អន្តរជាតិ
រុស្ស៊ី​និយាយថា ភ្នាក់ងារ CIA បានផ្តល់​ព័ត៌មាន​ដល់​ខ្លួន​ទាក់ទង​នឹង​ការវាយប្រហារ​នៅ​ក្រុង St. Petersburg
18, Dec 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋាភិបាល​រុស្ស៊ី​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស​.​រ​.​អា​. CIA បានផ្តល់​ឲ្យ​អាជ្ញាធរ​រុស្ស៊ី​នូវ​ព័ត៌មាន​ដែល​រារាំង​សកម្មភាព​ជាច្រើន​របស់​ក្រុម​រដ្ឋ​ឥស្លាម​ធ្វើ​ផែនការ​ដាក់​គ្រាប់បែក​នៅ​ទីក្រុង St. Petersburg​។​



​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​និយាយថា លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​បាន​ទូរស័ព្ទ​មក​លោក Donald Trump ប្រធានាធិបតី​ស​.​រ​.​អា​.​ដើម្បី​ថ្លែងអំណរគុណ​លោក​ទាក់ទង​នឹង​ព័ត៌មាន​របស់ CIA នេះ​។ ប្រទេស​រុស្ស៊ី​និយាយថា ព័ត៌មាន​នេះ​សំខាន់ ហើយ​គ្រប់គ្រាន់​សម្រាប់​ក្រុម​សេវា​រក្សា​សន្តិសុខ FSB ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ដែល​ធ្វើ​ផែនការ​វាយប្រហារ​ដោយ​ដាក់​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃ​សៅរ៍​នៅ​វិហារ Kazan Cathedral ចំណាស់​២​សតវត្សរ៍ និង​កន្លែង​ផ្សេងទៀត​។ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និយាយថា លោក Putin បាន​សុំ​ឲ្យ​មេដឹកនាំ​ស​.​រ​.​អា​.​ប្រាប់ CIA ថា រុស្ស៊ី​សូម​ថ្លែងអំណរគុណ CIA ហើយ​ថា រុស្ស៊ី​នឹង​ប្រគល់​ព័ត៌មាន​ដែល​រុស្ស៊ី​ដឹង​ដើម្បី​ប្រាប់​អាមេរិក​ផងដែរ ទាក់ទង​នឹង​ការវាយប្រហារ​របស់​ភេរវ​ករ​ដែល​អាច​កើតមាន​នៅ​ស​.​រ​.​អា​. ដូចដែល​រុស្ស៊ី​បានលើកឡើង​កាលពី​អតីតកាល​។ ការនិយាយ​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក Trump និង​លោក Putin គឺជា​ការសន្ទនា​លើក​ទី​២​ក្នុង​រយៈពេល​៤​ថ្ងៃនេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com