កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ តម្លៃ​សំបុត្រ​យន្តហោះ​ក្រោម​១​ដុល្លារ សម្រាប់តែ​អ្នកគាំទ្រ​រុស្ស៊ី​
02, Jan 2018 , 11:41 am        
រូបភាព
​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​មួយ​ក្នុងប្រទេស​រុស្ស៊ី Aeroflot នឹង​លក់​សំបុត្រ​យន្តហោះ​តម្លៃ​ក្រោម​១​ដុល្លារ​អាមេរិក​ជូន​ដល់​អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី​ទាំងអស់​សម្រាប់​ការធ្វើដំណើរ​ក្នុងអំឡុង​ការប្រកួត​កីឡាបាល់ទាត់ FIFA World Cup ឆ្នាំ​២០១៨​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី RT​។​



​ប្រធានាធិបតី​រុស្ស៊ី​វ្លា​ឌី​មៀរ​ពូ​ទីន​បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Aeroflot ដែល​ផ្តល់ជូន​ដល់​អ្នកគាំទ្រ​រុស្ស៊ី​នូវ​សំបុត្រ​មួយ​សន្លឹក​ត្រឹមតែ ៥ រូ​ប្លិ៍ (​ប្រាក់​រុស្ស៊ី​) ប្រមាណ​ជា​០.០៩​ដុល្លារ​ប៉ុណ្ណោះ​នៅក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ឆ្នាំក្រោយ​ដែល​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​។​

​នាយក​ប្រតិបត្តិ Aeroflot លោក Vitaly Saveliev បាន​និយាយថា​ក្រុមហ៊ុន​បាន​ត្រៀម​បញ្ចុះតម្លៃ​សម្រាប់​អ្នកគាំទ្រ​រុស្ស៊ី​ដែល​ចូលរួម​ការប្រកួត​បាល់​ទាត់​ពិភពលោក ឆ្នាំ​២០១៨ ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​ទិញ​សំបុត្រ​ក្នុងតម្លៃ​ពិសេស​ត្រឹម ០.០៩​ដុល្លារ​ក្នុង​មួយ​ជើង​។​

«​យើង​មិនអាច​ដឹកជញ្ជូន​ពួកគេ​ដោយ​ឥតគិតថ្លៃ​នោះទេ ប៉ុន្តែ​យើង​អាចធ្វើ​វា​បាន​ត្រឹមនេះ គឺ​ក្នុងតម្លៃ ៥ រូ​ប្លិ៍​សម្រាប់​សំបុត្រ​១​សន្លឹក​»​។ នេះ​ជាការ​លើកឡើង​របស់លោក Saveliev នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រ​ហ​ស្សតិ៍​សប្តាហ៍​មុន​។​

 Aeroflot ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកទំនិញ​ឈានមុខ​គេ​របស់​ពិភពលោក​ប្រចាំឆ្នាំ ២០១៧​។​

​កាលពី​ខែមេសា​កន្លងទៅ ក្រុមហ៊ុន​នេះ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ជាមួយ​ក្លិប Manchester United ផងដែរ​។ Aeroflot បាន​ដឹកជញ្ជូន​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម ធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ប្រកួត​ក្នុង​ក្របខណ្ឌ Europa League ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​ពេល​ប៉ះ​ជាមួយ FC Rostov កាលពី​ខែមីនា​ឆ្នាំមុន​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Aeroflot
  វ្លា​ឌី​មៀរ​ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com