អន្តរជាតិ
កុមារា​អាមេរិក​អាយុ​៦​ឆ្នាំ​ម្នាក់ រកបាន​១១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ពី Youtube
16, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ធីតា
​អាយុ​ត្រឹមតែ​៦​ឆ្នាំ​ប៉ុណ្ណោះ កុមារា​អាមេរិក​ឈ្មោះ Ryan ក្លាយជា​មហាសេដ្ឋី ដោយ​រកចំណូលបាន​ដល់​ទៅ​១១​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​ពី​គណនី Youtube របស់ខ្លួន «RyanToysReview»​។ ទស្សនា​វ​ដ្តី Forbes បានបង្ហាញ​ឲ្យ​ឃើញថា Ryan ស្ថិតក្នុង​ចំណាត់​ទី​៨​ក្នុងចំណោម​អ្នក​ដែល​រកបាន​ចំណូល​ខ្ពស់​ជាងគេ​ពី​បណ្តាញ Youtube​។​



​បង្កើតឡើង​កាលពីដើមឆ្នាំ​២០១៥ «RyanToysReview» ជា​គណនី Youtube ដែល​បង្ហាញ​ពី​សកម្មភាព​របស់ Ryan រីករាយ​ជាមួយនឹង​ឧបករណ៍ និង​របស់របរ​ក្មេង​លេង​ប្លែកៗ ដោយមាន​ការចូលរួម​ផងដែរ​ពី​សមាជិកគ្រួសារ​របស់​កុមារា​រូបនេះ​។​

«RyanToysReviews» នាពេល​បច្ចុប្បន្ន មាន​អ្នក Subscribe ជាង​១០​លាន​នាក់ និង​ជាង​១៧​ពាន់​លាន Views​។ នៅក្នុង​វីដេអូ Ryan លេង​ជាមួយ​របស់​លេង​ដូចជា រថយន្ត រថភ្លើង តុក្កតា Thomas, Lego, Superheroes, Disney, Surprise Eggs, Minions ជាដើម ដោយ​ភាគច្រើន​គេ​បាន​លេង​យ៉ាង​រីករាយ​ជាមួយ​គ្រួសារ​។ បើតាម​ការរៀបរាប់​ក្នុង​គណនី Youtube នោះ សម្ភារៈ តុក្កតា ដែល Ryan បានបង្ហាញ​ភាគច្រើន ត្រូវ​ផ្តល់​បន្តទៅ​មូលនិធិ​សប្បុរស​នៅក្នុង​តំបន់​។​



Ryan ជាប់​ចំណាត់ថ្នាក់​ទី​៨​របស់​ទស្សនា​វ​ដ្តី Forbes ក្នុងចំណោម​ម្ចាស់​គណនី Youtube ដែល​រកបាន​ចំណូល​ច្រើនជាងគេ​បំផុត​។ នៅ​បារាំង ម្ចាស់​គណនី ឈ្មោះ Lucas Hocard ហៅ Squeezie រកបាន​ចំណូល​ជាង​៥២ ០០០​ដុល្លារ​ក្នុង​១​ខែ ខណៈ Cyprien បាន​ជាង​៣៤ ០០០ និង Norman បាន​ជាង​១៧ ០០០​ដុល្លារ​ក្នុង​១​ខែ​៕



Tag:
 Youtube
  Ryan
© រក្សាសិទ្ធិដោយ thmeythmey.com