បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វីចាស់ៗស្រឡាញ់ចៅ ជាងកូន?
× «ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅមួយថាំង» ជាពាក្យចាស់បុរាណ ប្រើដើម្បីប្រៀបធៀបទំហំនៃក្ដីស្រលាញ់ខុសគ្នា របស់ឪពុកម្ដាយ ចំពោះកូន និងចំពោះចៅ។ ក្តីស្រឡាញ់ទ្វេចំពោះចៅនេះ ពិបាករកពាក្យមកពិព័ណ៌នាណាស់ ប៉ុន្តែ យាយតាមួយចំនួនលើកឡើងមូលហេតុថា ព្រោះតែស្រឡាញ់ចៅ ខ្លួនសុខចិត្តនៅមើលថែទាំង ថ្នាក់ថ្នមចៅដោយផ្ទាល់ អ្នកខ្លះទៀតថា នៅពេលចៅៗនៅជាមួយជួយបំបាត់ភាពអផ្សុក អ្នកខ្លះអះអាងខ្លួនចង់បានចៅឌុបទៅនេះ ទៅនោះ ដូចចាស់ដទៃ។
អ្នកស្រី តាំ មុំ កំពុងតែអង្គុយមើលចៅក្នុងបន្ទប់ជួល មួយនៅរាជធានីភ្នំពេញ ពិតជាទទួលស្គាល់ថា អ្នកស្រីស្រឡាញ់ចៅខ្លាំងជាងកូនៗប្រាកដមែន។ មូលហេតុនេះ ហើយទើបបានអ្នកស្រីសម្រេចមកនៅភ្នំពេញជាមួយកូន ដើម្បីបានមើលថែចៅស្រី ដែលពេលនេះមានអាយុ៣ឆ្នាំដោយផ្ទាល់ដៃ ព្រោះបើទុកចៅឲ្យអ្នកមើលថែមើលខ្លាចគេមិនស្រលាញ់ចៅ និងថ្នាក់ថ្នមដូចខ្លួន។ យកដៃអង្អែលក្បាលចៅដែលអង្គុយលើភ្លៅខ្លួនបណ្តើរ អ្នកស្រីរៀបរាប់ដូច្នេះ៖«កូនស្រលាញ់គឺស្រលាញ់ហើយ តែបើចៅគឺស្រលាញ់លើសកូនទៅទៀត មកពីចៅនៅក្មេង ហើយវាមកប្រកៀកយើងរហូត ចឹងបានជាស្រលាញ់ចៅណាស់ មិនថាតូច មិនថាធំទេ ពេលនៅជិតចៅ គឺសប្បាយចិត្ត»។
ស្ត្រីវ័យ៦២ឆ្នាំរូបនេះ ឆ្លៀតរំលឹកពីអារម្មណ៍របស់ខ្លួន នៅពេលដែលបានដឹងថា នឹងមានចៅនឹងគេឆាប់ ដូច្នេះថា៖«គ្រាន់តែលឺថាកូនខ្ញុំមានទម្ងន់ភ្លាម ខ្ញុំផ្គត់ផ្គង់គេគ្រប់យ៉ាង ហើយមិនឲ្យធ្វើការធ្ងន់ទេ ខ្លាចប៉ះពាល់ដល់ចៅខ្ញុំក្នុងផ្ទៃរបស់គេ។ រំភើបណាស់គ្រាន់តែដឹងថាខ្លួនឯងជិតបានចៅ ព្រោះគិតថាអាយុច្រើន ដូច្នេះចង់បានចៅពរ នឹងគេ។ ឥលូវនេះ បានហើយ»។
ស្រដៀងដែរ អ្នកស្រី ឆន យាំ ក៏បារម្ភខ្លាចថាអ្នកមើលថែ មើលចៅរបស់ខ្លួនមិនល្អដូចខ្លួន ដូច្នេះហើយទើបសុខចិត្តមើលថែចៅប្រុសស្រីដល់ទៅ២នាក់ នៅភ្នំពេញនេះ។ លោកយាយម្នាក់នេះ ប្រាប់សារព័ត៌មានថ្មីៗបន្តថា ៖«មកថែទាំចៅ២នាក់ ដោយសារតែកូនៗត្រូវធ្វើការទាំងប្ដី ទាំងប្រពន្ធ ដូច្នេះខ្ញុំមិនចង់ឲ្យកូនចំណាយច្រើន ម្យ៉ាងខ្លាចគេមិនថែទាំចៅបានល្អដូចខ្លួនផង»។
កំពុងធ្វើម្ហូបបណ្ដើរផង ស្ត្រីវ័យ៥៨ឆ្នាំ ដែលមានចៅសរុបដល់ទៅ១៥នាក់រូបនេះ បញ្ជាក់ថា ក្ដីស្រលាញ់ចំពោះចៅ គឺគ្មានអ្វីមកប្រៀបផ្ទឹមបានទេ។ អ្នកស្រី ឆន យាំ ធ្លាប់បានស្តីបន្ទោសទាំងកូនរបស់ខ្លួន និងកូនប្រសារផង នៅពេលដែលពួកគេវាយចៅសំណព្វរបស់ខ្លួន។
បុរសវ័យ៥៨ឆ្នាំម្នាក់ ក៏កំពុងអន្ទះអន្លែងចង់បានចៅ និងដល់ថ្នាក់ពេលខ្លះចង់ឲ្យកូនស្រីរបស់គាត់រៀបការទៀតផង។ ហេតុផលតែមួយគត់របស់គាត់ គឺគាត់«ចង់បានចៅ» ដូចចាស់ដទៃ។ លោករៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ខ្ញុំចង់ឌុបចៅទៅរៀនដូចគេ រួចមកផឹកកាហ្វេ ហើយដល់ម៉ោងចៅចេញពីរៀន ទៅឌុបយកមកផ្ទះវិញ»។ ការធ្វើបែបនេះ ធ្វើឲ្យជីវិតរបស់លោក កាន់តែមានក្តីសុខ និងមានន័យជាងជីវិតបច្ចុប្បន្ន។
បើទោះមានឃ្លាថា«គ្មានក្ដីស្រលាញ់ណា អាចប្រៀបបានជាមួយទំហំក្ដីស្រលាញ់របស់ឪពុកម្ដាយ» ពិតមែន ប៉ុន្តែទំនងនៅចាញ់ ទំហំក្តីស្រឡាញ់ ពីជីដូន ឬជីតា ចំពោះចៅៗ។ ពាក្យចាស់បុរាណដែលថា «ស្រលាញ់កូនមួយចៅ ស្រលាញ់ចៅមួយថាំង» គឺបានឆ្លុះបង្ហាញពីទំហំទឹកចិត្តស្រឡាញ់ របស់ជីដូន ជីតា ចំពោះចៅៗ មានទំហំធំជាងស្រឡាញ់កូន៕
Tag:
គ្រួសារ
ចៅ
កូន
យាយ
តា
© រក្សាសិទ្ធិដោយ thmeythmey.com