ជាតិ
នយោបាយជាតិ
មេធាវីកងទ័ព ចូលបំភ្លឺនៅតុលាការលើករណីប្តឹងលោក សម រង្ស៊ី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស
× ភ្នំពេញ៖ យោងតាមដីកាកោះហៅ លោក វង្ស ភក្តី មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ ត្រូវចូលទៅបំភ្លឺនៅចំពោះមុខលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលបានដាក់បណ្តឹងប្រឆាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រោមបទចោទថា បានញុះញង់កងទ័ពកម្ពុជា មិនឲ្យស្តាប់បទបញ្ជា។
ព្រះរាជអាជ្ញា ក៏បានចេញដីកាមួយទៀតដែរ ដោយសំដៅទៅកាន់លោក សម រង្ស៊ី ដែលកំពុងរស់នៅឯបរទេស ដើម្បីឲ្យចូលមកបំភ្លឺពីបណ្តឹងខាងលើ។ ដីការបស់ព្រះរាជអាជ្ញា កំណត់ឲ្យអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ចូលបំភ្លឺ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខ។
អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ បានពឹងពាក់លោកមេធាវី វង្ស ភក្តី ឲ្យយកបណ្តឹងទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ដើម្បីសុំប្តឹងលោក សម រង្ស៊ី ពីបទ «ញុះញង់កុំឲ្យកងទ័ពស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។
លោក សម រង្ស៊ី ដែលហ៊ុមព័ទ្ធទៅដោយបណ្តឹងរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងកំពុងមានឈ្មោះជាទណ្ឌិតស្រាប់ទៅហើយនោះ ហាក់មិនព្រួយបារម្ភអ្វីឡើយ។ លោក សម រង្ស៊ី បានផ្ញើសារពីបរទេសមកថា លោក ស្វាគមន៍ និងជំរុញឲ្យមានការដាក់បណ្តឹងប្រឆាំងនឹងរូបលោក នៅក្នុងរឿងនេះ ថែមទៀត៕
Tag:
សម រង្ស៊ី
កងទ័ព
មេធាវី
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com