អន្តរជាតិ
របាយការណ៍​៖ ចំណូល​ប្រជាជន​កូរ៉េខាងជើង​កើនឡើង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​
18, Dec 2017 , 2:59 pm        
រូបភាព
​ចំណូល​ប្រជាជន​កូរ៉េខាងជើង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ ទោះបីជា​មានការ​ដាក់ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ច្រើនដង​កាលពី​កន្លងមក​ក៏ដោយ​។ បើតាម​របាយការណ៍​ស្រាវជ្រាវ​កូរ៉េខាងត្បូង ប្រជាជន​កូរ៉េខាងជើង​ម្នាក់ៗ​មាន​ចំណូល​មធ្យម​សរុប ១៣៤០​ដុល្លារ​អាមេរិក​។



 ប្រជាជន​កូរ៉េ​ជើង​សប្បាយរីករាយ​នឹង​ការកើនឡើង​នៃ​ចំណូល​សរុប​ប្រចាំឆ្នាំ​របស់​ពួកគេ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ ដោយ​រាប់​ចាប់ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៦​។ បើតាម​ទីភ្នាក់ងារ​ស្ថិតិ​កូរ៉េខាងជើង ប្រជាជន​កូរ៉េខាងជើង​មា្ន​ក់ៗ​មាន​ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រហែល ១៣៤០ ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ ២០១៦​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ កូរ៉េខាងជើង​ស្គាល់​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ចំណូល​ប្រជាជន​នោះ​កើនឡើង​ច្រើនជាង ប្រាំពីរ​ភាគរយ ទោះបីជា​ប្រទេស​នេះ​រង​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ​ច្រើន​ព្រោះ​កម្មវិធី​នុយក្លេអ៊ែរ​ក៏ដោយ​។ 

​បើ​ប្រៀបធៀប​ជាមួយ​ប្រជាជន​កូរ៉េខាងជើង ចំណូល​នេះ​ទាប​ជាងគេ​ប្រហែល​ច្រើនជាង ២០​ដង​ឯណោះ​។  នៅ​កូរ៉េខាងត្បូង ប្រជាជន​ម្នាក់ៗ​មាន​ចំណូល​សរុប ៣១,៩៨ លាន​វ៉ុ​ន​ដែល​ស្មើ​២៩០០០​ដុល្លារ​អាមេរិក​ឯណោះ​។​

​បើ​និយាយ​រឿង​ពាណិជ្ជកម្ម​វិញ ទំហំ​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​មាន​ទំហំ​សរុប ៩០២ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​របស់​កូរ៉េខាងជើង​មាន​ទំហំ​ត្រឹម ប្រាំមួយ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

​កាលពី​ខែកក្កដា ធនាគារកណ្តាល​កូរ៉េខាងត្បូង​បាន​វាយតម្លៃថា សេដ្ឋកិច្ច​កូរ៉េខាងជើង​កើន​រហូតដល់ ៣,៩ ភាគរយ កាលពី​ឆ្នាំ ២០១៦ ខណៈដែល​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​មាន​កំណើន​ត្រឹម ២,៨​ភាគរយ​ប៉ុណ្ណោះ​។ 

​កូរ៉េខាងជើង​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​អាថ​កំបាំង​ខ្លាំង​បំផុត​លើ​ពិភពលោក ហើយ​ប្រទេស​នេះ​មិនដែល​បញ្ចេញ​របាយការណ៍​ផ្លូវការ​ពាក់ព័ន្ធ​សេដ្ឋកិច្ច ឬ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​ឲ្យ​គេ​ដឹង​ឡើយ​។ ដូច្នេះហើយ​ទើបបានជា​អ្នកជំនាញ​នាំគ្នា​ចងក្រង​របាយការណ៍​និង​វាយតម្លៃ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​កូរ៉េខាងជើង​នេះ​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com