ជាតិ
ទ្រង់ រណឫទ្ធិ ៖ «​ខ្ញុំ​សុំ​ជំនួយ​ចិន ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ក្រ​ជាងគេ​»
01, Jan 2018 , 4:28 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្ដេច​នរោត្តម រណឫទ្ធិ មានបន្ទូលថា មូល​ហេតុដែល​ព្រះអង្គ​ស្នើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន ដោយសារតែ​គណបក្ស​ក្រ ខ្វះខាត​ធនធាន​នៅក្នុង​ការធ្វើ​នយោបាយ​។ ព្រះអង្គ មានបន្ទូល​បែបនេះ ដើម្បី​ឆ្លើយតប​នឹង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល ដែល​ប្រកាស​ធ្វើបាតុកម្ម​នៅមុខ​ទូត​ចិន រួមទាំង​ប្ដឹង​សុំ​រំលាយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទៀតផង បើ​ក្នុងករណី​ចិន​ផ្ដល់ជំនួយ​ដល់​គណបក្ស​រាជានិយម​មួយ​នេះ​។​



​ទ្រង់ រណឫទ្ធិ ចាត់ទុក​ការព្រមាន​ប្ដឹង​ពី​សំណាក់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល គឺ​គ្រាន់តែ​ជា​សិទ្ធិ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ព្រះអង្គ បាន​លើកឡើងថា ព្រះអង្គ​ក៏មាន​សិទ្ធិ​សុំ​ជំនួយ សម្រាប់​ទ្រទ្រង់​បក្ស​ដែរ​។​

​ឆ្លើយតប​សំនួរ​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ពិធីបួងសួង​សុំ​សេចក្តីសុខ ពី​បារមី​អតីតព្រះមហាក្សត្រ និង​បារមី​ព្រះបរមរាជវាំង នៅ​ថ្ងៃទី​១ មករា​នេះ សម្ដេច​នរោត្តម រណឫទ្ធិ មានបន្ទូល​ដូច្នេះ​ថា​៖«​ជា​កាត​ព្វ​របស់ខ្ញុំ ក្នុងឋានៈ​ជា​ប្រធាន​នៃ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ដែល​សុំ​គេ ហើយ​គណបក្ស​ខ្ញុំ​ក្រ​ជាងគេ​ទាំងអស់​។ ឥឡូវ​លេខ​២​មែន តែ​លោកអ្នក​ជ្រាប​ស្រាប់​ហើយ ក្រ​ណាស់ៗ មិនដែល​មាន​អ្វី​ទេ​។ ហើយ​ទី​២ ស្រេច​តែ​ចិន ដែល​ខ្ញុំ​សុំ​នេះ​ជា​ឋានៈ​របស់ខ្ញុំ​ជា​ប្រធាន​គណបក្ស​…​ហើយ​ស្រេច​តែ​ចិន គេ​ឲ្យ​ឬ​មិន​ឲ្យ »​។​

​សូម​ស្ដាប់​សំឡេង​៖




​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា បើ​ចិន​ផ្ដល់ជំនួយ​ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មែន​នោះ ព្រះអង្គ​នឹងធ្វើ​បាតុកម្ម​នៅមុខ​ទូត​ចិន ហើយ​ប្ដឹង​សុំ​រំលាយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដូច​ទង្វើរ​គណបក្ស​នេះ​ធ្លាប់​ប្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។​

​មាត្រា​២៩ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា គណបក្សនយោបាយ​ត្រូវ​ហាមឃាត់​ទទួល​វិភាគទាន ទោះជា​រូបភាព​ណាក៏ដោយ ពី​ស្ថាប័នរដ្ឋ សមាគម អង្គការក្រៅរដ្ឋាភិបាល សហគ្រាស​សាធារណៈ គ្រឹះស្ថានសាធារណៈ វិទ្យាស្ថាន​សាធារណៈ ឬ​ក្រុមហ៊ុន​បរទេស លើកលែង​តែមាន​ករណី​ដូច​ក្នុង​មាត្រា​២៨​នៃ​ច្បាប់​នេះ​។​

​បើតាម​មាត្រា​៣៩ នៃ​ជំពូក​ទី​៩ ចែង​អំពី​ទោស​ប្បញ្ញត្តិ ដែល​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​បី​លាន​រៀល ដល់​ប្រាំ​លាន​រៀល ចំពោះ​គណបក្សនយោបាយ​ណា ដែល​បាន​ប្រព្រឹត្តិ​ល្មើស​មាត្រា​៧ និង​មាត្រា​៩​នៃ​ច្បាប់​នេះ​។ ក្នុងករណី​មិន​រាងចាល​ត្រូវ​ពិន័យ​ជា​ប្រាក់​ទ្វេរ​មួយ​ជា​ពីរ ហើយ​អាច​ផ្អាក​សកម្មភាព​គណបក្សនយោបាយ​នោះ​ជា​បណ្ដោះអាសន្ន​៕


Tag:
 រណឫទ្ធិ​
 ​ ហ្វ៊ុនស៊ិនប៉ិច​
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com