ជាតិ
ពីនេះ ពីនោះ
«រាជិនី» ជាព្រះអគ្គមហេសីនៃព្រះរាជា រីឯ «រជនី» មានន័យថា យប់
08, Jan 2023 , 7:29 am        
រូបភាព
ពាក្យពីរនេះ អាចធ្វើឲ្យអ្នកអានយល់ច្រឡំពីអត្ថន័យ ប្រសិនបើអ្នកអានមិនយកចិត្តទុកដាក់ខ្លាំង។ តាមពិត រាជនី (ន) មានន័យថា ព្រះអគ្គមហេសីនៃព្រះរាជា រីឯ ពាក្យថា រជនី វិញ គឺមានន័យថា ពេលរាត្រី។ នេះបើតាមការពន្យល់ក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត។



«រាជិនី» មានន័យថា ស្ដេចស្ត្រី; ព្រះអគ្គមហេសីនៃព្រះរាជា។ សម្ដេចព្រះរាជិនី។ ជាមួយគ្នានេះ វចនានុក្រម រំលឹកកុំឲ្យច្រឡំ ជាមួយនឹងពាក្យ «រាជជននី»។  «ជននី» សំដៅលើស្ត្រីអ្នកបង្កើតកូន(មាតា); ច្រើនប្រើជារាជសព្ទ។ ព្រះជននី, សម្ដេចព្រះជននី គឺព្រះមាតានៃក្សត្រទ្រង់រាជ្យ; ច្រើនតែថ្វាយព្រះនាមថាសម្ដេចព្រះវររាជជននី ។

រីឯពាក្យ «រជនី» វិញ កាន់តែមានតែខុសស្រឡះពី «រាជនី»។ រជនី មានន័យថា រាត្រី ( យប់ )។ រជនីករ ព្រះចន្ទ ។ រជនីចរ បិសាចដែលត្រាច់តែក្នុងវេលាយប់, ព្រាយហោះ; ព្រះចន្ទ; ផ្កាយ; ចោរ; អ្នកដើរល្បាតក្នុងវេលាយប់; សត្វដែលចេញរកស៊ីតែក្នុងវេលាយប់ ( សត្វរត្តិចរ ) ។

រជនីជល ទឹកសន្សើម ។ រជនីមុខ ពេលព្រលប់, ក្បាលព្រលប់ ( ពាក្យទាំងនេះសុទ្ធតែសម្រាប់ប្រើក្នុងកាព្យ ) ៕



© រក្សាសិទ្ធិដោយ thmeythmey.com