កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយមាស​ល្បុក្កតោ​៖ ការ​រេរា ជា​ល្បិច​ផ្តួល​គូប្រកួត​ដ៏​មាន​ប្រសិទ្ធភាព
18, Dec 2017 , 10:08 am        
រូបភាព
ដោយ:
​ការ​រេរា ក្នុង​ក្បាច់គុន​ល្បុក្កតោ មិន​គ្រាន់តែ​ជា​សិល្បៈ ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​នោះទេ តែ​ជា​កលល្បិច របស់​កីឡាករ ក្នុងការ​ផ្តួល​គូប្រកួត យ៉ាង​មាន​ប្រសិទ្ធភាព​។ នេះ​ការលើកឡើង​របស់​កីឡាករ សយ ផាន់​និ​ច ដែល​តែងតែ​ប្រើល្បិច​នេះ ផ្តួល​គូប្រកួត ដើម្បី​គ្រង​ជើងឯក​គុន​ល្បុក្កតោ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧​។ ស្ថិតក្នុង​វ័យ​២៣​ឆ្នាំ សិស្ស​គុន​នៃ​ក្លិប​ល្បុក្កតោ «​ស​» រូបនេះ ចង់​បើក​សាលា​គុន​ល្បុក្កតោ ដើម្បី​អភិរក្ស​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ និង​ពង្រីក​វិសាលភាព​ក្បាច់គុន​ដូនតា​ខ្មែរ​។​



«​ការប្រកួត​គុន​ល្បុក្កតោ មិនមែន​វាយ​ត្រង់ៗ​នោះទេ​។ យើង​ត្រូវមាន​យុទ្ធសាស្ត្រ និង​កលល្បិច​។ ជាក់ស្តែង​ការប្រកួត​ពួក​ខ្ញុំ គឺ​តែងតែ​មានការ​រាំ​រេ​ដាក់គ្នា តែ​នេះ​ជា​យុទ្ធសាស្ត្រ និង​កលល្បិច ដើម្បី​ឲ្យ​គូប្រកួត​ភ្លេចខ្លួន មុន​យើង​ប្រើ​ក្បាច់​អ្វីមួយ ផ្តួល​ពួកគាត់​។ ការ​រេរង់ មិន​គ្រាន់តែ​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​នោះទេ តែ​វា​ជា​សិល្បៈ នៃ​ក្បាច់គុន​ខ្មែរ​យើង​។ ក្បាច់គុន គេ​បង្កប់​ក្នុង​សិល្បៈ តាមរយៈ​រាំ និង​របាំ​»​។ នេះ​ជាការ​រៀបរាប់ របស់​កីឡាករ សយ ផាន់​និ​ច ម្ចាស់​មេដាយមាស ការប្រកួត​កីឡា​គុន​ល្បុក្កតោជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ ក្រោយ​ប្រើ​ល្បិចកល​ខាងលើ ផ្តួល​កីឡាករ ដាំ គឹម​លាង ត្រឹម​ទឹក​ទី​១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​



​សិស្ស​គុន​មកពី​ក្លិប​ល្បុក្កតោ «​ស​» រូបនេះ​បាន​បន្ថែមថា​៖«​ការ​រាំ វា​អាចធ្វើ​ឲ្យ​គូប្រកួត​បាត់បង់​ស្មារតី ហើយ​វា​ធ្វើ​ឲ្យ​គាត់​ពិបាក​យល់ ថា​យើង​កំពុង​ធ្វើ​អ្វី​។ ទាំងនេះហើយ ដែល​គេ​ហៅថា ល្បែង ល្បិច និង​ល្បង ជាមួយ​គូប្រកួត​»​។

​ជាក់ស្តែង សម្រាប់​ការប្រកួត​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​ក្រោម​៦៧​គីឡូក្រាម កីឡាករ សយ ផាន់​និ​ច បាន​ប្រើ​យុទ្ធសាស្ត្រ​ខាងលើ ធ្វើ​ឲ្យ​គូប្រជែង​កីឡាករ ដាំ គឺ​ម​លាង ភ្លេចខ្លួន រួចហើយ​រូបគេ​បាន​លោត​ទៅ​ចាប់ ក ក្លេរ ដើម្បី​ផ្តួល​គូប្រកួត ឲ្យ​សុំ​ចុះចាញ់​ត្រឹម​ដើម​ទឹក​ទី​១ នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​។ មុន​ឈានដល់​វគ្គ     ផ្តាច់ព្រ័ត្រ​កីឡាករ សយ ផាន់​និ​ច បាន​ប្រើ​ល្បិចកល​នេះ វាយ​ឲ្យ​គូ​ឲ្យ​ប្រកួត​បោះបង់​ការប្រកួត ត្រឹម​ដើម​ទឹក​ទី​២ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖ 



​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា នៃ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សយ ផាន់​និ​ច នៅ​ថ្ងៃ​អនាគត ចង់​បើក​សាលា​គុន​ល្បុក្កតោ ដើម្បី​បង្វឹក​ក្មេងៗ​ជំនាន់​ក្រោយ ក្នុងន័យ​ជួយ​អភិរក្ស និង​ពង្រីក​វិសាលភាព​ក្បាច់គុន ដែលជា​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ​។ ម្យ៉ាង រូបគេ​ចង់​ឲ្យ​បណ្តា​ប្រទេស​លើ​ពិភពលោក​ឃើញថា ខ្មែរ​មាន​ក្បាច់គុន​បែប​វប្បធម៌​ដ៏​ចំណាស់ និង​មាន​ឥទ្ធិពល​។

​ភាពសម្បូរ​បែប និង​ស្នៀត​ដ៏​អស្ចារ្យ​នៃ​ក្បាច់គុន​ល្បុក្កតោ តាមរយៈ​ការសម្តែង​របស់​សិស្ស​ច្បង  នៅ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បាន​ទាក់ទាញ​អារម្មណ៍​កីឡាករ​មកពី​ខេត្តពោធិ៍សាត់​រូបនេះ ចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​ភ្លាមៗ ដោយ​គ្មាន​ស្ទាក់ស្ទើរ​។ តាំងពី​ចូល​ហ្វឹកហាត់​ដំបូង នៅ​ឆ្នាំ​២០១៣ វា​ជា​លើក​ទី​១​សម្រាប់ ផាន់​និ​ច ដែល​ចូលរួម​ប្រកួត​ប្រកួត​ថ្នាក់ជាតិ និង​បាន​លទ្ធផល​ដែល​រូបគេ​ចាត់ទុកជា​ជោគជ័យ​ដ៏​ធំធេង​មួយ​នេះ​។​



​សិស្ស​គុន​នៃ​ក្លិប​ល្បុក្កតោ​«​ស​» វ័យ​២៣​ឆ្នាំ​រូបនេះ​យល់ថា ការហាត់​ក្បាច់គុន​ល្បុក្កតោ មិន​ត្រឹមតែ​ជួយ​រក្សា​វប្បធម៌​ប្រពៃណី និង​ធ្វើ​ឲ្យ​មានការ​រីកដុះដាល​ប៉ុណ្ណោះ​ទេ ថែមទាំង​អាចជួយ​ការពារ​ខ្លួន និង​មាន​សុខ​ភាពល្អ​ទៀតផង​៕   

Tag:
 ល្បុក្កតោ​
  សយ ផាន់​និ​ច
© រក្សាសិទ្ធិដោយ thmeythmey.com