រថយន្ត
អន្តរជាតិ
កំហុស​បច្ចេកទេស បុរស​ម្នាក់​ជិះ Uber ២០​នាទី តែ​គាត់​ត្រូវ​បង់​១៥០០០​ដុល្លារ​អាមេរិក​
18, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ធីតា
​បុរស​ម្នាក់​ដែល​រស់នៅ​ក្រុង​តូ​រុង​តូ ប្រទេស​កាណាដា បាន​ជួប​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​កាលពីពេល​ថ្មីៗ​កន្លងមក ដោយ​រូបគេ​បាន​ជិះ​រថយន្ត​សេវាកម្ម Uber ក្នុង​រយៈពេល​ត្រឹមតែ​២០​នាទី ប៉ុន្តែ​វិក្កយបត្រ​ចេញមក​ស្មើនឹង​តម្លៃ​រថយន្ត​មួយគ្រឿង ពោលគឺ​១៨ ៥១៨​ដុល្លារ​កាណាដា (​ជិត​១៥០០០​ដុល្លារ​អាមេរិក​)​។​



​លោក Hisham Salama បាន​ជិះ​រថយន្ត​តាម​សេវាកម្ម Uber ដើម្បី​ទៅសួរសុខទុក្ខ​មិត្តភក្តិ​ម្នា​ក់នៅ​មន្ទីរពេទ្យ St.Joseph ក្នុង​ក្រុង​តូ​រុង​តូ លើ​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ និង​ក្នុង​រយៈពេល​ជាង​២០​នាទី​។ លោក​គិតថា តម្លៃ​ដែល​លោក​ត្រូវ​បង់​គឺ​ក្នុង​រង្វង់​២០​ដុល្លារ​កាណាដា (​ជាង​១៥​ដុល្លារ​អាមេរិក​)​។ ប៉ុន្តែ​ផ្ទុយទៅវិញ សារ​នៅក្នុង App បាន​បង្ហាញថា លោក​ត្រូវ​ចំណាយ ១៨ ៥១៨​ដុល្លារ​កាណាដា (​ជិ​ង​១៥០០០​ដុល្លារ​អាមេរិក​)​។​

«​ឃើញ​ដំបូង ខ្ញុំ​បានត្រឹមតែ​សើច​ប៉ុណ្ណោះ ព្រោះ​គិតថា វា​គ្រាន់តែ​ជា​បញ្ហា​បច្ចេកទេស​បន្តិចបន្តួច ប៉ុន្តែ​២០​នាទី​ក្រោយមក ខ្ញុំ​និង​មិត្ត​ម្នាក់ គិតថា គួរពិនិត្យមើល Credit Card ដើម្បី​ផ្ទៀងផ្ទាត់​»​។ នេះ​ជាការ​រៀបរាប់​របស់លោក Salama ទៅកាន់​សារព័ត៌មាន VICE ។​



​ក្រោយ​ការត្រួតពិនិត្យ ទើប​លោក Salama មើលឃើញថា ការ​ជិះ Uber ចន្លោះ​ពី​ម៉ោង​៥:១៤​នាទី ដល់​ម៉ោង​៥:៣៥​នាទី ពិតជា​បានធ្វើ​ឲ្យ​លោក​ត្រូវ​ចំណាយលុយ​ជិត​១៥០០០​ដុល្លារ​អាមេរិក​យ៉ាង​ដូច្នោះ​មែន ហើយ​ទឹកប្រាក់​ក្នុង​កាត​ឥណទាន​របស់លោក ក៏​មិន​គ្រប់គ្រាន់​ក្នុងការ​បង់ថ្លៃ​សេវា​នោះដែរ ។​

​លោក Salama បាន​ទាក់ទង​ភ្លាមៗ​ទៅ​សេវាកម្ម​អតិថិជន ប៉ុន្តែ​គ្មាន​ការឆ្លើយតប ទៅ​ព្រឹកស្អែក​បន្ទាប់ ខាង​ភ្នាក់ងារ Uber បាន​ទាក់ទង​ទៅ​លោក​វិញ​ថា តម្លៃ​សេវាកម្ម​ពិតជា​ត្រឹមត្រូវ​។​
​ក្រៅពី​លោក និង​មិត្តភក្តិ​បង្ហោះ ករណីនេះ​នៅលើ​បណ្តាញ​សង្គម Twitter លោក Salama បាន​បន្ត​ព្យាយាម​ទាក់ទង​ទៅខាង Uber ហើយ​ទីបំផុត​ទើប​ពិនិត្យឃើញថា វា​ជា​កំហុស​បច្ចេកទេស​សុទ្ធសាធ​។​

​ក្រុមហ៊ុន Uber បានចេញ​សេចក្តីថ្លែងការណ៍​សុំទោស​ជា​ធា​រណៈ​ចំពោះ​ហេតុការណ៍​ដែល​បានកើត​ឡើង ព្រមទាំង​សង​ប្រាក់​១៥០​ដុល្លារ​វិញ ដែល​បាន​កាត់​ចេញពី​កាត​ឥណទាន​របស់លោក Salama៕


Tag:
 Uber
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com