អន្តរជាតិ
វិទ្យាស្ថាន​ខុង​ជឺ​ជា​ទ្វារ​ដើម្បី​ស្វែងយល់​ពី​ចិន​
18, Dec 2017 , 5:35 pm        
រូបភាព
​ប៉េកាំង​៖ វិទ្យាស្ថាន​ខុង​ជឺ នឹង​បង្កើន​វត្តមាន​របស់ខ្លួន​នៅតាម​ប្រទេស​តាម​បណ្ដោយ​ទន្លេមេគង្គ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្ដូរ​ទំនាក់ទំនង​រវាង​ចិន និង​ប្រទេស​ចំនួន​ប្រាំ​ផ្សេងទៀត​ដែលជា​សមាជិក​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ (LMC) ។ នេះ​បើតាម​ការលើកឡើង​រប​ស់អគ្គ​នាយក រង​នៃ​វិទ្យាស្ថាន​ខុង​ជឺ​ផ្ទាល់ ដែល​បន្តថា វិទ្យាស្ថាន​ខុង​ជឺ​ជា​ទ្វារ​សម្រាប់​ស្វែងយល់​ឲ្យ​បាន​ច្រើន​ពី​ប្រទេស​ចិន​។​



​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​មកពី​ប្រទេស​ប្រាំ​នៃ​សមាជិក LMC នៅ​ថ្ងៃទី​១៨ ខែធ្នូ អគ្គនាយករង​វិទ្យាស្ថាន​ខុង​ជឺ​ទីក្រុង​ប៉េកាំង​លោក Yu Yunfeng ចាត់ទុក​វិទ្យាស្ថាន​ខុង​ជឺ ជា​ស្ពាន​សម្រាប់​ភ្ជាប់ ទំនាក់ទំនង​រវាង​ចិន និង​ប្រទេស​ទាំង​ប្រាំ​នៃ​ទន្លេមេគង្គ ក៏ដូចជា​ទ្វារ​សម្រាប់​ការស្វែងយល់​ពី​ចិន​ដែរ​។ លោក​បន្តថា វិទ្យាស្ថាន​ខុង​ជឺ មិន​ត្រឹម​បង្រៀន​ភាសា​ចិន​ឡើយ តែ​ក៏​ជួយ​ពង្រឹង​មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​៦ ។​


    
​គិត​ត្រឹម​ឆ្នាំ​២០១៧ វិទ្យាស្ថាន​ខុង​ជឺ​មាន​ទីតាំង​ចំនួន​១៩ នៅក្នុង​ប្រទេស​ទាំង​ប្រាំ​តាម​ដង​ទន្លេមេគង្គ​រួមមាន ថៃ មី​យ៉ាន់​ម៉ា កម្ពុជា ឡាវ និង​វៀតណាម និង​មាន​ថ្នាក់​បង្រៀន​ភាសា​ចិន​ចំនួន​២៥​ថ្នាក់ ដោយមាន​ថៃ​មាន​ចំនួន​ច្រើនជាងគេ​។ ដោយឡែក នៅ​កម្ពុជា​វិញ វិទ្យាស្ថាន​ខុង​ជឺ​មាន​មួយ​ទីតាំង និង​មាន​ថ្នាក់​បង្រៀន​ចំនួន​បី​ប៉ុណ្ណោះ ខណៈ​ប្រទេស​បី​ទៀត​ក៏​មិនមាន​ច្រើន​ដែរ​។ យ៉ាងណាក្ដី ចំនួន​វិទ្យាស្ថាន​នេះ​នឹង​កើនឡើង​នៅពេល​ខាងមុខ​។​

​ជុំវិញ​អតុល្យភាព​នៃ​ចំនួន​វិទ្យាស្ថាន​ខុង​ជឺ​ង​នេះ លោក Yu Yunfeng បានលើកឡើង​ពី​កត្តា​មួយ ចំនួន ដែល​រាប់ទាំង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ប្រាំ​ជាមួយ​ចិន បំណង​បើក​វិទ្យាស្ថាន​របស់​ប្រទេស​នីមួយៗ និង​ការផ្ដល់​ការអនុញ្ញាត​ឲ្យ​បើក​វិទ្យាស្ថាន​ជាដើម​។ សម្រាប់​ប្រទេស​ថៃ​ដែលមាន​វិទ្យាស្ថាន​ខុង​ជឺ​ច្រើន ជាងគេ លោក Yu អះអាងថា សង្គម​ថៃ​មាន​ជំហរ​បើកចំហ​ទៅកាន់​ចិន មិន​ថា​រដ្ឋាភិបាល ឬ​ប្រជាជន ឡើយ​។​



​លោក Yu បញ្ជាក់ថា វិទ្យាស្ថាន​របស់លោក​ក៏បាន​កំណត់​អាទិភាព​ក្នុង​ការបង្កើត​វិទ្យាស្ថាន និង​ថ្នាក់​បង្រៀន​នៅតាម​ប្រទេស​ផ្សេងៗ ក៏ដូចជា​ការដាក់សំណើ​សុំ​ពី​រដ្ឋាភិបាល និង​សាកលវិទ្យាល័យ​ជា​ម្ចាស់ផ្ទះ​។ «​វា​ក៏​អាស្រ័យ​លើ​បំណង​របស់​ប្រទេស​ទាំងនោះ​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​បើក​វិទ្យាស្ថាន ឬ​ថ្នាក់​បង្រៀន​ខុង​ជឺ​។​» នេះ​ជា​បន្ថែម​របស់លោក​ចំពោះមុខ​អ្នកសារព័ត៌មាន​នៅឯ​ទីស្នាក់ការ​ធំ​វិទ្យាស្ថាន​ខុង​ជឺ​៕


Tag:
 ចិន​
  3thLMC
© រក្សាសិទ្ធិដោយ thmeythmey.com