ជាតិ
បោះឆ្នោត៖ LDP ចូលរួម តែលោក ខឹម វាសនា មិនឈរឈ្មោះដើម្បីមានពេលដើរផ្សាយទស្សនៈខ្លួន
× ភ្នំពេញ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សម្រេចចិត្តច្បាស់លាស់ហើយ ថានឹងមិនឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ក្នុងការបោះឆ្នោតឆ្នាំ២០១៨នោះទេ។ ទោះអវត្តមានប្រធានរបស់ខ្លួនក៏ដោយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតែចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាធម្មតា។
ដោយសារតែប៉ុន្មានថ្ងៃមុន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានប្រើពាក្យបែបស្ទាក់ស្ទើរថា លោក «ប្រហែលជា» មិនឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ក្នុងការបោះឆ្នោតឆ្នាំ២0១៨ បានធ្វើឲ្យសាធារណជន មានភាពមិនច្បាស់លាស់ក្នុងចិត្ត ថាលោកពិតជាមិនឈរឈ្មោះមែនឬយ៉ាងណា។ ដើម្បីឲ្យអស់មន្ទិលសង្ស័យនេះ លោក ខឹម វាសនា ក៏បានប្រកាសយ៉ាងដាច់ណាត់សាជាថ្មី នៅចំពោះមុខសមាជិកនិងអ្នកគាំទ្រ ក្នុងវេទិកាសាធារណៈមួយ ដែលរៀបចំនៅប្រទេសថៃ កាលពីថ្ងៃ៣១ ខែធ្នូ ឆ្នាំ២0១៧ ថាលោកនឹងមិនឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រឬនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ នោះទេ។
ក្រោយប្រកាសបែបនេះរួចហើយ លោក ខឹម វាសនា ដែលប្រៀបធៀបខ្លួនឯងជា «ក្ងោកមាស» បានអះអាងថា លោកនឹងចាកចេញពីកម្ពុជា ទៅកាន់បរទេស ដើម្បីមានឱកាសផ្សព្វផ្សាយទស្សនៈរបស់លោកនៅជុំវិញពិភពលោក។ លោក ខឹម វាសនា ដែលធ្លាប់អះអាងថាមិនជាប់ជំពាក់នឹងពាក្យ «ពូជសាសន៍ខ្មែរ» បានបង្ហាញឆន្ទៈចង់ឲ្យពិភពលោក បានដឹងឮពីគំនិតបដិវត្តរបស់លោក ទាក់ទងនឹងសាសនា និងតម្លៃជីវិត ជាដើម។ ប្រទេសកាណាដា គឺជាទិសដៅទីមួយ ដែលលោក ត្រូវទៅស្នាក់នៅ ដើម្បីចាប់ផ្តើមជះគំនិតរបស់លោក។
មូលហេតុចម្បងមួយទៀត ដែលនាំឲ្យលោក ខឹម វាសនា សម្រេចមិនឈរឈ្មោះជាតំណាងរាស្ត្រ ហើយដកខ្លួនចេញពីកម្ពុជា គឺដោយសារតែលោក ហាក់ខ្សោះចិត្តនឹងប្រជាពលរដ្ឋកម្ពុជា។ លោក ខឹម វាសនា បានបង្ហាញការហួសចិត្តថា លោក បានលះបង់កម្លាំងកាយចិត្ត អស់រយៈពេលជាង១0ឆ្នាំហើយ ដើម្បីពន្យល់ប្រជាពលរដ្ឋកម្ពុជាអំពីនយោបាយ ព្រះធម៌ មេរៀនជីវិត រួមទាំងទស្សនៈផ្សេងៗ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាភាគច្រើន នៅតែមិនយល់ពីគំនិតនិងបំណងរបស់លោក ហើយផ្ទុយទៅវិញ លោកបែរជាទទួលបានត្រឹមការសើចចំអក និងការរិះគន់។ បើមើលទៅ លោក ខឹម វាសនា ហាក់គ្មានជំនឿថា ប្រជាពលរដ្ឋកម្ពុជា អាចនឹងយល់ពីលោកនោះទេ បើទោះជាលោកបន្តសកម្មភាពទៅមុខទៀតក៏ដោយ។
លោក ខឹម វាសនា ដែលត្រូវបានគេចាត់ទុកជាអ្នកនយោបាយរិះគន់មិនរើសមុខ បានប្រកាសយ៉ាងដូច្នេះថា៖«អាណត្តិហ្នឹង ប្រកាសឲ្យ [ដាច់ស្រេចតែម្តង] ថា អត់ឈរឈ្មោះធ្វើតំណាងរាស្ត្រស្អីទេ។ ឲ្យប្អូនៗ ឈរទៅ។ ក្ងោកមាសហើរហើយក្មួយ អស់កម្លាំងនិយាយហើយ..១១ឆ្នាំហើយ។ គិតដល់ខ្មែរ ឈឺក្បាល...ពិបាកតែម្តង»។
បើគិតមកដល់ពេលនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន២លើកហើយ។ ប៉ុន្តែ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពុំធ្លាប់បានទទួលអាសនៈក្នុងរដ្ឋសភានោះទេ។ គណបក្សដែលមានរូបជួងជាសញ្ញាមួយនេះ បានបដិសេធក្នុងការទទួលយកអាសនៈចំនួន៦របស់អតីតគណបក្សសង្គ្រោះជាតិ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកឲ្យ។
គេ បានដឹងឮជាទូទៅថា ថ្នាក់ដឹកនាំរួមទាំងអ្នកយល់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តែងចូលចិត្តនិយាយពីយន្តការ៨ចំណុច។ មូលហេតុនោះ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យល់ថា បញ្ហាចម្បងនៅប្រទេសកម្ពុជា គឺ «អំណាចប្រមូលផ្តុំ» ដែលសំដៅលើ អំណាចគ្រប់យ៉ាងស្ថិតក្នុងដៃរបស់នាយករដ្ឋមន្ត្រី និងអ្នកដឹកនាំប្រទេសជាតិ។ ចំណែក អាវុធ ដើម្បីបំបែក «អំណាចប្រមូលផ្តុំ» គឺការដាក់យន្តការ៨ចំណុច ចូលទៅក្នុងប្រព័ន្ធដឹកនាំរដ្ឋ។
យោងតាមសៀវភៅស្តីពីគោលនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យន្តការ៨ចំណុច រួមមាន ត្រូវកំណត់ឲ្យនាយករដ្ឋមន្ត្រី អាចកាន់តំណែងបានត្រឹមតែ២អាណត្តិ, មិនត្រូវអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី បង្កើតក្រុមអង្គរក្សដោយខ្លួនឯង, នាយករដ្ឋមន្ត្រីត្រូវរស់នៅក្នុងគេហដ្ឋាន ដែលរៀបចំដោយរដ្ឋ, ត្រូវបង្កើតតុលាការរដ្ឋបាល, ត្រូវសុំការទុកចិត្ដពីសភាសម្រាប់ឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ឡើងទៅ, អព្យាក្រឹត្យមន្ដ្រីរាជការ, បោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋក្នុងការជ្រើសរើស និងទម្លាក់តំណាងចាប់ពីថ្នាក់ឃុំ-សង្កាត់ ស្រុក-ខណ្ឌ ខេត្ដ រាជធានី និងប្រើប្រព័ន្ធបោះឆ្នោតឯកត្ដនាម ក្នុងការជ្រើសរើសតំណាងរាស្ដ្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com