ជាតិ
សុខភាព
ក្រសួងសុខាភិបាល ហាម​ពលរដ្ឋ​ប្រើប្រាស់​ទឹកដោះគោ​៣​ប្រភេទ​ដែលមាន​មេរោគ​
20, Dec 2017 , 5:24 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ប្រាប់​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការទិញ​ទឹកដោះគោ​ចំនួន​៣​ប្រភេទ យកទៅ​ឲ្យ​កូន​ឫ​ទារក​ញាំ ដោយសារ​តែមាន​សារធាតុ​មេរោគ នៅក្នុង​ទឹកដោះគោ​នោះ​។



​ទឹកដោះ​ទាំង​៣​ប្រភេទ ដែល​ក្រសួងសុខាភិបាល ហាម​ពលរដ្ឋ​យកទៅ​ផ្ដល់​ជា​ចំណីអាហារ សម្រាប់​ទារក និង​កូនតូចៗ​នោះ មាន​ទឹកដោះគោ​ម៉ាក​សេ​លី​យ៉ា អាដេ ( CELIA AD, ៣៥០​ក្រាម​) សេ​លី​យ៉ា ម៉ា​ម៉ា (CELIA MAMA, ៤០០​ក្រាម​) ដែលជា​ផលិតផល​របស់​បារាំង នាំចូល​ដោយ​ក្រុមហ៊ុន ANGKOR ADVANN (CAMBODIA) Import & Export និង​ទឹកដោះគោ​ពិ​កូត​អេស​អិ​ល (PICOT SL, ៣៥០​ក្រាម​) ជា​ផលិតផល​បារាំង ដែល​នាំចូល​ដោយ​ក្រុមហ៊ុន MEDEX CO.LTD​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ទឹកដោះគោ​ទាំង​៣​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុ​មេរោគ​ម្យ៉ាង​ឈ្មោះថា សាល​ម៉ូ​ណែ​ល​ឡា (Salmonella) ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់ ជាពិសេស​ទារក កុមារ​តូចៗ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​។​

​ក្រសួងសុខាភិបាល ក៏បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ប្រមូលយក​ទឹកដោះគោ​ទាំងនោះ​ពី​ទីផ្សារ​វិញ​។ បន្ថែម​ពីនេះ​ក្រសួង ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការទិញ​ទឹកដោះគោ​ចំនួន​៣​ប្រភេទ​យកទៅ​ឲ្យ​ប្រើប្រាស់​ផងដែរ​។ បើ​ក្នុងករណី​ប្រទះ​មាន​អ្នកប្រើប្រាស់ ឬ​មាន​អ្នកជំងឺ​ដោយសារ​ប្រើប្រាស់​ទឹកដោះគោ​ខាងលើនេះ ត្រូវ​រាយការណ៍​មក​ក្រសួង​៕


Tag:
 សុខាភិបាល​
 ​ ទឹកដោះគោ
© រក្សាសិទ្ធិដោយ thmeythmey.com