ពីនេះ ពីនោះ
ក្បួន​រាប់ និង​សរសេរ ថ្ងៃ ខែ ឆ្នាំ តាម​ចន្ទគតិ​
18, Dec 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
ជាក់ស្តែង ខែ​មិគសិរ ដែលជា​ខែ​ទី​១ មានតែ​២៩​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ ត្រូវ​រាប់​ពីថ្ងៃ​១​កើត ខែ​មិគសិរ ដល់​ថ្ងៃ​១៥​កើត ខែ​មិគសិរ ហើយ​នៅសល់​ពាក់​កណ្តាលខែ​ទៀត ត្រូវ​ចាប់ផ្តើម​រាប់​ពីថ្ងៃ​១​រោច ខែ​មិគសិរ ដល់​ថ្ងៃ​១៤​រោច ខែ​មិគសិរ​។​



ដើម្បី​រាប់ និង​សរសេរ​ថ្ងៃ ខែ ឆ្នាំ ឲ្យ​ត្រឹមត្រូវ​តាម​ចន្ទគតិ ត្រូវ​ចេះ និង​ចងចាំ​ក្បួន​ខាងក្រោម​នេះ​៖
ថ្ងៃ​៖ ថ្ងៃទី​១=​អាទិត្យ​, ថ្ងៃទី​២=​ចន្ទ​, ថ្ងៃទី​៣=​អង្គារ​, ថ្ងៃទី​៤=​ពុធ​, ថ្ងៃទី​៥= ព្រហស្បតិ៍​, ថ្ងៃទី​៦=​សុក្រ​, ថ្ងៃទី​៧=​សៅរ៍​។​
​ខែ​៖ ខែ​ទី​១=​មិគសិរ​, ខែ​ទី​២=​បុស្ស​, ខែ​ទី​៣=​មាឃ​, ខែ​ទី​៤=​ផគ្គុណ​, ខែ​ទី​៥=​ចេត្រ​, ខែ​ទី​៦=​ពិសាខ​, ខែ​ទី​៧=​ជេស្ឋ​, ខែ​ទី​៨=​អាសាធ​, ខែ​ទី​៩=​ស្រាពណ៍​, ខែ​ទី​១០=​ភទ្របទ​, ខែ​ទី​១១=​អស្សុជ​, ខែ​ទី​១២=​កត្តិក​។

​ខែ ដែល​មានតែ​២៩​ថ្ងៃ ហៅថា​ខែ​សេស រួមមាន មិគសិរ​, មាឃ​, ចេត្រ​, ជេស្ឋ​, ស្រាពណ៍​, អស្សុជ​។ ឯ​ខែ ដែលមាន​៣0​ថ្ងៃ ហៅថា​ខែ​គូ រួមមាន បុស្ស​, ផគ្គុណ​, ពិសាខ​, អាសាធ​, ភទ្របទ​, កត្តិក​។​

​ខែ​នីមួយៗ មាន​កើត និង​រោច ដែល​តែងតែ​រាប់​ពីថ្ងៃ​១​កើត ដល់ ១៥​កើត និង​ថ្ងៃ​១​រោច ដល់ ១៤ ឬ ១៥​រោច​។ ជាក់ស្តែង ខែ​មិគសិរ ដែលជា​ខែ​ទី​១ មានតែ​២៩​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ ត្រូវ​រាប់​ពីថ្ងៃ​១​កើត ខែ​មិគសិរ ដល់​ថ្ងៃ​១៥​កើត ខែ​មិគសិរ ហើយ​នៅសល់​ពាក់​កណ្តាលខែ​ទៀត ត្រូវ​ចាប់ផ្តើម​រាប់​ពីថ្ងៃ​១​រោច ខែ​មិគសិរ ដល់​ថ្ងៃ​១៤​រោច ខែ​មិគសិរ​។ ដល់ពេល​ឈានចូល​ខែ​ទី​២ គឺ​ខែបុស្ស ដែលមាន​៣0​ថ្ងៃ ត្រូវ​រាប់​ពីថ្ងៃ​១​កើត ខែបុស្ស ដល់​ថ្ងៃ​១៥​កើត ខែបុស្ស ហើយ​នៅសល់​ពាក់​កណ្តាលខែ​ទៀត ត្រូវ​រាប់​ពីថ្ងៃ​១​រោច ខែបុស្ស ដល់​ថ្ងៃ​១៥​រោច ខែបុស្ស​។​

ឆ្នាំ​៖ ជូត​, ឆ្លូវ​, ខាល​, ថោះ​, រោង​, ម្សាញ់​, មមី​, មមែ​, វក​, រកា​, ច​, កុរ​។
​សករាជ​៖ ពុទ្ធសករាជ ដែល​សរសេរ​ជា​អក្សរ​កាត់​ថា ព​.​ស​។​
​ការសរសេរ​កាលបរិច្ឆេទ​តាម​ចន្ទគតិ មាន​២​បែប គឺ​សរសេរ​ជា​អក្សរ និង​សរសេរ​ជា​លេខ​
​ឧទាហរណ៍​៖ «​ថ្ងៃ​សុក្រ ទី​១៥ ខែធ្នូ ឆ្នាំ​២0១៧» ត្រូវ​សរសេរ​តាម​ចន្ទគតិ​
​សរសេរ​ជា​អក្សរ ៖ «​ថ្ងៃ​សុក្រ ១២​រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស ២៥៦១» ។​
​សរសេរ​ជា​លេខ ៖ «​ថ្ងៃ​៦ ᧼ ១ ឆ្នាំរកា ព​.​ស ២៥៦១» (​លេខ​៦ តំណាង​ឲ្យ​ថ្ងៃ​សុក្រ​, សញ្ញា​ខណ្ឌ  នៅ​ពីលើ​លេខ​១២ តំណាង​ឲ្យ​ថ្ងៃ ១២​រោច ហើយ​លេខ​១ តំណាង​ឲ្យ ខែ​មិគសិរ​)​។​
​ប្រសិនបើ​ស្ថិតក្នុង​ថ្ងៃ​កើត ត្រូវ​សរសេរ​សញ្ញា​ខណ្ឌ នៅ​ពី​លេខវិញ ដូចជា ᧡  ᧢  ᧣  ᧤  ᧥ ដែល​មានន័យថា ១​កើត​, ២​កើត​, ៣​កើត​, ៤​កើត​, ៥​កើត ។

​កន្លងមក ស្ថាប័ន​ជាតិ​ស្ទើរ​ទាំងអស់ រួមទាំង​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ​ផងដែរ តែង​ប្រើប្រាស់ និង​សរសេរ​កាលបរិច្ឆេទ តាម​សុរិយគតិ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​។ ឯ​ការប្រើប្រាស់​កាលបរិច្ឆេទ​តាម​ចន្ទគតិ មិនសូវ​ពេញនិយម​ឡើយ​។  ប៉ុន្តែ​ចាប់ពី​ថ្ងៃនេះ​តទៅ ស្ថាប័ន​ជាតិ​នានា នឹង​ចាប់ផ្តើម​ប្រើប្រាស់​កាលបរិច្ឆេទ​ទាំងពីរ​នេះ​តែម្តង​។ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២0១៧ អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋាភិបាល​កម្ពុជា បាន​ជូនដំណឹង​ផ្លូវការ​មួយ ទៅកាន់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​គោលការណ៍​រួម ក្នុងការ​ប្រើប្រាស់​កាលបរិច្ឆេទ​តាម​ចន្ទគតិ​និង​សុរិយគតិ នៅក្នុង​លិខិត​រដ្ឋបាល​នានា​។

​ការស្នើ​បែបនេះ​របស់​អគ្គលេខាធិកា​រដ្ឋា​ន​នៃ​រដ្ឋាភិបាល​កម្ពុជា គឺធ្វើឡើង​តាម​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ សម្តេច ហ៊ុន សែន បាន​សរសើរ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី ដែល​បាន​ណែនាំ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ឲ្យ​ប្រើប្រាស់​កាលបរិច្ឆេទ​តាម​ចន្ទគតិ​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ ក៏​ស្នើ​ឲ្យ​រដ្ឋមន្ត្រី និង​មន្ត្រី​នានា​នៅ​គ្រប់​ស្ថាប័នរដ្ឋ យក​គំរូ​តាម​លោក ជា សុផារ៉ា ដោយ​ប្រើប្រាស់​កាលបរិច្ឆេទ​តាម​ចន្ទគតិ​ដែរ​៕


Tag:
 ចន្ទគតិ​
© រក្សាសិទ្ធិដោយ thmeythmey.com