អន្តរជាតិ
ប្រមុខ​សិទ្ធិមនុស្ស​៖ «​មុន​ផ្ទុះ​វិបត្តិ​ជនភៀសខ្លួន ខ្ញុំ​បាន​សុំ​ឲ្យ​លោកស្រី​ស៊ូ​ជី បញ្ឈប់​សកម្មភាព​យោធា តែ​លោកស្រី​មិន​ធ្វើ​អ្វី​សោះ​»
19, Dec 2017 , 7:19 pm        
រូបភាព
ដោយ:
​ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​រិះគន់ និង​ដាស់តឿន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ជាថ្មី​លើ​វិបត្តិ​ជនភៀសខ្លួន​នៅក្នុង​រដ្ឋ Rakhine ។ ប្រមុខ​សិទ្ធិមនុស្ស​រូបនេះ បាន​ព្រមាន​ពី​ការវិវត្ត​នៃ​ស្ថានភាព​ជម្លោះ ដែល​អាចធ្វើ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ផ្សេងទៀត​ក្នុង​ជម្លោះ​មី​យ៉ាន់​ម៉ា​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍​។



​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន BBC ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​១៨ ធ្នូ លោក Zeid Ra'ad Al Hussein ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​អះអាងថា លោក គ្មាន​យុត្តាធិការ ឬ​សមត្ថកិច្ច​ក្នុងការ​បង្ហាញថា យោធា​ឬ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ប្រព្រឹត្ត​អំពើ​ដែល​អាច​ឈានដល់​បទល្មើស​ប្រល័យពូជសាសន៍​នោះទេ ។

​ក៏ប៉ុន្តែ លោក​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​រូបនេះ បាន​ទទូច​ឲ្យ​មានការ​ស៊ើបអង្កេត​បទ​ឧក្រិដ្ឋ​មួយ​ពាក់ព័ន្ធ​នឹង​វិបត្តិ នៅក្នុង​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា ដែល​លោក​អះអាងថា វា​ជាការ​វាយប្រហារ​ដ៏​ឃោរឃៅ​ទៅលើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម ដើម្បី​មក​ទទួល​ការខុសត្រូវ​ផ្នែក​ច្បាប់ ។

​តាមរយៈ​កិច្ចសម្ភាសន៍​ដដែល​នោះ លោក Zeid Ra'ad Al Hussein ក៏បាន​រម្លឹក​ពី​ការយកចិត្តទុកដាក់រ​ប​ស់លោក ក៏ដូចជា​អង្គការសហប្រជាជាតិ មុន​ពេលដែល​វិបត្តិ​មនុស្សជាតិ​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ​បាន​កើតឡើង​ផងដែរ ។ លោក Zeid បាន​អះអាងថា​៖« នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៧ ជា​ពេលដែល​ភ្នាក់ងារ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ចេញ​របាយការណ៍​ហិង្សា​មួយ​នៅ​មី​យ៉ាន់​ម៉ា​ដែល​ផ្ទុះឡើង​នៅ​ខែតុលា​ឆ្នាំ​២០១៦ ខ្ញុំ បាន​ទូរ​សព្ទ័​ទៅ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​»​។

​លោក​បន្ថែមថា​៖ «​ខ្ញុំ​បាន​អំពាវនាវ​ឲ្យ​លោកស្រី​ស៊ូ​ជី បញ្ឈប់​ប្រតិបត្តិការ​របស់​យោធា ។ ... ខ្ញុំ ក៏បាន​អំពាវនាវ​ឲ្យ​លោកស្រី ធ្វើ​អ្វី​ក៏ដោយ ដែល​លោកស្រី អាច​ធ្វើបាន​ដើម្បី​បញ្ចប់​បញ្ហា​នេះ​។​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​ខ្ញុំ គឺ វា​ហាក់​គ្មាន​ចំណាត់ការ​ណាមួយ​ត្រូវបាន​ដាក់ចេញ​សោះ​»​។

​គួរ​ជម្រាប​ផងដែរ​ថា តាម​របាយការណ៍​រប​ស់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន មកទល់ពេលនេះ ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅតែ​បន្ត​ភៀសខ្លួន​ចេញពី​រដ្ឋ​មានការ​បាញ់ប្រហារ Rakhine របស់​មី​យ៉ាន់​ម៉ា​ជាមួយនឹង​ភាពភ័យខ្លាច ។ ក្រុម​ភៀសខ្លួន​ទាំងនោះ បាន​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស សរុប​ជាង ៦០ ម៉ឺន​នាក់​ហើយ ។​

​កន្លងមក លោក​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស ក៏ដូចជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​បើក​កិច្ចប្រជុំ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ដើម្បី​ជា​វេទិការ​ដេញដោល​មី​យ៉ាន់​ម៉ា និង​ដាក់​សម្ពាធ​ឲ្យ​មី​យ៉ាន់​ម៉ា រិះរក​មធ្យោបាយ​ដោះស្រាយ និង​បញ្ចប់​បញ្ហា​។ ក៏ប៉ុន្តែ​ថ្មីៗ​នេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏បាន​ថ្លែង​ការពារ​ថា ស្ថានភាព​នៅ​កន្លែង​មាន​បញ្ហា បាន​វិល​ទៅរក​ភាព​ដើម​វិញ​ហើយ ។ មី​យ៉ាន់​ម៉ា ក៏បាន​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ទុកពេល​សម្រាប់​ខ្លួន​ដើម្បី​ស្តារ​ស្ថានភាព​ឡើងវិញ​ផងដែរ ៕


Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com