ជាតិ
សង្គមជាតិ
តើមាន់ជល់ ដែលត្រូវបានប្រហារជីវិត ពិតជាមានកំហុសទេ? រូបតំណាង (រូបពីហ្វេសប៊ុក សេង នាង)
× ភ្នំពេញ៖ មាន់ជល់ចំនួន ៩២ ក្បាល ដែលប្រមូលបានពីសង្វៀនជល់មាន់ខេត្តកណ្ដាល ត្រូវបានអាជ្ញាធរសម្លាប់ តាមដីកាសម្រេចរបស់សាលាដំបូងខេត្ត ក្រោមហេតុផលថា ពិបាកក្នុងការថែរក្សា និងកុំឲ្យមានបទល្មើសជល់មាន់ជាថ្មីទៀត។ តែអ្វីដែលត្រូវជជែកដេញដោលគ្នានោះ ត្រង់ថា «មាន់ជល់» ទាំងនោះ មានកំហុសដែរទេ? ទើបចៅក្រមចេញដីកាសម្រេចប្រហារជីវិតបែបនេះ។
«តើមាន់មានកំហុសអ្វី»? នេះជាសំនួរដែលអ្នកលេងហ្វេសប៊ុកចោទសួរទៅខាងអាជ្ញាធរ ដែលប្រហារជីវិតសត្វមាន់ ៩២ក្បាល ក្រោយប្រមូលពីសង្វៀនជល់មាន់ខេត្តកណ្ដាល។ គ្មានចម្លើយអ្វីឡើយ ក្រៅពីដីកាសម្រេចរបស់ចៅក្រមសាលាដំបូងខេត្តកណ្ដាល ដែលសម្រេចកម្ទេចចោល នូវមាន់ចំនួន៩២ក្បាលនេះ។ រូបភាពប្រហារជីវិតមាន់ (អាករមាន់) បានចែកចាយលើបណ្ដាញហ្វេសប៊ុក តាមរយៈវីដេអូ២នាទី ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ច មានការមមាញឹកញាប់ដៃញាប់ជើងយ៉ាងខ្លាំង ដើម្បីសម្លាប់សត្វមាន់ទាំងនោះឲ្យអស់ តាមសេចក្តីសម្រេចរបស់ចៅក្រម។
សកម្មភាពប្រហារជីវិតសត្វមាន់នេះ បែរជាមានតែពាក្យរិះគន់ទៅការខិតខំប្រឹងប្រែងរបស់អាជ្ញាធរទៅវិញ។ ពាក្យរិះគន់បានរំលេចឡើងតាមរយៈគណនីហ្វេសប៊ុកដូចជា«ចប់បាត់ច្បាប់ស្រុកខ្មែរ មិនកាត់ទោសម្ចាស់មាន់ មកកាត់ទោសប្រហារជីវិតមាន់ទៅវិញ ។មាន់គ្នាមានដឹងរឿងអ្វីវា»។ «មាន់អត់ដឹងអ្វីផងត្រូវគេកាត់ទោសប្រហារជីវិត អយុត្តិធម៌៌ណាស់ »។«បាបកម្ម! បើមានករណីបែបនេះលើកក្រោយ គួរយកគ្នាទៅចិញ្ចឹមនៅសួនសត្វភ្នំតាម៉ៅក៏បាន សត្វគ្មានកំហុសសោះត្រូវគេប្រហារឡើយ។ ចង់លុបបំបាត់សំខាន់ពិន័យអ្នកប្រព្រឹត្តឲ្យធ្ងន់ធ្ងរ និងបញ្ឈប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា»ជាដើម។ ទាំងនេះជាអារម្មណ៍មិនពេញចិត្តរបស់មជ្ឈដ្ឋានទូទៅ ចំពោះសេចក្តីសម្រេចសម្លាប់មាន់ជល់ខាងលើនេះ។
ប៉ុន្តែអ្វីដែលនាំឲ្យប៉ះពាល់ផ្លូវចិត្តរបស់អ្នកលេងហ្វេសប៊ុកធ្ងន់ធ្ងរទៀតនោះ គឺសកម្មភាពសម្លាប់សត្វមាន់នេះតែម្ដង។ ការសម្លាប់មាន់បង្ហោះលើបណ្ដាញហ្វេសប៊ុកជាសាធារណៈនេះ បានបង្ហាញពីរូបភាពហិង្សា និងភាពឃោឃៅព្រៃផ្សៃនៃការកាប់សម្លាប់សត្វដោយគ្មានធម៌មេត្តា ដែលប៉ះពាល់អារម្មណ៍សាធារណៈជនផងដែរ។
បើនិយាយតាមការអប់រំរបស់ព្រះពុទ្ធសាសនា មនុស្ស ជាសត្វមួយប្រភេទ ដែលមានធម្មសញ្ញា គឺការដឹងខុសត្រូវ ដូច្នេះត្រូវពិចារណាឲ្យបានជារឿយៗថា៖«គ្រប់សត្វលោក តែងតែប្រាថ្នាចង់រស់។ អាត្មាអញ មិនចង់ឲ្យអ្នកដទៃ បៀតបៀនជីវិតអាត្មាអញ។យ៉ាងណា អ្នកដទៃ ឬសព្វសត្វទាំងពួង ក៏មិនចង់ឲ្យអាត្មាអញ បៀតបៀនជីវិតរបស់គេ យ៉ាងដូច្នោះដែរ។ អាត្មាអញ អាចរស់នៅបាន ក៏ព្រោះតែអ្នកដទៃ មិនសម្លាប់អាត្មាអញ ហេតុដូច្នេះអាត្មាអញ ក៏មិនត្រូវសម្លាប់គេដូចគ្នា»។
នៅពេលអ្នកធ្វើទុកនៅក្នុងចិត្តបែបនេះហើយ អ្នកនឹងមានអភ័យនិងក្តីមេត្តាចំពោះជីវិតសត្វ។ សត្វត្រូវការមេត្តាធម៌ ពីមនុស្សដើម្បីរស់។ ប្រសិនបើប្រាសចាកមេត្តាធម៌ហើយ អ្នកប្រាកដជាក្លាយជាមនុស្សឃោរឃៅ និងគ្មានត្រាប្រណី រហូតនាំឲ្យអ្នកហ៊ានសម្លាប់ជីវិតសត្វ ដោយគ្មានញញើត និងខ្លាចអំពើបាប។ មិនថាតែសត្វនោះទេ សូម្បីតែមនុស្ស ក៏ត្រូវការមេត្តាធម៌ដែរ ពីព្រោះថា ឲ្យតែសង្គមណាប្រាសចាកមេត្តាធម៌ហើយ សង្គមនោះកើតភាពវឹកវរ ដោយសារតែកាប់សម្លាប់គ្នាជាមិនខាន។ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់ឲ្យមនុស្សគ្រប់រូប វៀរចាកការសម្លាប់ជីវីតសត្វ។ ហើយការសម្លាប់សត្វ គឺជាប្រការទីមួយ ដែលព្រះអង្គ បានហាមប្រាមនៅក្នុងសីលប្រាំ។
ហើយបើយើងមើលនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាវិញ ក៏គ្មានមាត្រាណា ចែងអំពីទោសប្រហារជីវិតដែរ។ ប៉ុន្តែមាន់ជល់៩២ក្បាលនេះ បានរងទោសប្រហារជីវិត តាមដីការសម្រេចរបស់ចៅក្រមសាលាដំបូងខេត្តកណ្ដាល ក្រោមហេតុផលកម្ទេចចោលទៅហើយ។ ដូច្នេះសរុបមកវិញ ថាតើមាន់ជល់ទាំង៩២ក្បាល ដែលត្រូវបានមនុស្សយកទៅប្រើប្រាស់ជាប្រយោជន៍ខ្លួន ក្នុងវង់ល្បែងជល់មាន់នេះ ពិតជាមានកំហុស ដែលសាកសមនឹងកាត់ទោសប្រហារជីវិតមែន?
© រក្សាសិទ្ធិដោយ thmeythmey.com