កីឡាជាតិ
ជាតិ
គ្រូបង្វឹក​បឹងកេត​ថា ការ​ចាញ់​វៀតណាម នឹង​ជំរុញ​ឲ្យ​កីឡាករ​ប្រឹង​កាន់តែខ្លាំង ពេល​ប៉ះ​ណាហ្គា​វើ​ល​
17, Dec 2017 , 9:05 am        
រូបភាព
លោក ហៅ សុជាតិ គ្រូបង្វឹកក្រុម​បឹងកេត​និយាយ​​ពេល​ចូលរួម​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួតពានរង្វាន់ Toyota Mekong
លោក ហៅ សុជាតិ គ្រូបង្វឹកក្រុម​បឹងកេត​និយាយ​​ពេល​ចូលរួម​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួតពានរង្វាន់ Toyota Mekong
ដោយ:
​គ្រូបង្វឹក​ក្រុម​បឹងកេត​លោក ហៅ សុជាតិ ជឿជាក់ថា ការ​ចាញ់​ក្រុម Sanna Khanh Hoa ក្នុង​ពានរង្វាន់ Toyota Mekong Club Championship មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដល់​អារម្មណ៍​កីឡាករ ថែមទាំង​ជំរុញ​ឲ្យ​កីឡាករ​មាន​ទឹកចិត្ត​ប្រកួត​កាន់តែខ្លាំង​ពេល​ជួប​ក្រុម​ណាហ្គា​វើ​ល​ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៧ ធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹង​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ស្វាគមន៍​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុ​ជានា​ល្ងាច​នេះ​ផងដែរ​។​



«​ខ្ញុំ​យល់ថា ការ​ចាញ់​ក្រុម​វៀតណាម​ក្នុង​ពាន Toyota វា​នឹង​ជំរុញ​ឲ្យ​កីឡាករ​មាន​ទឹកចិត្ត​ប្រកួត​ខ្លាំង​ពេល​ជួប​ក្រុម​ណាហ្គា​វើ​ល ព្រោះ​យើង​ត្រូវការ​ឈ្នះ​ដើម្បី​ស្តារ​មុខមាត់​ជូន​ក្រុម​ឡើងវិញ​។ ប៉ុន្តែ​យើង​មិនទាន់​ប្រាកដ​កថា អាច​យកឈ្នះ​ណាហ្គា​វើ​ល ឬ​យ៉ាងណា​នោះទេ ព្រោះ​ក្រុម​នេះ​មាន​សមត្ថ​ភាពខ្លាំង និង​មាន​គ្រាប់​បាល់​ចំណេញ​ក្នុង​ដៃ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត​ដែល​ទើប​ធ្លាក់​ចេញពី​ពានរង្វាន់ Toyota Mekong Club Championship 2017 ក្រោយ​ចាញ់​ក្រុម Sanna Khanh Hoa របស់​វៀតណាម​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៩-៥​។

​ក្រុម​បឹងកេត​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ណាហ្គា​វើ​ល​សម្រាប់​ជំនួប​ជើង​ទី​២​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ ខណៈ​ជើង​ទី​១​ក្រុម​នេះ​បាន​ចាញ់​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ១-០​។


សកម្មភាព​​ក្រុមបឹង​​កេតជួបជា​​មួយក្រុម​​ណាហ្គាវើល​​កាលពី​​ពេលកន្លងទៅ​​នៅពហុ​​កីឡដ្ឋាន​​ជាតិ

​ជាមួយគ្នានេះ​គ្រូបង្វឹក​ក្រុម​ណ​ហ្គា​វើ​ល​លោក មាស ចាន់ណា ក៏​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា នឹង​អាច​បន្ត​យកឈ្នះ​បឹងកេត​បាន​ឬ​យ៉ាងណា​នោះដែរ ព្រោះ​បច្ចុប្បន្ន​លោក​កំពុង​ព្រួយបារម្ភ​លើ​អារម្មណ៍​របស់​កីឡាករ ។ «​ការត្រៀមខ្លួន​របស់​យើង​បានល្អ​ហើយ ប៉ុន្តែ​ការបារម្ភ​នៅត្រង់ថា កីឡាករ​យើង​ប្រមូល​អារម្មណ៍​មិនសូវ​បានល្អ​។ ខ្ញុំ​នឹង​ព្យាយាម​អូសទាញ​អារម្មណ៍​ពួកគាត់​ឲ្យ​វិល​មករក​ភាពល្អប្រសើរ​វិញ ខ្ញុំ​ជឿថា អ្វីៗ​នឹង​វិល​មករក​ដូចដើម​»​។ នេះ​ជាការ​បង្ហាញ​ក្តីកង្វល់​និង​ការជឿជាក់​របស់លោក មាស ចាន់ណា​។

​ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ​ក៏មាន​ការប្រកួត​១​គូ​ទៀត​ផងដែរ គឺ​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​និង​អគ្គិសនី​កម្ពុជា នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នា​វេលា​ម៉ោង​៦​ល្ងាន​នេះ​។ សម្រាប់​ការប្រកួត​ជើង​ទី​១​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​តាម​ស្មើ ២-២ ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​ទាំង​លំបាក​។ ការប្រកួត​នៅថ្ងៃនេះ ជាការ​ប្រកួត​កាត់សេចក្តី​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧៕


Tag:
 Hun Sen Cup 2017
  បាល់ទាត់​
  ហៅ សុជាតិ​
  មាស ចាន់ណា​
© រក្សាសិទ្ធិដោយ thmeythmey.com