ជាតិ
វីដេអូ
កណ្តុ​រហិត​មីន មាន​សមត្ថភាព​អាច​រុករក​សារធាតុ​ផ្ទុះ​ក្នុង​ជម្រៅ​ដី​ពី​៣​០ ទៅ​ ៤០ ​​សង់ទីម៉ែត្រ​
20, Dec 2017 , 4:35 pm        
រូបភាព
​សៀម​រាម​៖ សត្វ​កណ្តុរ និង​សុនខ បាននិងកំពុង​ក្លាយជា​ឧបករណ៍​ជំនួយ​រាវរក​មីន​ដ៏​សំខាន់ សម្រាប់​បណ្តា​ប្រទេស​មួយចំនួន ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។ កណ្តុ​រហិត​មីន ត្រូវបាន​នាំចូល​ដោយ​អង្គការ អា​ប៉ូ​ប៉ូ (Apopo) ដែលជា​ដៃគូ​ដ៏​សំខាន់​របស់​អង្គការ ស៊ីម៉ាក់​។

 

​សត្វ​កណ្តុ​រហិត​មីន ត្រូវបាន​នាំចូល​ពី​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​។ គេ​ត្រូវ​ប​ន្សុាំ​វា​ឱ្យ​ផ្សុាំ​ទៅនឹង​អាកាសធាតុ​នៅ​តំបន់​រាវរក​មីន​យ៉ាងហោចណាស់​ចន្លោះ​ពី ១​ឆ្នាំទៅ​២​ឆ្នាំ មុននឹង​ដាក់​វា​ឱ្យ​ប្រតិបត្តិ​ការរុករក​សារ​ធាតុ​ផ្ទុះ​ផ្សេងៗ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ផូ​ម៉ា​កា​ហ្សី ជនជាតិ​អង់គ្លេស ដែលជា​ប្រធាន​គម្រោង​របស់ អង្គការ អេ​ប៉ូ​ប៉ូ ដែលមាន​ស្នាក់ការ​នៅ​ខេត្តសៀមរាប ។



​លោក ផូ ម៉ា​កា​ហ្សី បាន​បន្ត​ឱ្យដឹងថា កណ្តុ​រហិត​មីន អាច​ប្រតិបត្តិ​ការរុករក​សារ​ធាតុ​ផ្ទុះ​ពី​៦​ឆ្នាំ ទៅ​៨​ឆ្នាំ ដោយ​វា​មាន​សមត្ថភាព​ហិត​ក្នុង​ជម្រៅ​ដី​ពី ​៣០ ទៅ​៤​០ សង់ទីម៉ែត្រ​ឯណោះ​។ អ្វីដែល​ពិសេស​ទៀត​នោះ គឺ​វា​មាន​សមត្ថភាព​ហិត​រកតែ​សារធាតុ​រំសេវ ឬ​ជាតិ​ផ្ទុះ​តែប៉ុណ្ណោះ ខុសពី​គ្រឿង​ម៉ាស៊ីន ដែល​ពិបាក​ក្នុងការ​រុករក ព្រោះថា វា​ចាប់​រាល់​សារ​ធាតុដែក ដែលមាន​ក្នុង​ដី ដែល​ធ្វើឱ្យ​យឺតយ៉ាវ​ក្នុងការ​សម្អាត​មីន​នៅ​កម្ពុជា​។ 

​នៅ​ខេត្តសៀមរាប សត្វ​កណ្តុរ និង​សុនខ ត្រូវបាន​គេ​ដាក់​ក្នុង​ប្រតិបត្តិការ​ហិត​មីន​នៅ​គោលដៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ជាមួយ​សកម្មភាព​ប្រតិបត្តិការ​រាវរក​មីន​របស់​កងឯកភាព​ចំ​ចាត់​មីន​កម្ពុ​ជាទី​៤ ដែលមាន​ទីបញ្ជាការ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​។ តាម​ប្រធាន​អង្គការ អា​ប៉ូ​ប៉ូ សត្វ​កណ្តុរ​សម្រាប់​ហិត​មីន​នេះ គឺមាន​អាជ្ញា​ប​ណ្ណ័​បញ្ជាក់​ពី​ប្រទេស​ដៃគូរ ក្រោយ​មានការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​រួចមក ថា​វា​ពិត​ជាមាន​សមត្ថភាព​ហិតក្លិន​រកសារ​ធាតុ​មីន ឬ​គ្រឿង​យុទ្ធ​ភ័ណ្ណ​មិនទាន់​ផ្ទុះ​។ សត្វ​កណ្តុរ វា​ធ្វើការ​ដូច​ទៅនឹង​មនុស្ស​ដែរ គឺ​វា​អាច​ធ្វើការ​បានយូរ នៅពេល​អាកាសធាតុ​ត្រជាក់​ល្អ ហើយ​វា​ធន់​នឹង​អាកាសធាតុ​រហូតដល់​៣៩​អង្សា​សេ ៕

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖





Tag:
 កណ្តុ​រហិត​មីន​
  អង្គការ​អា​ប៉ូ​ប៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com