ជាតិ
ក្រសួង​វប្បធម៌​នឹង​រៀបចំ​ពិ​ព័រ​ណ៌​គ្រឿងអលង្ការ​សម័យបុរាណ​នៅ​សារមន្ទីរ​ជាតិ​
16, Dec 2017 , 8:39 pm        
រូបភាព
​សៀមរាប​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ពិ​ព័រ​ណ៌​គ្រឿងអលង្ការ​នា​សម័យបុរាណ ដើម្បី​តាំង​បង្ហាញ​ដល់​សាធារណជន​ទស្សនា​។ ពិព័រណ៍​នេះ​គ្រោង​រៀបចំ​នៅ​ដើមខែ មករា ឆ្នាំ​២០១៨ នា​សារមន្ទីរ​ជាតិ​។​



​តាម​ការ​បង្ហើប​ឱ្យដឹងពី​លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ នៃ​ក្រសួង​វប្បធម៌ ពិព័រណ៍​គ្រឿងអលង្ការ​នេះ នឹង​ប្រមូលផ្តុំ​ដោយ​អលង្ការ​ចម្រុះ មាន​ទាំង​អលង្ការ​ធ្វើ​ពី​មាស ប្រាក់ និង​លោក​ហៈ​ធាតុ​ជាដើម​។ ពិព័រណ៍​នេះ មានបំណង​ដើម្បី​តាំង​បង្ហាញ​សម្ភារ​គ្រឿងអលង្ការ ពី​សម័យបុរាណ ជូន​សាធារណជន​បាន​ទស្សនា​។​

​លោក គង់ វីរៈ បញ្ជាក់​ទៅកាន់​អ្នក​សារ​ព័ត​មាន នៅ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​១២ ខែធ្នូ  ពេល​ទទួល​គ្រឿងអលង្ការ យ៉ាង​ដូច្នេះ​ថា​៖« តាមពិតទៅ ពិព័រណ៍​នេះ​មានបំណង បង្ហាញ​អលង្ការ ដែល​បំពាក់​ឱ្យ​ចម្លាក់ ដែល​យើង​ទើប​ទទួលបាន​ពី​អង់គ្លេស តែ​យើង​មិនអាច​តាំងតែ​មួយ​មុខ​បានទេ​ទេ យើង​ត្រូវ​ប្រមូល​អលង្ការ​ផ្សេងទៀត មក​តាំង​បង្ហាញ​ជាមួយគ្នា​»​។​

​តាម​លោក គង់ វីរៈ ដដែល គ្រឿងអលង្ការ​ក្នុង​ពិព័រណ៍ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៤ ខែមករា គឺ​សុទ្ធសឹង​គ្រឿងអលង្ការ​ដែលមាន​ក្នុង​សារមន្ទីរ ក្នុងនោះ​មាន ពិន​ផ្នូ​ង​សក់ ចិ​ញ្ជៀ​ន ក្រវិល ជាដើម ដែលមាន​អាយុកាល​តាំងពី​សម័យ​បុរេប្រវត្តិ រហូតដល់​សម័យអង្គ​រ​។​

​យ៉ាងណាក៏ដោយ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​គ្រឿងអលង្ការ ដែល​គ្រោង​តាំងពិព័រណ៍​នេះ​បាន​នៅឡើយ ព្រោះ​ស្ថិតក្នុង​ការសិក្សា​នៅឡើយ​។ តាម​គម្រោង​របស់​ក្រសួង​វប្បធម៌ ពិព័រណ៍​មាន​រយៈពេល ៣​ខែ ចាប់ពី​ខែមករា តទៅ​៕


Tag:
 ​សារមន្ទីរ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com