ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃ​អ៊ាង ៖ រដ្ឋាភិបាល​កំពុង​ទាល់ច្រក​នឹង​សម្ពាធ​អន្តរជាតិ ទើប​ប្រាប់​ឲ្យ​អតីត​CNRP​បង្កើត​បក្ស​ថ្មី​
18, Dec 2017 , 11:19 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល ប្រាប់​ឲ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​រំលាយ​នោះ បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ​។ ឆ្លើយតប​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​នេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ដើរ​តាមផ្លូវ​ដែល​រដ្ឋាភិបាល​គូសវាស​ឲ្យ​ខ្លួន​ឡើយ​។​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំអក​វិញ​ថា រដ្ឋាភិបាល​កំពុង​រង​សម្ពាធ​អន្តរជាតិ​ធ្ងន់ធ្ងរ ទើប​បង្កើត​យុទ្ធសាស្ត្រ​បង្វែរ​ស្ថានការណ៍​បែបនេះ​។​



​បើ​មជ្ឈដ្ឋាន​ទូទៅ​នៅតែ​រំពឹងថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​វត្តមាន​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខនេះ ទំនងជា​មិន​ដូច​ក្តី​រំពឹង​ឡើយ​។ នោះ​ក៏​ព្រោះតែ​ឱកាស​រស់​ឡើងវិញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​គ្មាន​ផ្លូវ​បើក​ឲ្យ​ដំណើការ​វិញ​នោះទេ​។ ត្រង់ចំណុច​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រលយ​សម្ដី​ថា គ្មាន​ឡើយ​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​កើតឡើង​ជាថ្មី​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​ថា​៖«​ដោយសារ​មានការ​ខ្សឹបខ្សៀវ និង​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ដដែល​ជា​ដដែល​អំពី​ការ​រស់​ឡើងវិញ​នៃ​អតីត​បក្ស​ស​ង្រោះ​ជាតិ គឺ​ខ្ញុំ​សូម​ផ្តាំផ្ញើ​និង​បញ្ជាក់​សារជាថ្មី​ថា អតីត​បក្ស​ដែល​ត្រូវបាន​រំលាយ​ហើយ (​សង្គ្រោះ​ជាតិ​) ដោយ​សាលដីការ​តុលា​កំពូល គឺ​ចប់​ជា​ស្ថាពរ​ហើយ​។ ឈ្មោះ​អតីត​បក្ស​នេះ​គឺ​នឹង​គ្មាន​កើតឡើង​សារជាថ្មី​ទៀតឡើយ​»​។​

​ប៉ុន្តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិនមែន​គ្មាន​ច្រក​ចូលធ្វើ​នយោបាយ​ទាំងស្រុង​ដែរ​។ សម្រាប់​សម្ដេច ហ៊ុន សែន ផ្លូវ​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ គឺ​ការបង្កើត​គណបក្ស​ថ្មី​។ «​ខ្ញុំ​សូម​ឲ្យ​យោបល់​ខ្លះៗ​ដែល​អាចមាន​ប្រយោជន៍ ហើយ​កុំ​ឲ្យ​ខាត​ពេល​ច្រើន គឺ​មានតែ​វិធី​មួយគត់ គឺ​បង្កើត​បក្ស​ថ្មី​ចូលរួម​ប្រកួតប្រជែង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ខាងមុខ គឺ​វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាតបង់​ពេលវេលា​កាន់តែច្រើន​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​

​តែ​យ៉ាងណា​សារ​របស់​សម្ដេច ហ៊ុន សែន នេះ បាន​ត្រឹម​ទទួល​ការ​ចំអក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​ទេ​។ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃ​អ៊ាង ចាត់ទុក​យោបល់​របស់​សម្ដេច ហ៊ុន សែន គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ ដើម្បី​បង្វែរ​ស្ថានការណ៍​នយោបាយ ឲ្យ​រួច​ផុតពី​សម្ពាធ​រប​ស់​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ​។ លោក អេង ឆៃ​អ៊ាង បាន​និយាយថា អតីត​គណបក្ស​ខ្លួន​ក៏​មិន​ដើរ​តាមផ្លូវ ដែល​ប្រមុខ​រដ្ឋាភិបាល​បើក​ច្រកចូល​នេះដែរ​។​

​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដោយ​អម​រូបថត​ជុំ​ជួប​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​សន្លឹក យ៉ាង​ដូច្នេះ​ថា​៖«​នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដោះស្រាយ​សម្ពាធ​អន្តរជាតិ​របស់លោក ហ៊ុន សែន ហើយក៏​ជា​ផ្លូវ​ដែល​លោក ហ៊ុន សែន ចង់​ដើរ និង​គូសវាស​ឲ្យ​យើង​ដើរ​តាម​គាត់ បន្ទាប់ពី​ចាប់ខ្លួន​លោក​ប្រធាន កឹម សុខា និង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ តែ​យើង​មិន​ដើរ​លើផ្លូវ​ដែល​លោក ហ៊ុន សែន ចង់បាន​នោះទេ ព្រោះ​ផ្លូវ​នេះ នាំ​ឲ្យ​លោក ហ៊ុន សែន ក្លាយជា​មេដឹកនាំ​ផ្តាច់ការ ហើយ​កម្ពុជា​នឹង​ស្ថិតនៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ ឯ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ភាពក្រីក្រ និង​ភ័យខ្លាច​»​។​

​បើតាម​លោក អេង ឆៃ​អ៊ាង ផ្លូវ​ដែល​អតីត​គណបក្ស​លោក បានកំណត់​គោលដៅ​នោះ គឺ​ការទាមទារ​ឲ្យ​មានការ​លុបចោល​សេចក្តីសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ ,​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ​ទាំង​អស់ ,​ទម្លាក់ចោល​ការចោទប្រកាន់​លើ​អ្នកនយោបាយ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ,​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​សកម្មភាព​ដូច​មុន និង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​ឆ្នាំ​២០១៨ ។​

​សម្រាប់​អ្នកវិភាគ​វិញ ការវិវត្ត​នយោបាយ​នៅពេល​ខាងមុខ នឹងមាន​ការប្រែប្រួល​កាន់តែ​ប្រសើរឡើង​ជាង​នេះ តាមរយៈ​ការ​សម្បទាន​នយោបាយ​គ្នា​ទៅវិញទៅមក ក្រោមរូបភាព​ដោះស្រាយ​បញ្ហា​រួមគ្នា​។ ប៉ុន្តែ​ការ​សម្បទាន​នយោបាយ​នោះ អ្នកវិភាគ​ក៏​មិនទាន់​អាច​វាយតម្លៃ​ឲ្យ​ច្បាស់​ថា ស្ថិតនៅក្រោម​រូបភាព​បែ​ប​ណា​ដែរ​។​

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​បក្ស និង​ផ្អាក​សកម្មភាព​នយោបាយរ​បស់​មន្ត្រីជាន់ខ្ពស់​បក្ស​១១៨ រយៈពេល​៥​ឆ្នាំ តាម​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា​កន្លងមក​។ ជុំវិញ​បញ្ហា​នេះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដាក់ពាក្យ​ទៅ​តុលាការ​កំពូល​ឲ្យ​មានការ​សើរើ​លើ​ករណី​ប្ដឹង​រំលាយ​បក្ស​នេះ​ឡើងវិញ​ដែរ ប៉ុន្តែ​ត្រូវបាន​តុលាការ​ច្រានចោល​៕



Tag:
 ​ហ៊ុន សែន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com