ជាតិ
រយៈពេល​២០​ឆ្នាំ​អាឡឺម៉ង់​ជួយ​ជាង​៤​លាន​អឺរ៉ូ​សម្រាប់​ការងារ​អភិរក្ស​ប្រាសាទ​នៅ​កម្ពុជា​
17, Dec 2017 , 5:59 pm        
រូបភាព
​សៀមរាប​៖ នៅក្នុង​ឆ្នាំ​២០១៧​នេះ គឺមាន​រយៈពេល​២០​ឆ្នាំ​ហើយ ដែល​ស្ថាប័ន​គម្រោង អាឡឺម៉ង់​-​អប្សរា​អភិរក្ស​ទេពអប្សរ GACP (German Apsara Conservation Project) បានរួម​ចំណែក​អភិរក្ស​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ គម្រោង​នេះ​បាន​ផ្តោតជាសំខាន់ លើ​ការងារ​ជួសជុល និង​អភិរក្ស​ចម្លាក់​អប្សរា​នៅតាម​ប្រាសាទ​មួយចំនួន ដូចជា​អង្គរវត្ត​ជាដើម​។ តាម​តំណាង​ក្រសួងការបរទេស​អាឡឺម៉ង់ ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ រដ្ឋាភិបាល​អាឡឺម៉ង់ តាមរយៈ​គម្រោង GACP បាន​គាំទ្រ​ថវិកា​ប្រមាណ​ជាង ៤​លាន​អឺរ៉ូ សម្រាប់​ការងារ​សហប្រតិបត្តិកា​រ​ជាមួយ​អាជ្ញាធរ​អប្សរា​។​



​តំណាង​ក្រសួងការបរទេស អាឡឺម៉ង់ លោកស្រី Renate Reichardt បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​អាជ្ញាធរ​អប្សរា នា​ថ្ងៃទី​១៥ ធ្នូ ថា តាមរយៈ​គម្រោង GACP អាឡឺម៉ង់ បាន​គាំទ្រ​ថវិកា​ជាង ៤​លាន​អឺរ៉ូ​រួចមកហើយ សម្រាប់​ការងារ​សហប្រតិបត្តិកា​រ​ជាមួយ​អាជ្ញាធរ​អប្សរា លើ​ការងារ​អភិរក្ស​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ លោកស្រី​បន្ថែមថា នៅ​រៀងរាល់ឆ្នាំ អាឡឺម៉ង់​តែ​សម្រេច​គម្រោង​ថវិកា​ជាប្រចាំ ទៅលើ​ផែនការ​អភិរក្ស​នានា​របស់ខ្លួន​។​



​នៅ​ថ្ងៃទី​១៥ ខែធ្នូ គម្រោង GACP បានរៀបចំ​សន្និសីទ​មួយ​ស្តីពី «​កិច្ចការ​អភិរក្ស ក្នុង​រមណីយដ្ឋាន​អង្គរ​» ដែលមាន​អ្នកជំនាញ​ចម្រុះ​ចូលរួម​ធ្វើ​បទ​បង្ហាញ មាន​ទាំង​កម្ពុជា និង​សាស្ត្រាចារ្យ​មកពី​អាឡឺម៉ង់​។ សន្និសីទ​នេះ បានបង្ហាញ​ពី​ការងារ​ជួសជុល ការស្រាវជ្រាវ ការអភិរក្ស និង​បច្ចេកទេស​ថ្មីៗ លើ​ការងារ​អរិ​ក្ស​ប្រាសាទ​។

​លោក​បណ្ឌិត Hans LEISEN ប្រធាន​ស្ថាប័ន​គម្រោង GACP បានឱ្យដឹងថា សន្និសីទ​នេះ បានបង្ហាញ​ពី​ភាពជោគជ័យ នៃ​សហប្រតិបត្តិការ​រវាង GACP​និង​អាជ្ញាធរ​អប្សរា​។ ក្នុងនោះ វា​បានបង្ហាញ​ពី​ការងារ​អភិរក្ស​ទូទៅ​សម្រាប់​ប្រាសាទ​អង្គរ ហើយក៏​ជា​លទ្ធផល​ដែល​បង្ហាញ​ពី លក្ខណៈ​បច្ចេកទេស​ផងដែរ​។ លោក​បណ្ឌិត Hans LEISEN បន្ថែម​។​

​លោក​សាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​អង្គរ និង​ជាទី​ព្រឹក្សា​អាជ្ញាធរ​អប្សរា បានឱ្យដឹង​ផងដែរ​ថា ចំពោះ​កិច្ចសហប្រតិបត្តិការ គឺ​មិន​ផ្តោត​តែ​ទៅលើ​ថវិកា​ទេ ក្នុងនោះ​ក៏មាន​ការគាំទ្រ​ផ្នែក បច្ចេកទេស និង​ផ្នែក​វិទ្យាសាស្ត្រ​ផងដែរ​។ «​ជា​រៀងរាល់ឆ្នាំ យើង​នឹង​បន្ត​ពិភាក្សា​ទៅលើ​គម្រោង​មួយៗ ទាំង​ផ្នែក​ថវិកា បច្ចេកទេស និង​វិទ្យាសាស្ត្រ​»​។ លោក​សាស្ត្រាចារ្យ Azedine BESCHAOUCH បន្ថែម​។​



​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​១៤ ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ គម្រោង GACP​និង​អាជ្ញាធរ​អប្សរា បាន​ចុះ​អនុស្សរណៈ​យោគយល់​មួយ ដើម្បី​បន្ត​លើ​គម្រោង​សហប្រតិបត្តិការ​បន្តទៀត​។ អនុស្សរណៈ​នេះ បំណង​បង្កើត​គម្រោង​កិច្ចសហប្រតិបត្តិការ​តាមរយ​:​អង្គភាព​អចិន្ត្រៃយ៍​នៃ​អ្នកជំនាញ​ក្នុង​វិស័យ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្សេងទៀត​ក្រោម​ការគ្រប់គ្រង​របស់​អា​ជ្ញា​ធរ​អប្សរា រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​អាឡឺម៉ង់​អភិរក្ស​ទេពអប្សរ ហៅ​កាត់​ថា GACP៕






Tag:
 ​អាឡឺម៉ង់​
  GACP
© រក្សាសិទ្ធិដោយ thmeythmey.com