ជាតិ
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ទឹកប្រាក់ជាង៧លានដុល្លារ ត្រូវបានអនុម័តសម្រាប់កម្ពុជាអនុវត្តន៍គម្រោងចំនួន១៦
× កម្ពុជា ទទួលបានគម្រោងចំនួន១៦ ដែលមានទឹកប្រាក់សរុប ៧.៣១៥.៩០៨ ដុល្លារអាមេរិក ក្នុងចំណោមគម្រោងជាច្រើនទៀតនៃបញ្ជីគម្រោងដំណាក់កាលទី១ ដែលឧបត្ថម្ភដោយមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នៅឆ្នាំ២០១៧ ។ ការអនុម័តនេះ ធ្វើឡើងនាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ ដែលរៀបចំធ្វើនៅក្រុងតាលី ខេត្តយូណាន ប្រទេសចិន។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងតាលី ខេត្តយូណាន ប្រទេសចិន បានបញ្ចប់ទៅជាមួយនឹងការអនុម័តលើឯកសារចំនួន៣សំខាន់ៗ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ។
តាមសេចក្តីជូនព័ត៌មានដដែល ឯកសារដែលត្រូវបានអនុម័តមានទី១.សេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ ។ ទី២. បញ្ជីគម្រោងដំណាក់កាលទី១ ដែលឧបត្ថម្ភដោយមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នៅឆ្នាំ២០១៧ ហើយនៅក្នុងបញ្ជីគម្រោងដំណាក់កាលទី១ដែលត្រូវបានអនុម័តនេះ កម្ពុជាមានគម្រោងចំនួន១៦ ដែលត្រូវបានឯកភាព សម្រាប់យកទៅអនុវត្ត និងមានទឹកប្រាក់សរុប ៧.៣១៥.៩០៨ ដុល្លារអាមេរិក។ និងទី៣.ព័ត៌មានទំនាក់ទំនងទាន់ហេតុការណ៍របស់លេខាធិការដ្ឋានជាតិ/អង្គភាពសម្របសម្រួល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងបរទេសកម្ពុជាក៏បានទៅចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះផងជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំនេះដែរ សហភាគីទាំង២ ក៏មានជំនួបទ្វេភាគី ជាមួយគ្នាដែរ ដោយបានផ្លាស់ប្តូរយោបល់ស្តីពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅមុនការប្រារព្ធខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយ។
សូមបញ្ជាក់ថាកម្ពជា នឹងធ្វើជាជាសហប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ខាងមុខ ក្រោមមូលបទ៖ ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»៕
© រក្សាសិទ្ធិដោយ thmeythmey.com