កីឡាជាតិ
ជាតិ
បុណ្យ​សមុទ្រ​នៅ​កែប​មាន​ស្តង់​ផលិតផល​កម្ពុជា ថៃ ឡាវ វៀតណាម និង​ឥណ្ឌា​
23, Dec 2017 , 3:20 pm        
រូបភាព
ដោយ:
ស្តង់​ពិព័រណ៍​ផលិតផល​អន្តរជាតិ​ក​ម្ពុ​ជា ថៃ ឡាវ វៀតណាម និង​ឥណ្ឌា​ប្រមាណ​ជិត​១​ពាន់​ស្តង់​បាននិងកំពុង​រៀបចំ​តាំង​បង្ហាញ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​ទស្សនា​ពិធីបុណ្យ​សមុទ្រ​ចាប់ពី​ថ្ងៃទី​២២-២៤ ខែធ្នូ នៅ​ខេត្ត​កែប​។ ក្រៅពី​ស្តង់​ពិព័រណ៍​ភ្ញៀវ​ទេ​ចរណ៍​ទាំងអស់​អាច​ទស្សនាការ​ប្រគំ​តន្ត្រី និង​ការសម្តែង​សិល្បៈ​លក្ខណៈ​អន្តរជាតិ​ផងដែរ​។​



​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប​ឆ្នាំនេះ​មាន​ស្តង់​ពិព័រណ៍​ផលិតផល និង​ចំណីអាហារ​ប្រមាណ​ជា​ជិត​១​ពាន់​ស្តង់​មកពី​កម្ពុជា ឡាវ ថៃ វៀតណាម និង​ឥណ្ឌា​។ ស្តង់​ទំនិញ​ដែល​តាំង​បង្ហាញ​និង​លក់​នៅ​ម្តុំ​បរិវេណ​សាលាខេត្ត​កែប​ទាំងនេះ គឺ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត បុណ្យ​សមុទ្រ​ឆ្នាំនេះ​។

​អនុរដ្ឋលេខាធិការ​រូបនេះ​បាន​បន្ថែមថា ចំនួន​ស្តង់​ឆ្នាំនេះ​មានការ​កើនឡើង​ទាំង​បរិមាណ សោ​ភ័​ណ្ឌ​ភាព បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ ដោយសារ​ឆ្នាំនេះ​មានការ​កែលម្អ​ប្រកបដោយ​ភាព​ទាក់ទាញ​។ លោក​បាន​បញ្ជាក់ថា គ្រាន់តែ​បើក​សាកល្បង​នៅ​ថ្ងៃទី​២១ ធ្នូ មាន​ភ្ញៀវ​ទេស​ជាតិ និង​អន្តរ​ប្រមាណ​៥​ពាន​នាក់​បានមក​ចូលរួម​។ 

​លោក វ៉ា​ត់ ចំរើន បាន​សង្កត់ធ្ងន់ថា​៖«​ការតាំង​ស្តង់​ពិព័រណ៍​នេះ​ផ្តោត​សំខាន់​លើ​ការតាំង​បង្ហាញ​ពី​ការរីកចម្រើន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍​រួមមាន​ផលិតផល​ទេសចរណ៍ និង​ទីតាំង​ដែល​បម្រើ​ឲ្យ​ទេសចរណ៍​ជាដើម​។ ហើយក៏​មានការ​ស្តង់​ពិព័រណ៍​ចំណីអាហារ​ថៃ វៀតណាម ឥណ្ឌា ចិន ជាច្រើន​ទៀតផង​ដែរ​»​។

​ដោយមាន​កិច្ចសហការ​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាមួយ​បណ្តា​ស្ថានទូត​បរទេស​នៅ​កម្ពុជា ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​មានការ​សម្តែង​សិល្បៈ​ដ៏​ធំ​ដែលជា​ការសម្តែង​រួមគ្នា​រវាង​ក្រុម​សិល្បៈ​កម្ពុជា ឥណ្ឌា ចិន ថៃ និង​វៀតណាម​ផងដែរ​។ លើសពីនេះ​ក៏មាន​ការប្រគំ​តន្ត្រី​ពី​សំណាក់​តារាចម្រៀង​ល្បីៗ  និង​ផ្ទាំងទស្សនីយភាព​ផ្សេងទៀត​ផងដែរ​។

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បន្ថែមថា ក្រៅពី​សមិទ្ធផល​ខាងលើ​មានការ​ប្រកួត និង​សម្តែង​កីឡា​ទាំង​ក្នុង​ទឹក និង​លើគោក​ចំនួន​១១​ប្រភេទ​កីឡា​ផងដែរ​។ កីឡា​ទាំងនោះ​រួមមាន​រត់ប្រណាំង ទ្រី​យ៉ាង​ត្លុង ប្រណាំង​កង់ ចំបាប់​ឆ្នេរ​ខ្សាច់ ប្រដាល់​គុន​ចម្រុះ ជិះ​ស្គី​លើទឹក ទូកក្តោង បាល់ទះ​ឆ្នេរ​ខ្សាច់ កីឡា​រាំ​អន្តរជាតិ កីឡា​ថាសហោះ និង​កីឡា​ជិះ​ក្តា​រំអិល​។​

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប​ឆ្នាំនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ឆ្នេរសមុទ្រ​បៃតង អាន​គ​ត គឺ​បច្ចុប្បន្ន​»​រៀបចំ​រយៈពេល​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ខណៈ​ឆ្នាំនេះ​ថ្នាក់ដឹកនាំ​រំពឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជា​៣០​ម៉ឺន​នាក់​ចូលរួម​។

​ពិធីបុណ្យ​នេះ​បានរៀបចំ​ពិធី​ក្រុង​ពលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ចម្រើន​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២១ ធ្នូ ឆ្នាំ​២០១៧ ក្រោម​វត្តមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ខណៈ​ពិធី​បើក​ជា​ផ្លូវការ​នឹង​ប្រព្រឹត្តទៅ​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​៕  
























































Tag:
 បុណ្យ​សមុទ្រ​
  កែប​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com