អន្តរជាតិ
ប្រមុខ UN និង​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ព្រមាន​ពី​គ្រោះមហន្តរាយ​នៅ​ឧបទ្វីប​កូរ៉េ បើ​ហ៊ាន​ប្រើ​កម្លាំង​ទ័ព
17, Dec 2017 , 9:39 pm        
រូបភាព
​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres និង​បណ្តា​អ្នកការទូត​តំណាង​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ស្ថានការណ៍​តានតឹង​ដែល​កំពុង​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថ្ងៃ​សុក្រ​ទី​១៥ ខែធ្នូ​។ មន្ត្រី​ទូត​ជាន់ខ្ពស់​ទាំងនេះ​បាន​ព្រមាន​ផងដែរ​ចំពោះ​រាល់​ចេតនា​ចង់​ប្រើប្រាស់​កម្លាំង​ទ័ព​នៅ​ឧបទ្វីប​កូរ៉េ​នោះ​។​



​ស្ថានភាព​តានតឹង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ​ធ្វើ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​បេសកជន​ការទូត​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ព្រួយបារម្ភ​ជាខ្លាំង​ពី​ការឈាន​ទៅប្រើ​ប្រាស់​កម្លាំង​ឬ​ប៉ះទង្គិច​គ្នា​ដោយសារ​ការមើលស្រាល​ស្ថានការណ៍​នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បាន​សង្កត់ធ្ងន់ថា ការប្រើប្រាស់​សកម្មភាព​យោធា​ទាំង​នឹង​នាំមក​នូវ​ភាព​វិនាស​មិន​នឹកស្មាន​ដល់​ឡើយ​។​
«​រាល់​សកម្មភាព​យោធា​ទាំងអស់​នឹងធ្វើ​ឲ្យ​មានការ​លទ្ធផល​អាក្រក់ មិន​នឹកស្មាន​ដល់​ឡើយ​។ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​គឺ​តានតឹង​ខ្លាំង និង​គ្រោះថ្នាក់​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក​នេះ​បច្ចុប្បន្ន​។ ខ្ញុំ​ពិតជា​បារម្ភ​ខ្លាំង​ពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ដោយសារ​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា រួមទាំង​លទ្ធផល​នៃ​ការមើលស្រាល​ស្ថានភាព​»​។ នេះ​ជាស​ម្តី​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres​។​

​ក្រៅពី​លើកឡើង​ពី​ក្តីបារម្ភ លោក Guterres ក៏​ពន្យល់​ផងដែរ​ថា កង្វះ​ការទាក់ទង​គ្នា​កន្លងមក​ក៏​ជា​មូលហេតុ​ដែល​អាច​បង្ក​ឲ្យ​បាន​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​។ ដូច្នេះហើយ​លោក បាន​ទទូច​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជ្រើស​រើសយក​វិធីសាស្ត្រ​ការទូត និង​រក​ផ្លូវ​ត្រឡប់មក​ចូល​តុ​ចរចា​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​ដោយឡែក បេសកជន​ពិសេស​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ Vassily Nebenzia ក៏បាន​គាំទ្រ​ការលើកឡើង​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​ដែរ ហើយ​លោក​បង្ហាញ​ក្តីបារម្ភ​ដែរ​ចំពោះ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ដែល​អាច​កើនឡើង​បន្ថែមទៀត​។ លោក Nebenzia ក៏​ឆ្លៀតឱកាស​រិះគន់​អាមេរិក​ផងដែរ ដែល​បន្តស​ម្ងែ​ង​សាច់ដុំ​យោធា​ដូចជា​បន្តធ្វើ​សមយុទ្ធ​យោធា​ឥត​ឈប់​ជាមួយ​កូរ៉េខាងត្បូង​ទៀត​។

​ចំណែក​តំណាង​ក្រុង​ប៉េកាំង​លោក Wu Haitao បាន​គូសបញ្ជាក់​ផងដែរ​ពី​គោលជំហរ​ឥត​ងាក​រ៉េ​របស់​ចិន​ក្នុង​រក្សា​ជំរុញ​ការចរចា​ការទូត និង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង Cho Hyun បាន​រៀបរាប់​ប្រាប់​អង្គប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថា កូរ៉េខាងជើង​ឈានដល់​ជំហាន​ចុងក្រោយ​ក្នុង​ការធ្វើ​អាវុធ​នុយក្លេអ៊ែរ​ហើយ​។ ដូច្នេះហើយ​លោក​បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​សកម្មភាព​នេះ និង​នាំ​កូរ៉េខាងជើង​ឲ្យ​ជ្រើសរើស​ផ្លូវ​រំសាយ​អាវុធ​វិញ​៕


Tag:
 UNSC
  អង្គការសហប្រជាជាតិ​
  កូរ៉េខាងជើង​
  Antonio Guterres
© រក្សាសិទ្ធិដោយ thmeythmey.com