អន្តរជាតិ
ជាង២០ឆ្នាំមុន លោកយាយ Baba ថា នៅឆ្នាំ២០១៨នេះ ចិន ក្លាយជាកំពូលមហាអំណាច
× លោកយាយ Baba Vanga កំពូលគ្រូទាយពិការភ្នែកជនជាតិប៊ុលហ្គារី ដែលបានទទួលមរណភាពកាល ពីឆ្នាំ១៩៩៦ក្នុងអាយុ៨៥ឆ្នាំ បានទស្សន៍ទាយអំពីព្រឹត្តិការណ៍ជាច្រើននៅលើពិភពលោក។ ក្នុងនោះ លោកបានមើលឃើញពីសន្ទុះរីកចម្រើនរបស់ចិន ដែលនឹងក្លាយជាកំពូលមហាអំណាច (Super Power) លើសសហរដ្ឋអាមេរិកនាឆ្នាំ២០១៨។
លោកយាយ Baba Vanga ដែលមានរហស្សនាមថា «ព្យាការី Nostradamus តំបន់បាល់កង់» បានទទួលមរណភាពតាំងពី២២ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែឈ្មោះរបស់គាត់នៅតែត្រូវបានគេលើកយកមកនិយាយជារៀងរាល់ឆ្នាំ ព្រោះគាត់បានបន្សល់ទុកនូវការទស្សន៍ទាយជាច្រើនអំពីវាសនាពិភពលោក។
បើតាមការលើកឡើងរបស់អ្នកជំនាញតាមដានព្រឹត្តិការណ៍នានា ការទស្សន៍ទាយរបស់ស្ត្រីពិការភ្នែករូបនេះ ត្រូវបានវាយតម្លៃថា បានកើតឡើងពិតប្រាកដជាង៨០ភាគរយ។ ការទស្សន៍ទាយឆុតដ៏ភ្ញាក់ផ្អើលមានដូចជា ការវាយលុករបស់ក្រុមភេរវកម្ម ISIS ការវាយប្រហារអាគារភ្លោះ រលកយក្សស៊ូណាមី ឆ្នាំ២០០៤ និងបញ្ហាបំរែបំរួលអាកាសធាតុ ជាដើម។
សម្រាប់ឆ្នាំ២០១៨នេះ លោកយាយ Baba Vanga ដែលមានឈ្មោះដើមថា Vangelia Pandeva Dimitrova បានទស្សន៍ទាយពីព្រឹត្តិការណ៍ធំៗចំនួនពីរនៅលើពិភពលោក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Sun។
លោកយាយ Baba បានលើកឡើងថា ចិននឹងក្លាយជាកំពូលមហាអំណាចថ្មី (Super Power) បន្ទាប់ពីសហរដ្ឋអាមេរិក។ រីឯការទស្សន៍ទាយមួយទៀតនោះ គឺ ថាមពលថ្មីមួយនឹងត្រូវបានរកឃើញនៅភពព្រះសុក្រ។
ទោះបីជាយ៉ាងណាក៏ដោយ ការមើលឃើញពីអនាគតរបស់គ្រូទាយពិការរូបនេះ ទំនងជាមិនមានឥទ្ធិពលធំដល់របបនយោបាយ ឬការស្រាវជ្រាវវិទ្យាសាស្ត្រនោះឡើយ ពីព្រោះការទស្សន៍ទាយមួយចំនួនក៏មិនត្រឹមត្រូវនោះដែរ។
The Sun បានបង្ហាញឲ្យដឹងថា លោកយាយ Baba បានទស្សន៍ទាយត្រឹមត្រូវលើព្រឹត្តិការណ៍ពិភពលោកជាច្រើនទៀត រួមមាន ការកាន់តំណែងប្រធានាធិបតីអាមេរិកស្បែកខ្មៅលើកដំបូងនៅឆ្នាំ២០០៨ ចលនាចាកចេញពីអឺរ៉ុប Brexit ។ នៅឆ្នាំ៥០៧៩ លោកយាយថា អ្វីៗទាំងអស់នឹងផុតរលត់៕
Tag:
ទស្សន៍ទាយ
Baba Vanga
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com