អន្តរជាតិ
ឌូ​ទើ​តេ ចង់ឃើញ Pacquiao ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន​ពេលអនាគត​
18, Dec 2017 , 9:19 pm        
រូបភាព
លោក Rodrigo Duterte (ឆ្វេង) ថតជាមួយ​លោក Manny Pacquiao នាជំនួបមួយនៅក្រុង Davao កាលពីខែឧសភា ឆ្នាំ២០១៧។ រូបថត AFP
លោក Rodrigo Duterte (ឆ្វេង) ថតជាមួយ​លោក Manny Pacquiao នាជំនួបមួយនៅក្រុង Davao កាលពីខែឧសភា ឆ្នាំ២០១៧។ រូបថត AFP
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ យល់ឃើញថា កីឡាករ​ប្រដាល់​ដ៏​ល្បី និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន Manny Pacquiao មាន​សមត្ថ​ភាពជា​អនាគត​ប្រធានាធិបតី​ហ្វីលីពីន​។



​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ព្រលយ​ថា លោក​ចង់ឃើញ​លោក Manny Pacquiao ធ្វើជា​ប្រធានាធិបតី​បន្ទាប់ពី​លោក​។ មេដឹកនាំ​ហ្វីលីពីន​រូបនេះ​បានបញ្ជាក់​បែបនេះ​នៅក្នុងពេល​លោក​ចូលរួម​ក្នុង ពិធី​ខួបកំណើត​គម្រប់​អាយុ​៣៩​ឆ្នាំ​របស់លោក Pacquiao នៅ​ក្រុង​ម៉ានីល​ថ្ងៃអាទិត្យ​ទី ១៧ ខែធ្នូ​។​

​បើតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer លោក ឌូ​ទើ​តេ​បាន​និយាយ​ដូច្នេះ​៖ «​ខ្ញុំ​បាន​ប្រាប់​គាត់​ហើយ​ពេល​យើង​នៅតែ​ពីរ​នាក់ ហើយ​ខ្ញុំ​ចង់​ឲ្យ​គាត់​ក្លាយជា​ប្រធានាធិបតី​»​។​

​ប្រធានាធិបតី​រូបនេះ​បញ្ជាក់​ផងដែរ​ថា លោក​រីករាយ​ខ្លាំង​នៅពេលដែល​បានធ្វើ​ការងារ​ជាមួយ​សមាជិក​ព្រឹទ្ធសភា Pacquiao ក៏ដូចជា​បាន​ចែករម្លែក​ភាពសប្បាយ​រីករាយ​នៅក្នុង​ជីវិត​កន្លងមក​។ បន្ថែម​ពី​នោះ​លោក​ក៏បាន​បួងសួង​ឲ្យ​សមាជិក​ព្រឹទ្ធសភា​រូបនេះ​មាន​សុខ​ភាពល្អ និង​បន្ត​ចូលរួមចំណែក​បម្រើប្រជាជន​ហ្វីលីពីន និង​ជំរុញ​លើកទឹកចិត្ត​ពួកគេ​ទៅមុខ​បន្តទៀត​ផងដែរ​។​

​លោក​បាន​បន្តថា​៖«​អ្នក​បាន​នាំមក​នូវ​ភាព​រីករាយ និង​មោទនភាព​សម្រាប់​ប្រទេស​យើង ដោយ​ក្លាយជា​ម្ចាស់​ពានរង្វាន់​ផ្នែក​ប្រដាល់​ពិភពលោក​»​។

​ចំណែក​លោក Pacquiao វិញ​បាន​ឆ្លៀត​រម្លឹក​ពី​អតីតកាល​នៅពេលដែល​លោក​នៅ​សំណង់​អនាធិបតេយ្យ ហើយ​លោក​មិនដែល​ធ្លាប់​គិតថា លោក​មានជីវិត​រុងរឿង​ដូច​បច្ចុប្បន្ន​ឡើយ​។ អ្វីដែល​លោក​ចង់​ធ្វើ​នោះ​គឺ​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាជន​ហ្វីលីពីន​ជាពិសេស​អ្នកក្រីក្រ​តែម្តង​៕


Tag:
 ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Manny Pacquiao
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com