តោត​សំខាន់​លើ​ថ្ម និង​ចម្លាក់​ដូច​គម្រោង​អាល្លឺម៉ង់​នេះ​ទៀត​។ 

«​អនាគត​ទៅ​បើសិន​គ្មាន​គម្រោង​អភិរក្ស​ដូច​គម្រោង​អាល្លឺម៉ង់​កំពុង​ធ្វើ​នេះ​ទេ ប្រាសាទ​យើង​លែងមាន​ក្បាច់ក្បូរ​តែម្តង ជាពិសេស​ក្បាច់​ដែល​ស្ថិតនៅ​ខាងក្រៅ​តែម្តង​។ នេះ​ជា​បញ្ហា​ធំ​ណាស់​»​។ លោកពូ  សា​វិញ បាន​សង្កត់ធ្ងន់​ដូច្នេះ​។​

​សូមបញ្ជាក់ថា   គម្រោង​អភិរក្ស GACP នេះ​ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​កាលពី​ឆ្នាំ ១៩៩៧ និង​ផ្តោត​សំខាន់​ការថែទាំង​និង​អភិរក្ស​ថ្ម​និង​ក្បាច់​ប្រាសាទ ។ គម្រោង​នេះ​បានទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ក្រសួងការបរទេស​អាល្លឺម៉ង់ និង​ត្រូវបាន​ដឹកនាំ​របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត Hans Leisen ដោយ​ទទួលបាន​ការគាំទ្រ​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រអនុវត្តកូឡូញ អាល្លឺម៉ង់ (TH Koeln University of Applied Science)​។  GACP បាន​យកចិត្តទុកដាក់​លើ​ជួយ​បណ្តុះបណ្តាល​អ្នកជំនាញ​ខ្មែរ​ក្នុង​វិស័យ​អភិរក្ស​ដោយ​ផ្តោត​ការបំពាក់​បំប៉ន​ទ្រឹស្តី និង​បច្ចេកទេស​វិទ្យាសាស្ត្រ​ផងដែរ​៕



Tag:
 ហូ សា​វិញ​
  GACP
  សៀមរាប​
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com