ជាតិ
សេដ្ឋកិច្ច
ADB ផ្តល់​កម្ចី​៥០​លាន​ដុល្លារ ដើម្បី​ពង្រីក និង​កែលម្អ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​
17, Dec 2017 , 2:39 pm        
រូបភាព
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​កម្ចី​ទំហំ​៥០ លាន​ដុល្លារ ដើម្បី​ជួយ​ពង្រីក និង​កែលម្អ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ក្នុង​ទី​រួម​ខេត្ត​ចំនួន​៤ របស់​កម្ពុជា គឺ​ខេត្តបាត់ដំបង កំពង់ចាម សៀមរាប និង​ខេត្ត​ព្រះសីហនុ​។ កម្ចី នៃ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ថ្នាក់​ខេត្ត​នេះ នឹង​យកទៅ​សង់រោង​ចក្រ​សម្អាត​ទឹក​ចំនួន​២ នៅ ខេត្តបាត់ដំបង និង​នៅ​ខេត្តកំពង់ចាម និង​បណ្តាញ​ចែកចាយ​ថ្មី​ប្រវែង​១៦១ គីឡូម៉ែត្រ​។ សង់រោង​ចក្រ​សម្អាត​ទឹកស្អុយ​ថ្មី​មួយ នៅ​ក្រុង​បាត់ដំបង និង​ពង្រីក​រោងចក្រ​សម្អាត​ទឹកស្អុយ ក្នុង​ក្រុងព្រះសីហនុ ព្រមទាំង​សង់​បណ្តាញ​លូ​ថ្មី​ប្រវែង​៣៧​គីឡូម៉ែត្រ​។ សាងសង់​ប្រព័ន្ធគ្រប់គ្រង​កាកសំណល់​ថ្មី​មួយ នៅក្នុង​ខេត្តកំពង់ចាម  និង​សង់​បណ្តាញ​លូ​ថ្មី​ប្រវែង ៣.៧ គីឡូម៉ែត្រ ក្នុង​ខេត្តសៀមរាប​។



​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បានអនុម័ត​កម្ចី​ទឹកប្រាក់ ៥០ លាន​ដុល្លារ ដើម្បី​ជួយ​ពង្រីក និង​កែលម្អ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ នៅ​ទី​រួម​ខេត្តបាត់ដំបង កំពង់ចាម សៀមរាប និង​ខេត្ត​ព្រះសីហនុ​។ 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB ចេញផ្សាយ​កាលពី​ថ្ងៃទី​១២ ខែធ្នូ បាន​បញ្ជាក់ថា ADB  ក៏​នឹង​គ្រប់គ្រង​ហិរញ្ញប្បទាន​ឥត​សំណង ក្នុង​ទឹកប្រាក់​១០ លាន​ដុល្លារ ពី​មូលនិធិ​ជប៉ុន​សម្រាប់​យន្តការ​ផ្តល់​ឥណទាន​រួម ដែល​ទទួលបាន​មូលនិធិ​ពី​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ជួយផ្តល់​ហិរញ្ញប្បទាន​ដល់​ការសាងសង់​រោងចក្រ​ស​ម្អា​ត​ទឹកស្អុយ សន្សំសំចៃ​ថាមពល​ថ្មី ក្នុង​ខេត្តបាត់ដំបង​ផងដែរ​។ លើសពីនេះ ADB ក៏​នឹង​គ្រប់គ្រង​ហិរញ្ញប្បទាន​កម្ចី​មួយទៀត ក្នុង​ទឹកប្រាក់ ៤០ លាន​អឺរ៉ូ ស្មើនឹង​ជាង ៤៣​លាន​ដុល្លារ ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រទេស​បារាំង​(AFD) ដែល​នឹងចូលរួម​ផ្តល់​ហិរញ្ញប្បទាន ដល់​គម្រោង​ដែល​នឹង​អនុវត្ត​ក្នុង​ទីក្រុង​ទាំង​៤ ។ 

«​ខណៈ​កម្ពុជា​បន្ត​ពង្រីក និង​អភិវឌ្ឍន៍​ទីក្រុង​របស់​ខ្លួន ក្នុង​ល្បឿន​មួយ​ដ៏​លឿន គេ​ចាំបាច់​ត្រូវ​ធានាថា ប្រជាពលរដ្ឋ  អាច​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ដែលមាន​សុវត្ថិភាព និង​អាច​ជឿទុកចិត្ត​បាន ដើម្បី​ទ្រទ្រង់​ដល់​ផលិតភាព និង​ការរស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​កែលម្អ​បរិស្ថាន​ក្នុង​ទីក្រុង​ផងដែរ​»​។ នេះ​ជា​បញ្ជាក់​របស់ លោក Michael White អ្នកឯកទេស​ផ្នែក​អភិវឌ្ឍ​ទីក្រុង នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់ ADB នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែធ្នូ​។ អ្នកឯកទេស​ដដែល បន្តទៀតថា ADB នឹង​សហការ​យ៉ាង​ជិតស្និទ ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ធានា​យ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ អាច​ទទួលបាន​សេវា​ជា​មូលដ្ឋាន​ក្នុង​ទីក្រុង​ទាំងនេះ ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង ដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា​។

​គេ​រំពឹងថា​នៅក្នុង​ឆ្នាំ​២០៣០ ចំនួន​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង នឹង​កើន​ឡើងដល់​ប្រមាណ ៣០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ស្រប​ពេលដែល​តម្រូវកា​រ​សេវា​ជា​មូលដ្ឋាន ដូចជា​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ក្នុង​ទីក្រុង ក៏​កើនឡើង​ដែរ ពិសេស​ទីក្រុង បាត់ដំបង កំពង់ចាម សៀមរាប និង​ព្រះសីហនុ ដែល​គម្រោង​នេះ​នឹងត្រូវ​អនុវត្តន៍ ។

​បើតាម​ប្រកាស​ព័ត៌មាន បច្ចុប្បន្ន ប្រជាជន​ដែល​រស់ក្នុង​ទីក្រុង (​មិន​រាប់បញ្ចូល​ទីក្រុង​ភ្នំពេញ​) មាន​ប្រមាណ​តែ ៤២.២​ភាគរយ​ប៉ុណ្ណោះ  ដែល​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត ហើយ​ប្រមាណ ៨០.២​ភាគរយ ទទួលបាន​សេវា​អនាម័យ​ដែល​ត្រូវបាន​កែលម្អ ក្នុងនោះ​គឺ​តែ ១០.៧​ភាគរយ ប៉ុណ្ណោះ ដែល​ទទួលបាន​សេវា​បង្ហូរទឹក​តាម​ប្រព័ន្ធ​លូ និង​សេវា​សម្អាត​ទឹកស្អុយ​។

​ដូច្នេះហើយ គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ថ្នាក់​ខេត្ត​នេះ នឹង​កែលម្អ​ការផ្គត់ផ្គង់​ទឹក​តាម​បំពង់ ក្នុង​ខេត្តបាត់ដំបង និង​ខេត្តកំពង់ចាម តាមរយៈ​ការសង់​រោងចក្រ​សម្អាត​ទឹក​ចំនួន ២ ដែលមាន​សមត្ថភាព ៦១.៦០០ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ និង​បណ្តាញ​ចែកចាយ​ថ្មី​ដែលមាន​ប្រវែង​សរុប ១៦១ គីឡូម៉ែត្រ​។ គម្រោង​នេះ នឹង​គ្របដណ្តប់​ការផ្គត់ផ្គង់​ទឹកស្អាត​តាម​បំពង់ ដល់​ប្រមាណ​៩០ ភាគរយ នៃ​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង ហើយនឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង ២០​ម៉ឺន​នាក់ បន្ថែមទៀត​។​

​ទាក់ទង​នឹង​ការបង្កើន​សេវា​អនាម័យ​ក្នុង​ទីក្រុង​វិញ គម្រោង​នេះ នឹង​សាងសង់​រោងចក្រ​សម្អាត​ទឹកស្អុយ​ថ្មី​មួយ នៅ​ក្រុង​បាត់ដំបង និង​សង់​ពង្រីក​រោងចក្រ​សម្អាត​ទឹកស្អុយ ក្នុង​ក្រុងព្រះសីហនុ​។ រោងចក្រ​ទាំង​២​នេះ​រួមគ្នា មាន​សមត្ថភាព​សម្អាត​ទឹកស្អុយ ប្រមាណ​៣​ពាន់​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ គម្រោង​នេះ ក៏​ជួយ​សង់​បណ្តាញ​លូ​ថ្មី​ប្រវែង ៣៧​គីឡូម៉ែត្រ បន្ថែមទៀត​ផងដែរ​។ គម្រោង ក៏​នឹង​សង់​ប្រព័ន្ធគ្រប់គ្រង​កាកសំណល់​ថ្មី​មួយ នៅក្នុង​ខេត្តកំពង់ចាម និង​បណ្តាញ​លូ​ថ្មី​ប្រវែង ៣.៧ គីឡូម៉ែត្រ ក្នុង​ខេត្តសៀមរាប ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​កែលម្អ​បរិយាកាស​ក្នុង​ទីក្រុង នៅ​តំបន់​ដែលជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​មួយ​នេះ​។ គម្រោង​នេះ ក៏​នឹងមាន​ការផ្តល់​ការគាំទ្រ ដល់​ការកសាង​សមត្ថភាព​ស្ថាប័ន សម្រាប់​ទីភ្នាក់ងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ​។ 

​គម្រោង​នេះ មាន​ចំណាយ​សរុប​ប្រមាណ ១១៩.១៧​លាន​ដុល្លារ ហើយ​រដ្ឋាភិបាល នឹងចូលរួម​បដិភាគ ១០.៥៤ លាន​ដុល្លារ ខណៈ​កម្មវិធី​វិនិយោគ​អាស៊ី របស់​EU នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៤.៦៧ លាន​អឺរ៉ូ  ស្មើនឹង ៥.០៩​លាន​ដុល្លារ ដែល​នឹងត្រូវ​គ្រប់គ្រង​ដោយ​AFD សម្រាប់​គាំទ្រ​ដល់​វិធានការ​សន្សំសំចៃ​ថាមពល ការ ភ្ជាប់​បណ្តាញ​លូ​តាម​ផ្ទះ​ដោយ​ឥតគិតថ្លៃ និង​ការអភិវឌ្ឍ​សមត្ថភាព​។ គម្រោង​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ ២០២២៕


Tag:
 ADB
 ​ កម្ចី​
 ​ ទឹកស្អាត​
  អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com