បទវិភាគ
សង្គមជាតិ
ភ្នំពេញ កំពុង​ក្លាយជា​«​ទីក្រុង​កាហ្វេ​», តើ​វា គឺជា​សញ្ញា​ល្អ ឬ​អាក្រក់​?
17, Sep 2020 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ២០​ឆ្នាំមុន ពលរដ្ឋ​ខ្មែរ​ពិសា​កាហ្វេ​តាម​តៀម​កាហ្វេ​បែប​បុរាណ​គ្មាន​ម៉ាស៊ីនត្រជាក់ ដោយ​ទស្សនា​ទូរទស្សន៍​។



តែ​បច្ចុប្បន្ននេះ ពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ពិសា​កាហ្វេ​ក្នុង​ហាង​ទំនើប​បំពាក់​ម៉ាស៊ីនត្រជាក់ និង​Wi-Fi ជជែក​គ្នា​ពី​ជំនួញ ឬ​ធ្វើ​ការងារ​ផ្ទាល់ខ្លួន​ជាមួយ​កុំព្យូទ័រ​។ តៀម​កាហ្វេ​នៅ​បន្តជីវិត​របស់ខ្លួន​ខ្លះ​ដែរ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដែល​ពោ​ពេញ​ទៅដោយ​សំឡេង​ចរាចរណ៍ និង​សំឡេង​នៃ​ការសាងសង់​សំណង់​នានា​។ តែ​ងា​កមក​មើល​ហាង​កាហ្វេ​ទំនើប​បែប​ថ្មី វា​បាន និង​កំពុង​វាយលុក​ទីផ្សារ​កម្ពុជា​យ៉ាងគំហុក​។ បើ​គិត​តាម​លក្ខណៈ​សេដ្ឋកិច្ច តើ​វា​ជា​សញ្ញា​ល្អ​សម្រាប់​ភ្នំពេញ ឬ​ផ្ទុយទៅវិញ វា​មិនមែនជា​សញ្ញា​ល្អ​នោះទេ​? 
 
​ទិដ្ឋភាព​អាជីវកម្ម​កាហ្វេ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការប្រែប្រួល​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ ប្រែប្រួល​ពី​តៀម​កាហ្វេ​បុរាណ មក​ហាង​កាហ្វេ​គ្មាន​ម៉ាស៊ីនត្រជាក់​ពាក់កណ្តាល​ទំនើប និង​ចុងក្រោយ​បំផុត​នេះ ក្លាយ​មកជា​ហាង​កាហ្វេ​ទំនើប​ម៉ាស៊ីនត្រជាក់​បំពាក់​Wi-Fi បច្ចេកវិទ្យា​ទំនើប​។ 
 
​បច្ចុប្បន្ន ការ​ពិសា​កាហ្វេ ក្លាយទៅជា​ម៉ូត​នៃ​របៀប​រស់នៅ​បែប​សម័យថ្មី​មួយ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រាជា​ធានី​ស៊ី​វិ​ល័យ ភ្នំពេញ​។ Starbuck, Gloria Jean’s coffee, Brown, Amazon, Costa…​ទាំងអស់នេះ គឺ​សុទ្ធតែជា​ម៉ាក​កាហ្វេ​ក្នុងស្រុក និង​ក្រៅប្រទេស​ដែល​ល្បីៗ ហើយ​កំពុងមាន​វត្តមាន និង​ប្រកួតប្រជែង​គ្នា​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ 
​មិន​មែនមាន​វត្តមាន​តែ​ហាង​ល្បីៗ​ខាងលើនេះ​ប៉ុណ្ណោះ​ទេ​។ តែ​ហាង​កាហ្វេ​ដទៃទៀត មាន​ទាំង​ម៉ាក​ថ្មី និង​ចាស់​ជាច្រើន​រាប់មិនអស់​ផ្សេងទៀត បាន​បើក​បន្តកន្ទុយ​គ្នា​នៅក្នុង​រាជធានី​ភ្នំពេញ​, ទី​ដែលមាន​ពលរដ្ឋ​រស់នៅ​ប្រមាណ​ជា​២​លាន​នាក់​។ 
 
​នៅក្នុង​ទីក្រុង​ដែល​ទើប​ចាប់ផ្តើម​បង្ហាញ​មុខមាត់​ថ្មី​នៅក្នុង​អាស៊ាន និង​ពិភពលោក អគារ​ខ្ពស់ៗ​ដុះ​ឡើង​បង្អួត​គ្នា​ទៅវិញទៅមក ហាង​ទំនើប​គ្រប់​ប្រភេទ​បើកទ្វារ​រហូតដល់​ព្រលប់ រថយន្ត​ទំនើប​បង្ហាញ​សម្ផស្ស​លើ​ដងផ្លូវ ពលរដ្ឋ​ផ្លាស់ប្តូរ​របៀប​រស់នៅ​-​របៀប​គិត ពេលនោះ​ការចំណាយ​ក៏មាន​ការកើនឡើង​ជា​លំដាប់​។ ក្រៅពី​ហេតុផល​ផ្សេងៗ ភាពទាន់សម័យ​ដែល​ពលរដ្ឋ​កំពុង​ចាប់យក​នៅពេលនេះ បានផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​ជំនួញ​កាហ្វេ និង​ជំនួញ​ដទៃទៀត​។ វត្តមាន​សេវាកម្ម​កា​ហេ្វ ត្រូវបាន​គេ​មើលឃើញ​នៅ​គ្រប់​ទីកន្លែង​នៃ​ទីក្រុង​ភ្នំពេញ ទោះបី​នៅតាម​ច្រកល្ហក​តូចតាច​ក៏ដោយ​ក្តី​។ ដោយសារតែ​វត្តមាន​ដ៏​ច្រើន​លើសលប់​ពេក​នេះ ភ្នំពេញ​ត្រូវបាន​អ្នកខ្លះ​ហៅថា​ជា​«​ទីក្រុង​កាហ្វេ​»​។ 
 
​តើ​ហេតុអ្វី​បាន​អ្នកជំនួញ​បោះទុន​ខ្លាំង​ទៅលើ​ជំនួញ​កាហ្វេ​? ហើយ​ថា តើ​ហេតុអ្វី​បានជា​ពលរដ្ឋ​នាំគ្នា​ពិសា​កាហ្វេ​កាន់តែច្រើន​? 
​ចំពោះ​សំណួរ​ទី​១, អ្នកជំនួញ​បានគិត​ថា កម្រិតជីវភាព​របស់​ពលរដ្ឋ​កើនឡើង ឬ​ប្រសើរឡើង​, របៀប​រស់នៅ​របស់​ព​ល​រដ្ឋ​មានការ​ផ្លាស់ប្តូរ ដូច្នេះ វា​ជា​ឱកាសល្អ​ក្នុងការ​វិនិយោគ​លើ​វិស័យនេះ​។ ម្យ៉ាងទៀត សម្រាប់​អ្នកជំនួញ​ខ្លះ ពួកគេ​គិតថា ជំនួញ​កាហ្វេ គឺជា​ជំនួញ​មួយ​មិនសូវ​លំបាក តែ​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​។ ដោយសារតែ​ទស្សនៈ​នេះ ទើប​មាន​ពាក្យ​និយាយ​បែប​កំប្លែង​លេង​ថា ជំនួញ​កាហ្វេ គឺជា​ជំនួញ​«​ចាក់ទឹក​យកលុយ​»​។ តែបើ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​វិញ វា​មិន​ដូច្នោះ​ទេ​។ តាមពិត ជំនួញ​កាហ្វេ គឺជា​ជំនួញ​មួយ​ដែល​លំបាក​ដូច​ជំនួញ​ដទៃទៀត​ដែរ​។ 
 
​សួរថា តើ​ហេតុអ្វី​បានជា​ពលរដ្ឋ​នាំគ្នា​ពិសា​កាហ្វេ​កាន់តែច្រើន​? 
​វា​ជា​រឿង​លំបាក​ដែល​រកហេតុ​ផល​ឲ្យ​ឃើញថា ហេតុអ្វី​បានជា​ពលរដ្ឋ​នាំគ្នា​ពិសា​កាហ្វេ​កាន់តែច្រើន​នោះ​។ សូម​រម្លឹក​បន្តិច​ថា កាលពី​ដើមឡើយ ពោលគឺ​កាលពី​២០ ឬ​៣០​ឆ្នាំមុន គេ​សង្កេតឃើញ​មានតែ​មនុស្ស​ចាស់ៗ​ប៉ុណ្ណោះ​ដែល​ចូលចិត្ត​ពិសា​កាហ្វេ​។ តែ​ពេលនេះ សូម្បីតែ​ក្មេងៗ ឬ​យុវជន​ក៏​ចាប់ផ្តើម​ពិសា​កាហ្វេ​ដែរ​។ ចម្លើយ​ទៅនឹង​សំណួរ​នេះ គេ​អាច​ឆ្លើយបាន​ថា វា​គឺជា​និន្នាការ​សង្គម ដែល​ពលរដ្ឋ​មើលឃើញ​គ្នា ហើយ​ធ្វើតាម​គ្នា ដោយ​គិតថា ការ​ពិសា​កាហ្វេ គឺជា​របៀប​រស់នៅ​បែប​ទាន់​សម័យមួយ​។ នេះ គឺជា​រឿង​ម្យ៉ាង​។ ម្យ៉ាងទៀត ហាង​កាហ្វេ​ទំនើប​បំពាក់​ម៉ាស៊ីនត្រជាក់​,  បំពាក់ Wi-Fi អនុញ្ញាត​ឲ្យ​អតិថិជន​ជួបជុំ​ជំនំ​គ្នា អតិថិជន​អាច​ពិភាក្សាគ្នា​ពី​រឿង​ផ្សេងៗ ដូច្នេះ បន្តិច​ម្តងៗ ហាង​កាហ្វេ​ទាក់ទាញ​ពលរដ្ឋ​ឲ្យ​ញៀន​កាហ្វេ​បានដែរ​។ 
 
​ហេតុផល​មួយទៀត ជីវភាព​ពលរដ្ឋ​ប្រសើរ​ក៏​ជា​ម៉ាស៊ីន​ជំរុញ​ឲ្យ​ពលរដ្ឋ​ចង់​សាកល្បង​អ្វីដែល​ថ្មី ប្លែក ទំនើប និង​ទាន់សម័យ​ដែរ​។ 
 
​តើ​វត្តមាន​ហាង​កាហ្វេ​កាន់តែច្រើន គឺជា​សញ្ញា​ល្អ ឬ​អាក្រក់​? 
​ផ្អែកលើ​លក្ខណៈ​សេដ្ឋកិច្ច វា​គឺជា​សញ្ញា​នៃ​កំណើនសេដ្ឋកិច្ច​។ វត្តមាន​ហាង​កាន់តែច្រើន បង្ហាញថា សេដ្ឋកិច្ច​នៃ​ទីក្រុង​មួយ​នេះ​កំពុងធ្វើដំណើរ​ទៅមុខ​។ ពលរដ្ឋ​មាន​ប្រា​ក់ចាយ ទើប​កាហ្វេ​លក់ដាច់​។ វត្តមាន​ហាង​កាហ្វេ​កាន់តែច្រើន​ជំរុញ​ឲ្យ​មាន​សេវា​កាន់តែ​ល្អ ជំរុញ​ឲ្យ​តម្លៃ​កាន់តែ​ប្រកួតប្រជែង​។ ម្យ៉ាងទៀត វត្តមាន​ហាង​កាហ្វេ​ទំនើប​កាន់តែច្រើន​ក៏​ជាការ​លើកមុខ​មាត់​កិត្តិយស​ទីក្រុង​ភ្នំពេញ​ដែរ ហើយ​វត្តមាន​នេះ ក៏​ជា​សេវា​ទាក់ទាញ​អ្នកទេសចរ​ក្នុងស្រុក និង​ក្រៅប្រទេស​ផងដែរ​។ 
 
​ចំណុច​វិជ្ជមាន​មាន​មែន​។ តែ​ហានិភ័យ​នៃ​ការ​ដួល​បះជើង​ទៅវិញ​ក៏មាន​ច្រើន​ដែរ ដោយសារតែ​ការបើក​ប្រជែង​គ្នាច្រើន​ជ្រុល​ពេក​។ ផ្អែកលើ​គោលនយោបាយ​របប​សេដ្ឋ​កិច្ច​ទីផ្សារសេរី គ្មាន​ឡើយ​ការ​រឹតត្បិត​ចំនួន​ហាង​កាហ្វេ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​
 
​ដោយ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង នៅពេលដែល​អ្នកជំនួញ​សប្បាយ​នឹង​អាជីវកម្ម​កាហ្វេ ខ្លាំងពេក ពេលនោះ អ្នក​បើកហាង​ចេះតែ​បើក​កាន់តែច្រើន តែ​អ្នក​បិទ​ហាង​វិញ ក៏​បិទ​កាន់តែច្រើន​ដែរ​៕ 
 
 

Tag:
 កាហ្វេ
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com