អន្តរជាតិ
អ្នកនយោបាយ​ស្តាំនិយម Sebastián Piñera ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​ស៊ី​លី​
18, Dec 2017 , 11:45 am        
រូបភាព
ដោយ: ថ្មីៗ
​អតីត​ប្រធានាធិបតី​ស៊ី​លី និង​ជា​មហាសេដ្ឋី​លោក Sebastián Piñera បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​នៃ​រដ្ឋ​អាមេរិក​ឡាទីន​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ជំនួស​តំណែង​លោកស្រី Michelle Bachelet​។ លោក Piñera ជា​អ្នកនយោបាយ​ស្តាំនិយម​ដែលមាន​និន្នាការ​ប្រឆាំង​ការរៀប​ការ​រវាង​អ្នកមាន​ភេទ​ដូចគ្នា​ផងដែរ​។​



​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស៊ី​រី​ចេញ​លទ្ធផល​ជា​ផ្លូវការ​ហើយដោយ​ប្រជាជន​ប្រទេស​នេះ​ជ្រើស​រើសយក​អ្នកនយោបាយ​ស្តាំនិយម​និង​ជា​មហាសេដ្ឋី​លោក Sebastián Piñera ឲ្យ​ជំនួស​តំណែង​លោកស្រី Michelle Bachelet​។

​យោងតាម​ទីភ្នាក់ងារ ព័ត៌មាន AFP លោក Piñera បានទទួល​សំឡេងគាំទ្រ​រហូតដល់ ៥៤,៥៧ ភាគរយ​ខណៈដែល​គូប្រជែង​របស់លោក ដែលជា​អ្នក​កណ្តាល​និយម​លម្អៀង​ឆ្វេង​លោក Alejandro Guillier ទទួលបាន​សំឡេង​ត្រឹម ៤៥, ៤៣​ភាគរយ​ប៉ុណ្ណោះ​។​

​ជ័យជម្នះ​របស់​របស់​លោក Piñera មាន​វ័យ ៦៨​ឆ្នាំ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​របត់​នយោបាយ​ស៊ី​លី  និង​នៅក្នុង​តំបន់​ទាំងមូល​ផងដែរ ដោយសារ​មេដឹកនាំ​ស្តាំនិយម​បន្ត​ឡើងកាន់​កាប់​តំណែង​កំពូល​នយោបាយ​នេះ​។ លោក​ក៏​ជា​មហាសេដ្ឋី និង​ធ្លាប់​កាន់តំណែង​ជា​ប្រធានាធិបតី​កាលពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៤ ផងដែរ​។

​ក្នុងពេល​ឃោសនាបោះឆ្នោត​លោក Piñera បាន​សន្យា​បញ្ឈប់​ច្បាប់​អនុញ្ញាត​ឲ្យ​មានការ​រៀបការ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា​ដែល​ត្រូវបាន​ស្នើឡើង​ដោយ​រដ្ឋាភិបាល​មុន​កាលពី​ខែសីហា ហើយ​លោក​ក៏បាន​សន្យា​ដោះស្រាយ​បញ្ហា​មន្ត្រី​យោធា​ដែល​ត្រូវគេ​កាត់ទោស​ព្រោះ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផងដែរ​។​

​លោក Guillier ដែល​ចាញ់ឆ្នោត​នេះ​ធ្លាប់ធ្វើ​ការងារ​ជា​អ្នកសារព័ត៌មាន និង​ជា​អ្នក​សង្គម​វិទូ​ផង​។ ក្នុងការ​ឃោសនាបោះឆ្នោត​លោក​ផ្តោត​សំខាន់​លើ​ការកែទម្រង់​នយោបាយ​ដែល​បាន​ដាក់ចេញ​ក្នុង​រដ្ឋបាល​លោកស្រី Bachelet កន្លងមក​នោះ​។  លោក​បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​អបអរសាទរ​ជ័យជម្នះ​របស់លោក Piñera ផងដែរ​។​

«​នៅថ្ងៃនេះ យើងទាំងអស់គ្នា​មាន​មោទនភាព​ចំពោះ​ប្រជាធិបតេយ្យ ប្រទេស​យើង និង ប្រព័ន្ធ​បោះឆ្នោត​របស់​យើង​ផងដែរ​។ ខ្ញុំ​នៅ​យប់​នេះ​ក៏​ចង់​អបអរសាទរ​គូប្រជែង​របស់ខ្ញុំ​លោក Piñera ដែល​នឹង​កាន់កាប់​តំណែង​ប្រធានាធិបតី​ខាងមុខ​។ ខ្ញុំ​បាន​ទូរ​សព្ទ​ទៅ​គាត់​ដើម្បី​អបអរសាទរ​គាត់​ក្នុង​ជ័យជម្នះ​ដ៏​ធំធេង​នេះដែរ​»​។ នេះ​ជាស​ម្តី​របស់លោក Piñera​។

​សូមបញ្ជាក់​ការបោះឆ្នោត​នៅ​ប្រទេស​ស៊ី​លី​ឆ្នាំ​ប្រហែលជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការផ្លាស់ប្តូរ​ចរន្ត​នយោបាយ​នៅក្នុង​តំបន់​អាមេរិក​ឡាទីន ខណៈដែល​ប្រជា​ជា​នៅ​ម៉ិ​ក​ស៊ិ​ក ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី និង​ប៉ា​រ៉ា​ហ្គា​យ​នឹងត្រូវ​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ឆ្នាំ ២០១៨ ខាងមុខ​ផង​៕


Tag:
 ស្តាំនិយម​
  Sebastián Piñera
  ស៊ី​លី​
  Michelle Bachelet
  Alejandro Guillier
© រក្សាសិទ្ធិដោយ thmeythmey.com