ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​៖ ទាក់ទង​បរទេស​ដើម្បី​លើកស្ទួយ​ប្រជាធិបតេយ្យ មិនមែន​ផ្តួល​រដ្ឋាភិបាល​ទេ​
18, Dec 2017 , 3:37 pm        
រូបភាព
លោក កឹម សុខា អតីតប្រធានគណបក្ស​សង្គ្រោះ​ជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង
លោក កឹម សុខា អតីតប្រធានគណបក្ស​សង្គ្រោះ​ជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង
​ភ្នំពេញ​៖ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​សួរ​លោក កឹម សុខា ដល់​ពន្ធនាគារ​ជា​លើក​ទី​ពីរ ជុំវិញ​ការឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុងស្ថិត​ក្នុងកា​រ​ចោទប្រកាន់ថា ជា​អំពើ​ក្បត់ជាតិ​។ បើតាម​មេធាវី​របស់​អតីត​មេបក្ស​ប្រឆាំង កូនក្តី​របស់ខ្លួន បាន​ឆ្លើយថា ការផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​បរទេស​កន្លងមក គឺ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ប្រយោជន៍​ជាតិ មិនមែន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះឡើយ​។



​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​ពីរ​ខែ​មកហើយ​នោះ បាន​ច្រានចោល​ការចោទប្រកាន់ថា លោក មាន​ទំនាក់ទំនង​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ ផ្ទុយទៅវិញ អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ប្រាប់​ទៅ​ចៅក្រម​ស៊ើប​សួរថា ទំនាក់ទំនង​របស់លោក​ជាមួយ​បរទេស​កន្លងមក គឺ​ស្ថិតក្នុង​ក្របខណ្ឌ​ការងារ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​ស្រប​នឹង​ច្បាប់​ជាតិ​និង​ច្បាប់​អន្តជាតិ​។ ទាំងនេះ គឺជា​ការលើកឡើង​រប​ស់លោក ហែម សុជាតិ មេធាវី​មួយរូបរបស់លោក កឹម សុខា ដែល​បាន​ចូលរួម​ស្តាប់​ការសាកសួរ​។

​លោក​មេធាវី ហែម សុជាតិ បាន​សង្ខេប​ប្រសាសន៍​របស់លោក កឹម សុខា ដែល​ឆ្លើយ​ទៅកាន់​ចៅក្រម​ស៊ើបសួរ មក​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖«​គាត់​ថា​គាត់ ជា​កូន​ខ្មែរ​។ គាត់ គិតតែ​ពីអ្វី ដែល​ផ្តល់​ផលប្រយោជន៍​ឲ្យ​ខ្មែរ​។ ការឃុបឃិត ឬ​ការ​សមគំនិត​ជាមួយ​បរទេស មិនដែល​កើតមាន​ម្តងណា​ឡើយ​សម្រាប់​គាត់​។ ហើយ​គាត់ ស្រឡាញ់​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ចង់​ជួយ​កសាង​ប្រទេស​ឲ្យ​រីកចម្រើន​។ គាត់ មិន​ធ្វើ​អ្វីមួយ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​ទេ​»​។​

​លោក ហែម សុជាតិ  បន្តថា បញ្ហា​សំ​ខាន់ ដែល​ចៅក្រម​ស៊ើបសួរ លើក​ទៅ​សួរ​លោក កឹម សុខា គឺ​ផ្តោតលើ​ទំនាក់ទំនង​ជាមួយ​បរទេស ជាពិសេស​សហរដ្ឋអាមេរិក និង​អង្គការ​អន្តរជាតិ​មួយ​ចំ​នួ​ន​ទៀត ដូចជា វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) និង វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ជាដើម​។ លោក​មេធាវី និយាយ​ដូច្នេះ​ថា​៖«​ការសាកសួរ​កន្លងមក គឺ​អត់​មាន​ភស្តុតាង ដែល​បញ្ជាក់ថា​គាត់ បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ព្រោះ​ចម្លើយ​របស់គាត់ គឺ​បញ្ជាក់ថា អ្វីដែល​គាត់​ធ្វើ គឺ​សុទ្ធតែជា​សកម្មភាព​លើកស្ទួយ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ទាំងអស់​។ ដូច​អត់​មាន​អ្វី​ខុសពី​ហ្នឹង​ផង​»​។

​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ អមដោយ​ក្រឡាបញ្ជី​ពីររូប បានធ្វើ​ដំណើរ​ទៅជួប​លោក កឹម សុខា ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ កាល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២0១៧ ដើម្បី​សួរ​ពី​ការ​ស៊ុមគ្រលុំ​ជាមួយ​បរទេស​ជាសម្ងាត់ ក្នុងគោលបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

​លោក សំ សុ​គង់ មេធាវី​មួយរូប​ទៀត​របស់លោក កឹម សុខា បាន​ប្រាប់ថា ចៅក្រម​ស៊ើបសួរ បានលើកឡើង​នូវ​សំណួរ​ជាង ៥០​ឯណោះ​។ ប៉ុន្តែ លោក​មេធាវី​រូបនេះ អះអាងថា សំណួរ​ភាគច្រើន ក្នុងចំណោម​សំណួរ​ជាង​៥០​នោះ ត្រូវបាន​លោក កឹម សុខា មិន​ឆ្លើយតប ហើយ​នៅ​ស្ងៀម ដែលជា​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​។  

​លោក សំ សុ​គង់ បន្តថា ចៅក្រម​ស៊ើបសួរ នឹង​សួរ​លោក កឹម សុខា ពីរដង​ទៀត គឺ​នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២0១៧​។ លោក បន្ថែមថា ក្រុម​មេធាវី នឹងដាក់​សំណើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ ក្នុងថ្ងៃនេះ ឬ​ថ្ងៃស្អែក ដើម្បី​សុំ​ឲ្យ​នាំ​លោក កឹម សុខា ទៅ​សួរ​ក្នុង​បរិវេណ​តុលាការ​វិញ​។  

​លោក​មេធាវី សំ សុ​គង់ បញ្ជាក់​ពី​ហេតុផល​ថា​៖«​ទីមួយ ការស្នើ​បែបនេះ គឺជា​ឆន្ទៈ​របស់គាត់​ផ្ទាល់ [​លោក កឹម សុខា​]​។  ទី​ពីរ នីតិវិធី តម្រូវ​ឲ្យ​សួរ​គាត់ ក្នុង​បន្ទប់​ចៅក្រម​ស៊ើបសួរ មិនមែន​ក្នុង​ពន្ធនាគារ​ទេ​។ ហើយ​ទី​បី ការ​សួរ​ក្នុង​ពន្ធនាគារ គឺ​ហាក់ដូចជា​កាត់បន្ថយ​សិទ្ធិ​របស់​មេធាវី ក្នុងការ​ការពារ​ក្តី​»​។ 

​កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧ តុលាការ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ចាប់​លោក កឹម សុខា ដល់​គេហដ្ឋាន ។ តុលាការ យក​វីដេអូ​ឃ្លី​ប​មួយ ដែល​លោក កឹម សុខា បាន​និយាយ​តាំង​ប៉ុន្មាន​ឆ្នាំមុន ទៅធ្វើជា​អង្គហេតុ​ក្នុងការ​ចាប់ខ្លួន និង​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការសង្ស័យថា បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។

​ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក កឹម សុខា បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា ខ្លួន​មាន​អ្នកជំនាញ​ជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជួយ​ជ្រោមជ្រែង ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​កនៅ​កម្ពុជា​។ ក្តី​សង្ស័យ​លើ​លោក កឹម សុខា ជុំវិញ​អំពើ​ក្បត់ជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ យកទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។

​ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​ឯកឧត្តម កឹម សុខា ដែរ ទើប​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយចោល​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ តុលាការ​កំពូល នឹង​បើកសវនាការ​លើ​បណ្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 កឹម សុខា​
  មេធាវី​
  ចៅក្រម
© រក្សាសិទ្ធិដោយ thmeythmey.com