ជាតិ
វីដេអូ
ផ្ទេរ​ចំណេះ​, ជិះ​ក្របី​, ស្ទូងស្រូវ ជំរុញ​ឲ្យ​កញ្ញា Martalia ជនជាតិ​កាណាដា​បន្ត​រស់នៅ​កម្ពុជា​
30, Dec 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា Martalia Lo ជា​ជនជាតិ​កាណាដា រស់នៅ​កម្ពុជា​រយៈពេល​ជិត ១០​ឆ្នាំ​មកហើយ​។ កញ្ញា Martalia ជា​នាយិកា​សាលា​ចំណេះ​ទូទៅ និង​បច្ចេកទេស​ឯកជន (Academy of Careers and Tourism) នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ដំណើរ​មក​កម្ពុ​ជាដំបូង កញ្ញា Martalia គ្រាន់តែ​ជា​អ្នកស្ម័គ្រចិត្ត​នៅ​ខេត្តសៀមរាប ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​ប្រជាជន​ខ្មែរ ក្នុង​រយៈពេល ៦​ខែ​។ ជនជាតិ​កាណាដា​វ័យ ៣០​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា ជនជាតិខ្មែរ​បាន​ស្វាគមន៍ ដោយ​ភាព​រួសរាយ​រាក់ទាក់  ភាពសាមញ្ញ ស្មោះត្រង់ ដែល​ទាញ​ចំណាប់អារម្មណ៍​នាង​។ ក្នុង​រយៈពេល​ដែល​នាង​រស់នៅ​កម្ពុជា អនុស្សាវរីយ​ជាច្រើន ដែល​ធ្វើ​ឲ្យ​នាង​ចងចាំ​មិន​ភ្លេច គឺ​ការ​ជិះ​ក្របី បទពិសោធន៍​ស្ទូងស្រូវ និង​ម្យ៉ាងទៀត គ្រួសារ​ខ្មែរ​ភាគច្រើន​ដែល​នាង​បាន​ស្គាល់ បានចាត់ទុក​នាង​ជា​គ្រួសារ​តែមួយ​។



​ក្រោយពី​ស្ម័គ្រចិត្ត​នៅ​កម្ពុជា រយៈពេល ៦​ខែ កញ្ញា Martalia បាន​វិលត្រឡប់​ទៅ​ប្រទេស​កាណាដា​វិញ​។ កញ្ញា Martalia បាន​ត្រឡប់មក​ធ្វើការ​ស្ម័គ្រចិត្ត​នៅ​កម្ពុជា ក្នុង​រយៈពេល​២​ឆ្នាំ​បន្តទៀត ដោយពេល​នោះ នាង​បាន​លក់​រថយន្ត លក់​សម្ភារ​មួយចំនួន និង​សុំ​ប្រាក់ឧបត្ថម្ភ​សម្រាប់​ផ្គត់ផ្គង់​ជីវិត​ដែល​រស់នៅ​ស្រុក​ខ្មែរ​។ កញ្ញា Martalia នឹង​បន្ត​រស់នៅ​ប្រទេស​កម្ពុជា​បន្តទៀត​ដោយ​កញ្ញា​រៀបរាប់​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​គិតថា ខ្ញុំ​នឹង​នៅទីនេះ ខ្ញុំ​ស្រឡាញ់​អ្វីដែល​ខ្ញុំ​ធ្វើ​សព្វថ្ងៃនេះ​។ ខ្ញុំ​មាន​សាលា ខ្ញុំ​ជួយ​បណ្ដុះបណ្ដាល​យុវជន ហើយ​អ្វីៗ​ដែល​ខ្ញុំ​ធ្វើ​នៅ​ស្រុក​ខ្មែរ មាន​ផល​លំបាក​មួយចំនួន ប៉ុន្តែ​មាន​អត្ថន័យ​សម្រាប់​ខ្ញុំ ដោយ​ខ្ញុំ​ធ្វើ​មិនមែន​ដោយសារតែ​ទ្រព្យសម្បត្តិ ឬ​ប្រាក់ចំណូល​នោះទេ​»​។ 

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន Thmeythmey.com ជាមួយ​កញ្ញា Martalia Lo ជា​ជនជាតិ​កាណាដា​រស់នៅ​ប្រទេស​កម្ពុជា​ដូចតទៅ​៖














Tag:
 Martalia Lo
  កាណាដា​
  srolanh khmer
  ស្រឡាញ់​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com