ជាតិ
រថយន្ត
សង្គមជាតិ
សេដ្ឋកិច្ច
កាបូបលុយដែលខ្មែរ ច្នៃពីពោះវៀនកង់ឡានចាស់ៗបានការគាំទ្រពីបរទេសមុន
× ភ្នំពេញ៖ Kraftino ជាម៉ាកកាបូកលុយដែលផលិតនៅក្នុងស្រុកខ្មែរ កែច្នៃពីពោះវៀនកង់ឡានចាស់ៗ។ លោក ប៊ុន ណារ៉ាទីតូ សហស្ថាបនិកសហគ្រាសសង្គម Kraftino បានឲ្យដឹងថា កាបូបលុយពោះវៀនកង់ឡាននេះ ទទួលបានការគាំទ្រពីអតិថិជននៅក្រៅស្រុកជាង២ឆ្នាំហើយ ពោលគឺគេបានស្គាល់ និងប្រើប្រាស់មុនពលរដ្ឋខ្មែរ។ ទីផ្សារដែលកាបូបលុយពោះវៀនកង់ឡានKraftino បានទៅដល់ មានដូចជាសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ បារាំង និងអង់គ្លេសជាដើម។
សហគ្រាសសង្គម Kraftino ជាសហគ្រាសផលិតកាបូបដាក់ប្រាក់ ដែលកែច្នៃពីពោះវៀនកង់ឡានចាស់ៗ។ លោក ប៊ុន ណារ៉ាទីតូ ជាសហស្ថាបនិកនៃសហគ្រាសសង្គម ដែលមានទីតាំងនៅខណ្ឌឫស្សីកែវមួយនេះ។ បញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម លោក ណារ៉ាទីតូ បានផ្តួចផ្តើមបង្កើតសហគ្រាសនេះ នៅក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងផ្តល់ការងារដល់ស្ត្រីងាយរងគ្រោះ និងជនពិការ ជំរុញការប្រើប្រាស់ផលិតផលខ្មែរ និងចូលរួមគាំពារបរិស្ថាន។
លោក ប៊ុន ណារ៉ាទីតូ បានរំឮកថា កាលពីចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ២០១៤នោះ បញ្ហាប្រឈមចម្បងរបស់សហគ្រាសសង្គម Kraftino គឺការផលិត និងការស្វែងរកទីផ្សារ។ មានអាយុ៣១ ឆ្នាំ លោក ប៊ុន ណារ៉ាទីតូ រៀបរាប់ដូច្នេះ៖ «បញ្ហាប្រឈមដំបូង គឺការផលិត ពីព្រោះពោះវៀនកង់ឡានចាស់ៗ វាមានលក្ខណៈស្វិតខ្លាំង យើងអត់ទាន់បច្ចេកទេសដេរ ជួនកាលដេរទៅបាក់ម្ជុល ឬក៏ដេរហើយ តែថ្នេរមិនស្អាត។ បញ្ហាមួយទៀត គឺការរកទីផ្សារ គឺយើងអត់អាចលក់កាបូបនៅស្រុកខ្មែរបានទេ ដោយសារតែគុណភាព និងសោភណភាពនៅមានកម្រិត។ អ៊ីចឹងពេលនោះយើងដាក់លក់តាមអនឡាញ ហើយមានអ្នកនៅក្រៅស្រុកគេបញ្ជាទិញ»។
កាបូបលុយពោះវៀនកង់ឡានKraftino ទើបតែទទួលបានការគាំទ្រពីអតិថិជន ជាជនជាតិខ្មែរ នៅក្នុងរយៈពេលចុងក្រោយនេះប៉ុណ្ណោះ។ ទោះយ៉ាងណា លោក ទីតូ ចាត់ទុកថាការពង្រីកទីផ្សារផលិតផលខ្មែរមួយនេះ ទាំងនៅក្នុង និងស្រុក ត្រឹមរយៈពេលជាង២ឆ្នាំ ចាត់ទុកថាជាជោគជ័យជំហ៊ានដំបូង។
ទោះបច្ចុប្បន្នលោក មិនទទួលបានផលចំណេញច្រើនក៏ដោយ ប៉ុន្តែសហគ្រាសនេះ កំពុងផ្តល់ការងារដល់មនុស្សជិត២០នាក់ ក្នុងនោះក៏មានស្ត្រីងាយរងគ្រោះ និងស្ត្រីពិការផង។ ការណ៍នេះ គឺស្របទៅនឹងចក្ខុវិស័យរបស់សហគ្រាសសង្គម Kraftino ។ នៅឡើយតែក្តីសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ នឹងគាំទ្រគគ្រឹកគគ្រេងចំពោះផលិតផលខ្មែរមួយនេះ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដូចគាត់ធ្លាប់គាំទ្រផលិតម៉ាកនាំចូលពីបរទេស ដែលលោក ប៊ុន ណារ៉ាទីតូ នៅតែចិញ្ចឹមចិត្តនោះ៕
Tag:
កាបូបលុយ
សំបកកង់ឡាន
© រក្សាសិទ្ធិដោយ thmeythmey.com