ជាតិ
តុលាការ​កាត់​ឲ្យ​លោក សម រង្ស៊ី សងជំងឺចិត្ត​សម្ដេច ហ៊ុន សែន ១​លាន​ដុល្លារ​
29, Dec 2017 , 3:25 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៩ ធ្នូ​នេះ តុលាការ​កាត់​ឲ្យ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សងជំងឺចិត្ត​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៤​ពាន់​លាន​រៀល (១​លាន​ដុល្លារ​) និង​បង់ពិន័យ​ថវិកា​ចូល​រដ្ឋ​១០​លាន​រៀល ទាក់ទង​នឹង​សំណុំរឿង​បរិហារកេរ្តិ៍​ប្រមុខ​រដ្ឋាភិបាល លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​។ សេចក្តីសម្រេច​នេះ​ចេញ​ដោយ​លោក ហេង សុខ​ណា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​



​លោក សំ សុខ​គង់ មេធាវី​លោក សម រង្ស៊ី មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ​ឡើយ​។ ថ្លែងប្រាប់​សារព័ត៌មាន​លោក សំ សុខ​គង់ យល់ថា ការសម្រេច​បែបនេះ មិន​ផ្ដល់​ភាពយុត្តិធម៌​ដល់​កូនក្តី​លោក​នោះទេ​។ លោក សំ សុខ​គង់ នឹង​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី ដើម្បី​បន្ត​ប្ដឹងទៅ​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​នេះ​។​

​លោក គី តិច មេធាវី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧​។ ពាក្យបណ្ដឹង​នេះ​ធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា សម្ដេច ហ៊ុន សែន បានផ្ដល់​ថវិកា​រាប់ម៉ឺន​ដុល្លារ ឲ្យ​កញ្ញា ធី សុវណ្ណ​ថា វាយប្រហារ​លើ​ប្រជាប្រិយភាព​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 ​សម រង្ស៊ី​
 ​ ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com