ជាតិ
បណ្ឌិត​អភិរក្ស​អាល្លឺម៉ង់ ចង់ឃើញ​អ្នក​មាននៅ​កម្ពុជា ធ្វើ​វិភាគទាន​អភិរក្ស​ប្រាសាទ​
18, Dec 2017 , 4:47 pm        
រូបភាព
បណ្ឌិត Esther von Plehwe-Leisen
បណ្ឌិត Esther von Plehwe-Leisen
​សៀមរាប៖ លោកស្រី​បណ្ឌិត Esther von Plehwe-Leisen និង លោក​បណ្ឌិត Hans Leisen ដែលជា​ស្វាមី​របស់ខ្លួន  បាន​ចំណាយពេល​រហូតដល់ ២០​ឆ្នាំ​ដឹកនាំ​គម្រោង​អភិរក្ស​អាល្លឺម៉ង់​អប្សរា (German-Apsara Conservation Project)​។ លោកស្រី​បានបង្ហាញ​អារម្មណ៍​រីករាយ​ខ្លាំង​ដែល​បាន​ជួយ​អភិរក្ស​ធនធាន​វប្បធម៌​កម្ពុជា និង​បណ្តុះបណ្តាល​អ្នក​អភិរក្ស​កម្ពុជា​ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ​។ អ្វីដែល​សំខាន់​លោកស្រី​បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ចូលរួម​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​នេះ ហើយ​អ្នកមាន​ធនធាន​គួរ​ធ្វើ​វិភាគទាន​ដល់​គម្រោង​អភិរក្ស​ដើម្បី​ភាព​គង់វង្ស​នៃ​សម្បត្តិ​វប្បធម៌​ដែល​មិនអាច​កាត់​ថៃ្ល​បាន​នេះដែរ​។



​ឆ្នាំ ២០១៧ ជា​ខួប​លើក​ទី ២០ នៃ​គម្រោង​អភិរក្ស​អាល្លឺម៉ង់ អប្សរា (GACP) ដែលជា​គម្រោង​ស្ថិតក្រោម​ការគាំទ្រ​ពី​សំណាក់​សាកលវិទ្យាល័យ និង​រដ្ឋាភិបាល​អាល្លឺម៉ង់​។ លោក​សាស្ត្រាចារ្យ​បណ្ឌិត​ជនជាតិ​អាល្លឺម៉ង់ Hans Leisen  និង​ភរិយា​លោកស្រី​បណ្ឌិត Esther von Plehwe-Leisen ដែលជា​ប្រធាន​គម្រោង​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​បានរួម​ចំណែក​អភិរក្ស​ចម្លាក់​តាម​ប្រាសាទ​កម្ពុជា ក៏ដូចជា​បាន​ជួយ​បណ្តុះបណ្តាល​ក្រុម​អភិរក្ស​ឲ្យ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​រយៈពេល ២០​ឆ្នាំ​នេះដែរ​។


ប្រធានគម្រោងអភិរក្សអាល្លឺម៉ង់អប្សរា (GACP) លោកបណ្ឌិត Hans Leisen

​លោកស្រី Esther von Plehwe-Leisen បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា​៖«​យើង​ពិតជា​រីករាយ​នៅពេលដែល​អាច​បន្តការងា​រ និង​បំពាក់បំប៉ន​សមត្ថភាព​ដល់​ក្រុមការងារ​អភិរក្ស​កម្ពុជា ក្នុង​រយៈពេល ២០​ឆ្នាំ​មកនេះ​»​។ 

​លោកស្រី​បន្តថា​៖«​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដែល​ការងារ​របស់​យើង​ត្រូវបានគេទទួលស្គាល់​។ វា​ជា​កិច្ចសហប្រតិបត្តិការ​ល្អ​មួយ​ជាមួយ​ក្រសួង​វប្បធម៌ យូណេស្កូ និង​អាជ្ញាធរ​ជាតិ​អប្សរា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​យើង​ទទួលបាន​បទពិសោធន៍​ច្រើន​ពី​គម្រោង​នេះ ហើយ​យើង​ក៏មាន​មោទនភាព​ដែលមាន​លទ្ធភាព​ផ្ទេរ​ក្រុមការងារ​របស់​យើង​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​»​។​

​ក្រៅពីនេះ លោកស្រី​បង្ហាញ​អារម្មណ៍​សុទិដ្ឋិនិយម​ថា ក្រុមការងារ​ដែល​ត្រូវបាន​បណ្តុះបណ្តាល​ក្រោម​គម្រោង GACP ក្រោម​ជំនួយ​រដ្ឋាភិបាល​អាល្លឺម៉ង់​នេះ​នឹងមាន​លទ្ធភាព និង​សមត្ថភាព​បន្តការងារ អភិរក្ស និង​ចូលរួម​ធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​អប្សរា​ដើម្បី​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​នេះ​។ ប៉ុន្តែ​បើតាម​យោបល់​លោកស្រី កម្ពុជា​នៅ​ខ្វះ​ធនធាន​ច្រើន​ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិរក្ស​នេះ​។​


លោកស្រីបណ្ឌិត Esther von Plehwe-Leisen

«​ខ្ញុំ​គិតថា ការអភិរក្ស​ជា​កិច្ចការ​មិនចេះចប់​។ នៅ​អាល្លឺម៉ង់​យើង​មាន Monument care ដែល​ផ្តោតលើ​ការថែទាំ​បេតិកភណ្ឌ​ជាប្រចាំ​។ នេះ​មិនមែន​យើង​ចូល​អន្តរាគមន៍​តែម្តង​ហើយ​ឈប់​ខ្វាយខ្វល់​នោះឡើយ​។ ដោយសារ​នៅ​កិច្ចការ​ច្រើន​ដែល​ត្រូវធ្វើ កម្ពុជា​ត្រូវការ​អ្នក​អភិរក្ស វិស្វករ និង​ស្ថាបត្យករ ដែលមាន​សមត្ថភាព​បន្ថែម ហើយ​យើង​ត្រូវ​ធ្វើការ​រួមគ្នា​»។

​ពេល​សាក​សួរថា​តើ​ប្រជាជន​កម្ពុជា​អាចធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់ខ្លួន​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​ទៅមុខ អ្នកវិទ្យាសាស្ត្រ​ជំនាញ​អភិរក្ស​រូបនេះ​បានផ្តល់​យោបល់​ថា ពួកគេ​ត្រូវ​រៀនសូត្រ ស្វែងយល់ និង​ផ្តល់​តម្លៃ​ដល់​បេតិកភណ្ឌ​ដែល​ខ្លួន​មាន ហើយ​ប្រជាជន​ដែលមាន​លទ្ធភាព​ក៏​គួរ​ចូលរួម​ជា​វិភាគទាន​សម្រាប់​ការអភិរក្ស​នេះ​ផងដែរ​។​


សមាជិកគម្រោងអភិរក្ស (GACP) និងតំណាងក្រសួង​ការបរទេសអាល្លឺម៉ង់លោកស្រី Renate Reichardt (ទីពីររាប់ពីស្តាំ)

«​ប្រជាជន​កម្ពុជា​ម្នាក់ៗ​អាចរួមចំណែក​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នេះ​។  ថ្វីបើ​ប្រាសាទ​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក៏ពិតមែន តែ​វា​នៅតែ​ទ្រព្យ​របស់​ប្រជាជន​កម្ពុជា​។ ពួកគេ​អាច​គាំទ្រ ចាប់អារម្មណ៍ ស្រាវជ្រាវ និង​រៀនសូត្រ​បន្ថែម​ពី​បេតិកភណ្ឌ​វប្បធម៌ ជាពិសេស​គឺ ប្រុងប្រយ័ត្ន កុំ​ប៉ះពាល់​ពេល​មក​ទស្សនា និង ការពារ​ចម្លាក់​តាម​ប្រាសាទ​កុំ​ឲ្យ​ខូចខាត​ជាដើម​»​។ លោកស្រី Esther von Plehwe-Leisen បាន​ពន្យល់​ដូច្នេះ​។

លោកស្រី​សង្កត់ធ្ងន់ថា​៖«​រឿង​មួយ​ដែល​សំខាន់​នោះ​គឺ​ប្រជាជន​កម្ពុជា​ដែលមាន​ធនធាន គួរ​ចូលរួមចំណែក​ជាមួយ​ស្ថាប័ន​អ​ភ​រិ​ក្ស តាមរយៈ​ការផ្តល់​វិភាគទាន​ខ្លះ​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ធានា​និរន្តរភាព​នៃ​ការថែទាំ និង​អភិរក្ស ក៏ដូចជា​ជួយ​ឲ្យ​បេតិកភណ្ឌ​វប្បធម៌​នេះ​នៅ​គង់វង្ស​ដែរ​»៕


Tag:
 Esther von Plehwe-Leisen
  Hans Leisen
  អាល្លឺម៉ង់​
  GACP
© រក្សាសិទ្ធិដោយ thmeythmey.com