ជាតិ
ប្លែកៗ
សេដ្ឋកិច្ច
តើ​សេដ្ឋកិច្ចកម្ពុជា​អាច​រស់​ខ្លួនឯងបាន​ដែរឬទេ បើ​គ្មាន​ការអនុគ្រោះ​ពន្ធ​ពី EU និង​អាមេរិក​?
25, Dec 2017 , 10:39 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក តេង ដឺលុច លោក ច័ន្ទ សុផល និងលោក ប៉ាវ ស៊ីណា
ពីឆ្វេងទៅស្តាំ៖ លោក តេង ដឺលុច លោក ច័ន្ទ សុផល និងលោក ប៉ាវ ស៊ីណា
​ភ្នំពេញ​៖ ដោយសារតែ​បញ្ហានយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានធ្វើ​ឲ្យ​សហភាពអឺរ៉ុប និង​អាមេរិក ព្រមាន​ពី​វិធានការ​ជា​បន្តបន្ទាប់ ទាំង​ការ​រឹតបន្តឹង​ទិដ្ឋាការ ការ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល និង​ដក​ការអនុគ្រោះ​ពន្ធ​ទំនិញ​ជាដើម​។ បញ្ហា​ព្រមាន​ដក​ការអនុគ្រោះ​ពន្ធ​ទំនិញ​កម្ពុជា គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកសេដ្ឋកិច្ចវិទូ​មួយចំនួន មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​អ្វី​ដែលជា​ចម្ងល់​នោះ ត្រង់​ថា ប្រសិនជា​សហភាព​អឺរ៉ុប និង​អាមេរិក អនុវត្ដ​ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ តើ​សេដ្ឋកិច្ចកម្ពុជា នឹង​ដាំ​ក្បាល​ចុះ ឬក៏​អាចរ​ស់បាន​ដោយ​ខ្លួនឯង​?



​បើ​ក្រឡេកមើល​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ក្នុង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​ចំនួន ៦២៥៩ លាន​ដុល្លារ​អាមេរិក​។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ ទំនិញ​ដែល​ទៅ​ទីផ្សារ​មួយ​នេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន ជាដើម​។​
​រីឯ​ការនាំ​ចេញទៅ​សហរដ្ឋអា​មេ​រិ​ក​វិញ គឺមាន​ទំហំ​ប្រាក់ ២៩១៦ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​អាមេរិក​បាន​បង់ពន្ធ​ស្ទើរ​ទាំងស្រុង លើកលែងតែ​ផលិតផល travelling goods ដែល​រដ្ឋាភិបាល​អាមេរិក​អនុគ្រោះ​ដល់​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៦  ។ ផលិតផល​របស់​កម្ពុ​ជា​ចូល​ទីផ្សារ​នេះ​រួមមាន សំលៀកបំពាក់ ស្រោម​និង​ស្បែកជើង ប្រដាប់​ក្មេង​លេង វត្ថុ​ធ្វើ​ពី​ស្បែក ស្រោមពូក និង​គ្រឿង​សង្ហា​រឹម ជាដើម​។​

​បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេនោះ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន ៦៧៦ លាន​ដុល្លារ សម្រាប់​ទីផ្សារ​សហភាពអឺរ៉ុប ។ ចំណែក​ទឹកប្រាក់​ដែល​កម្ពុជា​បាន​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​មាន​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ (​ក្នុង​អត្រាពន្ធ​មធ្យម ១២​ភាគរយ​)​។ ប៉ុ​ន្ត​បើ​កម្ពុជា​ត្រូវ​បង់ប្រាក់​ពន្ធ​លើ​ទំនិញ​នេះ គឺមាន​ទឹកប្រាក់​ប្រមាណ ១០​លាន​ដុល្លារ (​ក្នុង​អត្រាពន្ធ ៥​ភាគរយ​)​។ ដូច្នេះ​បានន័យថា កម្ពុជា​ទទួលបាន​ផលចំណេញ​ច្រើន ពី​ការអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​អាមេរិក​។​

​តើ​សេដ្ឋកិច្ចកម្ពុជា នឹង​ដាំ​ក្បាល​ចុះ ឬ​អាចរ​ស់បាន​ដោយ​ខ្លួនឯង​ទេ បើសិនជា​ករណី​សហភាព​អឺរ៉ុប និង​អាមេរិក ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​?

​បើ​មើល​ក្នុង​ដំណើ​ផ្លូវ​សេដ្ឋកិច្ច​នោះ ប្រាកដ​ណាស់​ថា កម្ពុជា​ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ នឹង​ទទួលរង​ផល​អវិជ្ជមាន ដែល​បង្ក​ឲ្យ​សេដ្ឋកិច្ចជាតិ​ប្រឈម​នឹង​ការដាំ​ក្បាល​ចុះ បើសិនជា​បាត់បង់​ការអនុគ្រោះ​ពន្ធ​នេះ​។ ត្រង់ចំណុច​នេះ​លោក តេង ដឺ​លុច សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច បាន​ពន្យល់ថា ផលវិបាក​សេដ្ឋកិច្ច ដែល​កម្ពុជា​នឹងត្រូវ​ជួបប្រទះ​នោះ គឺ​ការប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ខ្ពស់ ,​អ្នកបញ្ជា​ទិញ​កាត់បន្ថយ​ទិញ​ផលិតផល​, ពលរដ្ឋ​ប្រឈម​នឹង​ការបាត់បង់​ការងារ​ធ្វើ ដោយសារ​ម្ចាស់​រោងចក្រ ឬ​សហគ្រាស អាច​ប្ដូរ​ទីតាំង​ទៅ​ប្រទេស​ដទៃ ដើម្បី​ស្វែងរក​ផលចំណេញ​របស់​ពួកគេ តាមរយៈ​ការនាំ​ទំនិញ​ចូល​សហភាព​អឺរ៉ុប និង​អាមេរិក ដោយ​ទទួលបាន​អនុគ្រោះ​ពន្ធ​នេះ​។​

​លោក តេង ដឺ​លុច បន្ថែមថា បើ​ពលរដ្ឋ​អត់​ការងារ​ធ្វើ​នោះ វា​នឹង​ផ្ដល់​ការ​ខាតបង់​ជា​ប្រព័ន្ធ ទៅដល់​អ្នកលក់ដូរ ,​ម្ចាស់​ផ្ទះជួល ត្រូវ​បាត់បង់​ចំណូល ។ រីឯ​កម្មករ​គ្មាន​ការងារ​ធ្វើ​នោះ ក៏ត្រូវ​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស ដើម្បី​ដោះបំណុល​ធនាគារ​ដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក តេង ដឺ​លុច បាន​និយាយថា ៖«​អ្វីដែល​យើង​ខាតបង់​នោះ​គឺ​សេដ្ឋកិច្ច​នៃ​ការអនុគ្រោះ​ពន្ធ​១០០០​លាន​ដុល្លារ ពី​EU​និង​អាមេរិក​។ ដូច្នេះ​ផលិតកម្ម​របស់​យើង​ខ្វះ​ការប្រកួតប្រជែង ព្រោះ​បាត់បង់​ការអនុគ្រោះ​ពន្ធ ដែល​ធ្វើ​ឲ្យ​ទំនិញ​យើង​នាំ​ចេញទៅ​ក្រៅប្រទេស​ត្រូវមាន​តម្លៃ​ថ្លៃ​វិញ ហើយ​វា​ប្រកួតប្រជែង​មិន​ឈ្នះ​ទីផ្សារ​នោះ វា​នឹង​ជា​បញ្ហា​។ បើ​ឧស្សាហកម្ម​យើង​មិន​ចំណេញ ដូច្នេះ​សហគ្រាស​ត្រូវតែ​ប្ដូរ​ទីតាំង​រក​កន្លែង​ណា​ថ្មី ដែលមាន​ការប្រកួតប្រជែង​ប្រសើរ​ជាង​កម្ពុជា​។ អ៊ីចឹង​គេ​អាច​ប្ដូរ​សហគ្រាស​ទៅ​ភូមា វៀតណាម​ក៏​ថា​បាន​។ ដូច្នេះ​វា​អាស្រ័យ​ទៅ​បរិយាកាស​ប្រទេស​កម្ពុជា​…»​។​

​បន្ថែម​ពីលើ​នេះ​លោក ច័ន្ទ សុផល អ្នកវិភាគ​សេដ្ឋកិច្ច និយាយថា បើ EU និង​អាមេរិក​ដក​ការអនុគ្រោះ​ពន្ធ​ទំនិញ​មែន នោះ​អ្នក​នាំចេញ​ប្រភេទ​ទំនិញ ដែល​កំណត់​អត្រាពន្ធ​ខ្ពស់ (​ពី​១០​ទៅ​២០​ភាគរយ​) នៅក្នុង​ទីផ្សារ​ទាំងពីរ​នេះ នឹង​ប្រឈមមុខ​បិទទ្វា​សហគ្រាស​មុនគេ ។ ប៉ុន្តែ​អ្នក​នាំចេញ​ផលិតផល​មាន​អត្រាពន្ធ​ទាប អាចមាន​លទ្ធភាព​បន្ត​នាំ​ទំនិញ​ចូល​ទីផ្សារ​EU និង​អាមេរិក​ជាធម្មតា​។ លោក ច័ន្ទ សុផល សាក​សន្និដ្ឋានថា សហគ្រាស​១​ភាគ​៣​នៅ​កម្ពុជា នឹង​ប្រឈម​ការបិទទ្វារ ហើយ​ងាក​ទៅរក​ទីតាំង​ប្រទេស​ដទៃ​វិញ បើ​មានការ​អនុវត្ត​ពី​EU និង​អាមេរិក​មកលើ​កម្ពុជា​បែបនេះ​។​

​នៅពេល​សួរថា​តើ​សេដ្ឋកិច្ចកម្ពុជា​នឹងត្រូវ​ដាំ​ក្បាល​ចុះ​ធ្ងន់ធ្ងរ ហើយ​គ្មាន​វិធី​ដោះស្រាយ​មែន​ទេ​? សាស្ត្រាចារ្យ​សេដ្ឋកិច្ច​លោក តេង ដឺ​លុច បាន​និយាយថា កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នេះ​បាន ដោយ​ត្រូវ​ប្រឹង​រស់​ដោយ​ខ្លួនឯង ប៉ុន្តែ​វា​គ្រាន់តែ​ពិបាក​ជាង​ការទទួលបាន​ឱកាស​អភិវឌ្ឍ​ប្រទេស តាមរយៈ​ការអនុគ្រោះ​ពន្ធ​ពី​EU និង​អាមេរិក​ប៉ុណ្ណោះ​។ បើតាម​លោក តេង ដឺ​លុច រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ជំរុញ​ការផលិត​ក្នុងស្រុក បង្កើន​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ស្រាវជ្រាវ​បច្ចេកទេស​កែច្នៃ​ធនធានធម្មជាតិ​ដែលមាន​ស្រាប់ សម្រាប់​នាំចេញ (​កុំ​ពឹង​ក្រុមហ៊ុន​បរទេស​)​ជាដើម ទើប​អាច​ទ្រទ្រង់​សេដ្ឋកិច្ច​បាន​។ ជាពិសេស​ប្រឹងរក​ទីផ្សារ​ផ្សេងៗ ក្រៅពី​EU​និង​អាមេរិក​។​

«​អ្វី​ជា​ដំណោះស្រាយ​គឺ​ត្រូវតែ​ធ្វើយ៉ាងណា ព្យាយាម​កសាង​សេដ្ឋកិច្ច​ឲ្យ​រឹងមាំ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​បរទេស​។ ជាពិសេស​សហគម​អឺរ៉ុប និង​អាមេរិក​តែម្ដង ដែល​ការនាំ​ចេញពី​កម្ពុជា​៨០​ភាគរយ​ពឹង​លើ​ទីផ្សារ​នេះ​។ ហើយ​បើ​យើង​ពឹង​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន​គឺ​បូម​លុយ​ពី​ស្រុក​ខ្មែរ ដែល​ចិន​នាំចូល​ទំនិញ​មក​កម្ពុជា​៦​ពាន់​លាន​ដុល្លារ តែ​យើង​នាំចូល​ចិន​តែ​ប៉ុន្មាន​រយ​លាន​ប៉ុណ្ណោះ​។ អាជីវកម្ម​ដែល​អាច​បន្ត​រស់រាន​បាន ត្រូវ​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​ខ្លួន តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម ជំរុញ​ផលិតភាព​ក្នុងស្រុក ការ​សន្សំសំចៃ​ការចំណាយ​ផ្សេងៗ ការទប់ស្កាត់​ការចំណាយ​មិន​ផ្លូវការ ទើប​សេដ្ឋកិច្ច​អាច​រស់រាន​បាន​»​។ នេះ​បើតាម​លោក តេង ដឺ​លុច ។

​តែ​យ៉ាងណា​រដ្ឋាភិបាល ធ្លាប់បាន​ប្រកាសថា កម្ពុជា​មិន​ពឹង​ផ្អែកលើ​បរទេស​ទាំងស្រុង​នោះទេ​។ ឆ្លើយតប​នឹង​ការព្រមាន​ដក​ការអនុគ្រោះ​ពន្ធ​នេះ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​​គម្រោង​បង្កើត​ធនាគារ​ដែលមាន​ថវិកា​១០០​លាន​ដុល្លារ ដើម្បី​ទុក​បំពេញតម្រូវការ​សហ​គ្រាស​ធុន​តូច និង​មធ្យម​របស់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​បញ្ហា​ខ្វះ​ដើមទុន​សម្រាប់​ប្រក​បរប​អ្វីមួយ​។ ជាពិសេស​លើ​កម្ពស់​ដល់​ការផលិត​ក្នុងស្រុក និង​ជំរុញ​ឲ្យ​មានការ​នាំចេញ​ផលិតផល​ទៅ​ប្រកួតប្រជែង​ក្រៅប្រទេស ។
អត្ថបទទាក់ទង

​ទាក់ទង​បញ្ហា​ខាងលើនេះ​លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ បាន​និយាយថា បណ្ដា​រោងចក្រ​មួយចំនួន កំពុង​រង​ការកាត់បន្ថយ​ការបញ្ជារ​ទិញ​បណ្ដើរៗ​ពី​សំណាក់​សហគម​អន្តរជាតិ​ហើយ នៅ​ឆ្នាំ​២០១៨​ខាងមុខ​។ លោក ប៉ាវ ស៊ីណា ដែល​ទទួលដំណឹង​នេះ​ពី​សមាជិក​សហជីព​ខ្លួន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូល​ហេតុដែល​អ្នកបញ្ជា​រទិញ កាត់បន្ថយ​ទិញ​ទំនិញ​ពី​កម្ពុជា ដោយសារ​ការ​ព្រមាន​ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នេះ​។ លោក ប៉ាវ ស៊ីណា ក៏​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ដោះស្រាយ​បញ្ហា​រួមគ្នា ដើម្បី​បញ្ចៀស​ការធ្លាក់ចុះ​សេដ្ឋកិច្ច ហើយ​សហគម​អន្តរជាតិ ក៏​មិន​ត្រូវយក​រឿង​នយោបាយ​កម្ពុជា មក​ភ្ជាប់​ការអនុគ្រោះ​ពន្ធ​សេដ្ឋកិច្ច​នេះដែរ​៕


Tag:
 EU
 ​ អាមេរិក​
  ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com