កីឡាជាតិ
ជាតិ
AFC Cup៖ ជើងឯក​លី​គ​កម្ពុជា​នឹង​ឡើង​ទៅលេង​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យប្រវត្តិ​
18, Dec 2017 , 9:59 pm        
រូបភាព
ដោយ:
​ក្រុម​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​(Group Stage)​នៃ​ព្រឹត្តិការណ៍ AFC Cup ឆ្នាំ​២០១៨ ដោយ​ស្វ័យប្រវត្តិ​ទាំង​មិនបាច់​ឆ្លងកាត់​វគ្គ​ជម្រុះ Play-off​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​គណៈកម្មកា​រ​រៀបចំ​ការប្រកួត​បា​ល់​ទាត់​ជាតិ​(CNCC)​។



​នៅ​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក CNCC ដែល​ទទួលបន្ទុក​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កបាន​បញ្ជាក់ថា ក្រុម​ជើងឯក​ក្របខណ្ឌ​លី​ក​កំពូល​ឆ្នាំនេះ​នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ Group Stage នៃ AFC Cup ឆ្នាំ​២០១៨ ដោយ​ស្វ័យប្រវត្តិ​។ ក្នុងន័យនេះ​មានន័យថា ក្រុម​ជើងឯក​ដែល​តំណាង​ឲ្យ​កម្ពុជា​មិនចាំបាច់​ឆ្លងកាត់​វគ្គ​ជម្រុះ Play-off ដូច​កាល​ឆ្នាំ​២០១៧ នោះទេ​។​

​តែ​បច្ចុប្បន្ន​មិនទាន់​ដឹង​ក្រុម​ណាមួយ​ក្នុងចំណោម​ក្រសួងការពារជាតិ​, ណាហ្គា​វើ​ល​, ស្វាយរៀង និង​បឹងកេត ដែល​តំណាង​ឲ្យ​កម្ពុជា​សម្រាប់ AFC Cup នៅឡើយ​ទេ ព្រោះ​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ដំណើរការ​មិនទាន់​ចប់​។ ក្នុង​ដំណើរ​ដណ្តើម​ជើងឯក​លី​គ​កំពូល​ឆ្នាំនេះ ណាហ្គា​វើ​ល ត្រូវ​ប៉ះ​ក្រសួងការពារជាតិ នា​ថ្ងៃទី​២០ ខែធ្នូ ដោយ​ក្រុម​ឈ្នះ​នឹង​ឡើងទៅ​ជួប​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​បឹងកេត​ដែល​បាន​លេខ​១​ក្រោយ​ការប្រកួត​ទាំងពីរ​ជើង រង់ចាំ​សម្រាប់​ជំនួប​ផ្តាច់ព្រ័ត្រ​។   

​ដំបូង​ឡើយ ក្រុម​តំណាង​ជើងឯក​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ជើងឯក​ឡាវ Lao Toyota FC នៅ​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ាន ប៉ុន្តែ​កាលពី​ថ្ងៃទី​១៤ ខែធ្នូ អង្គភាព​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី AFC Entry Control Body (ECB) បានប្រកាសថា ក្រុម​ជើងឯក​ឡាវ​មួយ​នេះ មិនមាន​សិទ្ធិ​ចូល​ប្រជែង​ក្នុង AFC Cup នោះឡើយ ដោយសារ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ករណី​កំណត់​លទ្ធផល​ទុកជាមុន កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ។​

FFC ក៏ដូចជា AFC មិនបាន​បញ្ជាក់​ព័ត៌មាន​លំអិត​ឡើយ​។ ក្នុងករណីនេះ កម្ពុជា​ត្រូវ​លេង​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ពូ​ល F ជាមួយ​ក្រុម​សិង្ហ​បុរី Home United រួមទាំង​ក្រុម​ដែល​តំណាង​ឲ្យ​លី​គ​កំពូល​ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា​៕


Tag:
 បាល់ទាត់​
  AFC Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com