កីឡាជាតិ
លី​គ​៖ ទ័ព​ប្រជែង​គ្នា​ជាមួយ​ក្រុម​ស្វាយរៀង​ដើម្បី​ឡើងទៅ​ជួប​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ
23, Dec 2017 , 10:19 am        
រូបភាព
ដោយ:
​​ក្រុម​ក្រសួងការពារជាតិ ត្រូវ​បន្ត​ប្រជែង​គ្នា​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ នេះ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ក្រុម​ឈ្នះ​ក្នុងការ​ប្រកួត​នេះ នឹង​ឡើងទៅ​ជួប​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៧ និង​កៅអី​ពានរង្វាន់ AFC Cup 2018​។

 
​ក្រោយ​យកឈ្នះ​ណាហ្គា​វើ​ល​ដោយ​បាល់​កាត់សេចក្តី ៤-៣ នៅ​វគ្គ Play off ក្រុម​ទ័ព​ដែល​ទទួលបាន​សិទ្ធ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ នា​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ការប្រកួត​នៅ​ល្ងាច​នេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង និង​ជក់ចិត្ត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​ជាមួយ​បឹងកេត ដែល​រៀបចំ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​សម្រាប់​ការជួបគ្នា​ពីរ​ប្រកួត​កន្លងមក​ក្រុម​ទាំងពីរ​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ ក្នុង​ជើង​ទី​១ មុន​ស្វាយរៀង​យកឈ្នះ ៣-២ ក្នុង​ជើង​ទី​២​នៅ​ទឹកដី​ខេត្តស្វាយរៀង​។ ប៉ុន្តែ​ការ​ឈ្នះ​នេះ​ត្រូវបាន​អ្នកចាត់ការ​ទូទៅ​របស់​ទ័ព ចាត់ទុកថា​កាត់ក្តី​គ្មាន​យុត្តិធម៌​ដែល​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​រវាង​ក្លិប​ទាំងពីរ​ផងដែរ​។   
 
​ក្រុម​ជើងឯក​លី​គ​កំពូល​ឆ្នាំនេះ​នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​(Group Stage)​នៃ​ពានរង្វាន់ AFC Cup 2018 ដោយ​ស្វ័យប្រវត្តិ ពោលគឺ​មិនបាច់​ឆ្លង​វគ្គ​ជម្រុះ Play off ឡើយ បន្ទាប់ពី​ក្រុម Lao Toyota ត្រូវបាន AFC ពិន័យ​ពីបទ​កំណត់​លទ្ធផល​ទុកជាមុន​កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ កន្លងទៅ​៕       
 
 
 

Tag:
 បាល់ទាត់​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com