ជាតិ
​​​ន​យោ​បាយ​ជាតិ​
មាន​គណបក្ស​៤​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​
21, Dec 2017 , 2:00 pm        
រូបភាព
​ភ្នំពេញ​៖ មានតែ​គណបក្សនយោបាយ​៤​ប៉ុណ្ណោះ នឹងត្រូវ​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ឆ្នាំ​២០១៨​ខាងមុខ ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា មានលទ្ធភាព​ខ្ពស់​ជាងគេ ក្នុងការ​ទទួលបាន​អាសនៈ​ស្ទើ​ទាំងស្រុង​។​



​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ស្គាល់​គណបក្ស​នយោបាយ​៤​ជា​ផ្លូវការ ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ ដោយ​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា​។ ក្នុងចំណោម​គណបក្ស​ទាំង​៤​នេះ គណបក្ស​ប្រជាជន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដាក់​បេក្ខជន​ឈរឈ្មោះ​ទាំង​៨​ភូមិភាគ ខណៈ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់​បេក្ខជន​ឈរឈ្មោះ​៧​ភូមិភាគ និង​គណបក្ស​យុវជន​ដាក់​បេក្ខជន​៣​ភូមិភាគ នៃ​អាសនៈ​ព្រឹទ្ធសភា​។ នេះ​បើតាម​លោក សោម សូ​រី​ដា អគ្គលេខា​រង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ​។ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ត្រូវ​ជ្រើស​ដោយ​ការបោះឆ្នោត​អសកល (​មិន​សម្ងាត់​) ហើយ​អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត គឺជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ ក្នុង​តំណែង​ក្នុង​ក្របខណ្ឌ​នៃ​ភូមិភាគ​នីមួយៗ​។​

​ត្រង់ចំណុច​នេះ គេ​អាច​សន្និដ្ឋានបានថា គណបក្ស​ទាំង​៤​ខាងលើ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ក្តោប​អំណាច​ព្រឹទ្ធសភា​ស្ទើ​ទាំងស្រុង នៅ​ឆ្នាំ​២០១៨ ។ មូលហេតុ​ដែល​គេ​អាចដាក់​សន្និដ្ឋាន​បែបនេះ ដោយ​ផ្អែកទៅលើ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជោគជ័យ​ធំ ដោយមាន​កៅអី​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ច្រើនជាងគេ គណបក្ស​ដែល​ប្រកួតប្រជែង​ការបោះឆ្នោត​ព្រឹទ្ធសភា​នេះ​៕

អត្ថបទទាក់ទង



Tag:
 ព្រឹទ្ធសភា​
  ​ន​យោ​បាយ
© រក្សាសិទ្ធិដោយ thmeythmey.com