ជាតិ
សេដ្ឋកិច្ច
ការអនុគ្រោះ​ពន្ធ EU ដល់​កម្ពុជា​មានតម្លៃ ៦៧៦​លាន​ដុល្លារ ឯ​អាមេរិក ១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
19, Dec 2017 , 6:15 pm        
រូបភាព
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបភាពពីក្រសួងពាណិជ្ជកម្ម
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបភាពពីក្រសួងពាណិជ្ជកម្ម
ដោយ:
​ភ្នំពេញ​៖ កម្ពុជា ជា​ប្រទេស​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​សហភាព​អឺរ៉ុប ក្រោម​ក្របខណ្ឌ​អនុគ្រោះ​ពន្ធ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA)»​។ តែបើ​និយាយ​ពី​ការនាំ​ចេញទៅ​សហរដ្ឋ​មេ​រិ​ក​វិញ កម្ពុជា​ត្រូវ​បង់ពន្ធ​ស្ទើរ​ទាំងស្រុង ពោលគឺ​លើកលែងតែ​ផលិតផល​សម្រាប់​ធ្វើដំណើ​រ (travelling goods) មួយ​ប៉ុណ្ណោះ ដែល​បាន​អនុវត្ត​ពី​ចុងឆ្នាំ​២០១៦ មក​។​



​ក្រសួងពាណិជ្ជកម្ម បានបង្ហាញ​ពី​ទំហំ​ប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) និង​សហរដ្ឋអាមេរិក រួមទាំង​ចំនួន​ប្រាក់​ពន្ធចំពោះ​ទីផ្សារ​ទាំងនេះ​។ ក្រសួង​បានបង្ហាញ​តួលេខ​នេះ តាមរយៈ​លិខិត​របស់​ក្រសួង​ដែល​ចុះហត្ថលេខា​ដោយ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​៤​ខែធ្នូ ដែល​ផ្ញើជូន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ EU ក្នុង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​ចំនួន ៦២៥៩ លាន​ដុល្លារ​អាមេរិក​។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ ក្រសួង​បញ្ជាក់ទៀតថា បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេនោះ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន ៦៧៦ លាន​ដុល្លារ​។ ទំនិញ​ដែល​ទៅ​ទីផ្សារ​មួយ​នេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន ជាដើម​។​

​រីឯ​ការនាំ​ចេញទៅ​សហរដ្ឋ​មេ​រិ​ក​វិញ គឺមាន​ទំហំ​ប្រាក់ ២៩១៦ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ។ ទឹកប្រាក់​ដែល​កម្ពុជា​បាន​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​មាន​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ (​ក្នុង​អត្រាពន្ធ​មធ្យម ១២​ភាគរយ​)​។ ក្រសួងពាណិជ្ជកម្ម អះអាងថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​អាមេរិក​បាន​បង់ពន្ធ​ស្ទើរ​ទាំងស្រុង លើកលែងតែ​ផលិតផល travelling goods ដែល​រដ្ឋាភិបាល​អាមេរិក​អនុគ្រោះ​ដល់​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៦  ។ បើសិន​កម្ពុជា​ត្រូវ​បង់ប្រាក់​ពន្ធ​លើ​ទំនិញ​នេះ គឺមាន​ទឹកប្រាក់​ប្រមាណ ១០​លាន​ដុល្លារ (​ក្នុង​អត្រាពន្ធ ៥​ភាគរយ​)​។ ផលិតផល​របស់​កម្ពុ​ជា​ចូល​ទីផ្សារ​នេះ​រួមមាន សំលៀកបំពាក់ ស្រោម​និង​ស្បែកជើង ប្រដាប់​ក្មេង​លេង វត្ថុ​ធ្វើ​ពី​ស្បែក ស្រោមពូក និង​គ្រឿង​សង្ហា​រឹម ជាដើម​។​

​យោងតាម​លិខិត​ខាងលើ ក្រសួងពាណិជ្ជកម្ម​បាន​ផ្ដល់យោបល់​ជូន​ប្រមុខ​រដ្ឋាភិបាល យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​ទប់ស្កាត់​ការសម្រេច​ព្យួរ​សម្បទាន​ពន្ធគយ​លើ​គ្រប់មុខ​ទំនិញ​ដោយ​សភា​អឺរ៉ុប ជាយថាហេតុ កម្ពុជា​គួរ​បញ្ចុះបញ្ចូល​បណ្ដា​ប្រទេស​ជា​មិត្ត​ដែលជា​សមាជិក​សហភាព​អឺរ៉ុប តាមរយៈ​បណ្ដា​ការទូត និង​ពាណិជ្ជកម្ម ព្រោះ​សហភាព​អឺរ៉ុប​ច្រើន​មាន​ភាពទន់ភ្លន់ និង​យោគយល់​ដល់​ស្ថានភាព​របស់​កម្ពុជា​»​។​

​ក្រៅពីនេះ​ក្រសួង​បានផ្ដល់​ជូន​យោបល់​លើ​ជម្រើស​ផ្សេងទៀត គឺ​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។​ ​បើតាម​លិខិត​នេះ ក្រសួងពាណិជ្ជកម្ម​ហាក់​មិនសូវ​បារម្ភ​ខ្លាំង បើ​មានការ​លុប ឬ​ព្យួរ​ការអនុគ្រោះ​ពន្ធ​របស់​សហរដ្ឋអាមេរិក​ឡើយ ព្រោះ​ទឹកប្រាក់​ដែល​ត្រូវ​បង់ពន្ធ​នោះ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។​

​គួរ​រ​បញ្ជាក់ថា ក្រុម​សមាជិកសភា​សហភាព​អឺរ៉ុប ក្នុងពេល​ថ្មីៗ​នេះ បានដាក់​សំណើ​ដល់​សភា​មួយ​នេះ​លើ​លទ្ធភាព​រឹតបន្តឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​កម្ពុជា រួមទាំង​ការពិនិត្យ​លើ​ក្របខណ្ឌ​អនុគ្រោះ​ពន្ធ EBA ចំពោះ​ប្រទេស​កម្ពុជា​ផងដែរ ដែល​សំណើ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានកា​រំលាយ​បក្សប្រឆាំង​៕


Tag:
 ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com