កន្លែង​ជិះ​ណូរី​ថ្មី​នៅ​បាត់ដំបង ចាប់ផ្តើម​ដំណើរការ​ជំហាន​ដំបូង​
ជាតិ
រថយន្ត
កន្លែង​ជិះ​ណូរី​ថ្មី​នៅ​បាត់ដំបង ចាប់ផ្តើម​ដំណើរការ​ជំហាន​ដំបូង​
03, Jan 2018 , 7:59 pm        
រូបភាព
ភ្ញៀវទេសចរ​ខ្មែរ​ជិះ​ណូរី ដែល​ស្ថិត​នៅ​ទីតាំង​ថ្មី ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ អាជ្ញាធរ​អះអាង​ថា ទីតាំង​ថ្មី មាន​ភាព​ល្អ​ប្រសើរ​ជាង​ទីតាំង​ចាស់ ដោយ​អ្នក​ជិះ​អាច​ទស្សនា​ព្រៃសហគមន៍ រូងភ្នំ និង​ទេសភាព​ផ្សេង​ទៀត។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង)
ភ្ញៀវទេសចរ​ខ្មែរ​ជិះ​ណូរី ដែល​ស្ថិត​នៅ​ទីតាំង​ថ្មី ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ អាជ្ញាធរ​អះអាង​ថា ទីតាំង​ថ្មី មាន​ភាព​ល្អ​ប្រសើរ​ជាង​ទីតាំង​ចាស់ ដោយ​អ្នក​ជិះ​អាច​ទស្សនា​ព្រៃសហគមន៍ រូងភ្នំ និង​ទេសភាព​ផ្សេង​ទៀត។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង)
ដោយ: VOA
បាត់ដំបង ៖ កន្លែង​ជិះ​ណូរី​ថ្មី​នៅក្នុង​ស្រុក​បាណន់ ខេត្តបាត់ដំបង ដែលមាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​២០​គីឡូម៉ែត្រ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ហើយ​រហូតមក​ដល់ពេលនេះ ក្រោយពី​អាជ្ញាធរ បាន​បិទ​កន្លែងចាស់​ក្នុងស្រុក​សង្កែ ដើម្បី​ជួសជុល​ផ្លូវដែក​ឡើងវិញ​។​



​អាជ្ញាធរ​ស្រុក​បាណន់ បាន​អះអាងថា ទីតាំង​ជិះ​ណូរី​ថ្មី​នេះ មាន​សក្តានុពល​ខ្លាំង​ជាង​ទីតាំង​ចាស់ ហើយ​ពួកគេ​សង្ឃឹមថា ទីតាំង​ថ្មី នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​។​

​លោក ជុំ ញ៉ អភិបាលស្រុក​បាណន់ បាន​ថ្លែងប្រាប់ VOA ថា ទីតាំង​ជិះ​ណូរី​ក្នុងស្រុក​បាណន់ ជាទី​តាំង​ល្អ ដោយសារ​អ្នកទេសចរ​អាច​ទស្សនា​ប្រាសាទ ព្រៃឈើ ផ្ទាំង​ថ្ម ល្អាង​ភ្នំ និង​ទេសភាព​ផ្សេងៗ ក្រៅពី​ការ​ជិះ​ណូរី​កម្សាន្ត​។​

​លោក​បន្តថា នេះ​ជា​ជំហាន​ទីមួយ​នៃ​ការដាក់​ដំណើរការ​ផ្លូវ​ណូរី​ប្រហែល​៤​គីឡូម៉ែត្រ ហើយ​អាជ្ញាធរ​ដែល​បាន​សហការ​ជាមួយ​ដៃគូ​វិនិយោគ មាន​គម្រោង​ធ្វើ​ផ្លូវដែក​ប្រមាណ​២៤​គីឡូម៉ែត្រ​នៅ​ជុំវិញ​ភ្នំ​បាណន់ ដើម្បី​ឲ្យ​អ្នកទេសចរ​អាច​ជិះ​កម្សាន្ត មើល​ទេសភាព​ជុំវិញ​ភ្នំ​នោះបាន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បាទ​ជំហាន​ហ្នឹង យើង​ធ្វើ​ឲ្យ​បាន​ជុំ​នៃ​ជួរ​ភ្នំ​បាណន់ ដែល​យើង​រក្សា​ព្រៃឈើ​បាន​ជិត​៨00​ហិកតា​ហ្នឹង​។ យើង​ធ្វើ​តាមផ្លូវ​ហ្នឹង​ទៅ ទីមួយ​ឲ្យ​ទេសចរ​បានឃើញ​ពី​ធម្មជាតិ ដែល​សហគមន៍​ព្រៃឈើ​បាន​ថែរក្សា​។ ទី​ពីរ​ចង់​ឲ្យ​ភ្ញៀវទេសចរ​បាន​កម្សាន្ត​ល្អាង​ប្រជៀវ​ដែល​គាត់​ធ្លាប់តែ​ដឹង​ល្អាង​នៅ​ភ្នំ​សំពៅ យើង​នេះ​មាន​ល្អាង​មួយទៀត គឺ​ល្អាង​ព្រះរាជ​ទ្រព្យ​នៅ​ជួរ​ភ្នំ​រំសាយសក់​»​។​

​អភិបាលស្រុក​រូបនេះ បាន​អះអាង​ទៀតថា ការបើក​ណូរី​នៅ​ស្រុក​បាណន់ នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សហគមន៍​នៅ​ទីនោះ តាមរយៈ​ការប្រកប​របរ​លក់ដូ​រ​ផ្សេងៗ​ដល់​ភ្ញៀវទេសចរ​។ លោក​បញ្ជាក់ថា ទីតាំង​ថ្មី មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ទីតាំង​ចាស់​។​

​លោក​បាន​ថ្លែងប្រាប់​VOA​ថា​៖ «​ខ្ញុំ​យល់ថា វា​ច្រើនជាង​ពីព្រោះ​អានេះ មាន​សក្ដានុពល​ជាង​។ ឯណោះ ជិះ​តែ​តាម​ឃើញតែ​វាលស្រែ អានេះ​យើង​មើលទៅ​តាម​ព្រៃ ហើយ​យើង​មាន​ល្អាង​ជាច្រើន ភ្ញៀវ​ចង់​ចូល​ល្អាង ចូល​អីហ្នឹង ទៅមុខ​យើង​អភិវឌ្ឍ​ល្អាង​អី​ទៀត​»​។​

​បើតាម​អភិបាលស្រុក​ដដែល មន្ត្រី​ជំនាញ​កំពុងតែ​ពិចារណា​អំពី​ការបែងចែក​ប្រាក់ចំណូល​នៃ​សេវា​ទេសចរណ៍​ណូរី​នេះ ក្នុងចំណោម​ដៃគូ​វិនិយោគ សហគមន៍ និង​អាជ្ញាធរ​។​

​លោក ជុំ ញ៉ មានប្រសាសន៍ថា បច្ចុប្បន្ននេះ មាន​ណូរី​ចំនួន​៧​ដែល​កំពុងដំណើរការ​ដឹក​ភ្ញៀវទេសចរ ហើយ​នៅ​ដំណាច់​ខែមករា​នេះ អាជ្ញាធរ នឹង​រៀបចំ​ឲ្យ​មាន​ណូរី​ចំនួន​១៣​ទៀត​។​

​រដ្ឋាភិបាល បាននិងកំពុង​ជួសជុល​ផ្លូវដែក​ប្រវែង​ប្រហែល​៣៨៦​គីឡូម៉ែត្រ ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ​។ ផ្លូវ​រថភ្លើង​នេះ រំពឹងថា​នឹង​ដំណើរការ​ឡើងវិញ នៅមុន​ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​ប្រធាន​នាយកដ្ឋាន​ផ្លូវដែក លោក ច័ន្ទ សំលេង​។​

​ដោយសារ​ផ្លូវដែក​មិន​ត្រូវបាន​ប្រើប្រាស់​ជាច្រើន​ឆ្នាំ ប្រជាជន​មួយចំនួន​បាន​ប្រើប្រាស់​ផ្លូវដែក​ទាំងនោះ​បើក​ជា​ណូរី ដើម្បី​ដឹក​ប្រជាជន និង​ទំនិញ​។ ក្រៅពី​បម្រើ​ជាការ​ជិះ​កម្សាន្ត សម្រាប់​ភ្ញៀវទេសចរ​នៅ​ខេត្តបាត់ដំបង កន្លងទៅ ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ខេត្តពោធិ៍សាត់ បាន​ប្រើប្រាស់​ណូរី សម្រាប់​ដឹកទំនិញ និង​អ្នកធ្វើដំណើរ​។​

​រដ្ឋាភិបាល បាន​លើកឡើងថា ការបើក​ណូរី​តាម​ផ្លូវដែក​នេះ គឺ​ខុសច្បាប់ ហើយ​អាចមាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។​

​ជាង​២០​ឆ្នាំ​មកហើយ ការបើក​ណូរី​នៅលើ​ផ្លូវដែក​ចាស់ បានផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ក្នុងនោះ​មានការ​កម្រៃ​សេវា​បើក​ណូរី និង​ការលក់ដូរ​មួយចំនួន​ដល់​ភ្ញៀវទេសចរ​។ នៅ​ទីតាំង​ចាស់​ក្នុង​ឃុំ​អូរ​ដំបង អ្នកជិះ​ណូរី​អាច​មើលឃើញ​ផ្ទះ​អ្នកភូមិ ព្រៃតូចៗ​នៅតាម​ផ្លូវ និង​វាលស្រែ​។​

​ណូរី​ធ្វើ​ពី​បន្ទះ​ឈើ បន្ទះ​ឫស្សី កង់​ដែក​និង​ម៉ាស៊ីន​ទាញ​សម្រាប់​បំពាក់​លើផ្លូវ​ដែក​ពេលធ្វើ​ដំណើរ​។ ការដំឡើង​ណូរី​មួយ អាច​ចំណាយ​ប្រាក់​ប្រមាណ​៣០០​ទៅ​៥០០​ដុល្លារ​។ នេះ​បើតាម​អ្នកបើក​ណូរី​។​

​ក្រោយពី​ការបិទ​ណូរី​នៅ​ទីតាំង​ចាស់ ប្រជាជន​មួយចំនួន​នៅក្នុង​ស្រុក​សង្កែ ដែល​ធ្លាប់​ពឹងផ្អែក​លើ​ការ​ជិះ​ណូរី​ទេសចរណ៍​នេះ​ជាង​ជិត​ពីរ​ទសវត្សរ៍​មក​នោះ បាន​បាត់បង់​ចំណូល​របស់​ពួកគេ​។​

​លោក ភា​ជ ទុំ អាយុ​៥២​ឆ្នាំ ដែល​បាន​បើក​ណូរី​ប្រហែល​២០​ឆ្នាំ​មកហើយ បាន​ថ្លែងថា លោក​នៅ​បន្ត​បើក​ណូរី​នៅលើ​ផ្លូវដែក​ប្រហែល​២៥០​ម៉ែត្រ ក្បែរ​ទីតាំង​ចាស់ ដែល​បច្ចុប្បន្ននេះ មានតែ​ណូរី​៤​ប៉ុណ្ណោះ​។ លោក​មានប្រសាសន៍ថា ចំណូល​ពី​ការបើក​ណូរី​នេះ​បាន​ធ្លាក់ចុះ​ពី​៤​ម៉ឺន​រៀល មក​ត្រឹមតែ​២​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​

​លោក​បន្តថា លោក​មិនអាច​ទៅ​បើក​ណូរី​នៅ​កន្លែង​ថ្មី​នោះទេ ដោយសារ​ទីតាំង​ឆ្ងាយ​ពី​កន្លែង​លោក​រស់នៅ​។​

​លោក​មានប្រសាសន៍ថា​៖ «​អត់​ផង​ទៅ​អត់​កើត​ឆ្ងាយ មួយថ្ងៃ​គេ​ឲ្យ​៣​ម៉ឺន ហើយ​សោហ៊ុយ​ម៉ូតូឌុប​ឡើង​ចុះៗ អ្នកណា​ទៅ​ដឹក​សល់ ៣​ម៉ឺន​នោះ​»​។​

​លោក ស៊ន បូរ៉ា អាយុ​៤១​ឆ្នាំ ដែល​ធ្លាប់​បើក​ណូរី​ជាង​១០​ឆ្នាំ​មកហើយ មានប្រសាសន៍​ដូចគ្នា​នឹង​លោក ភា​ជ ទុំ ដែរ​ថា លោក​មិនអាច​ទៅ​បើក​ណូរី​នៅ​ទីតាំង​ថ្មី​ទេ ដោយសារ​វា​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ​របស់លោក​។ លោក​បន្តថា លោក​បាន​រត់​ម៉ូតូឌុប​នាពេល​បច្ចុប្បន្ននេះ ដោយ​រកបាន​តែ​ពី​១​ម៉ឺន​រៀល​ទៅ​១៥,០០០​រៀល​តែប៉ុណ្ណោះ ដែល​ចំណូល​នេះ ទាប​ជាង​ចំណូល​ដែល​លោក​រកបាន​ពី​ការបើក​ណូរី ។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា ទីតាំង​បើក​ណូរី​ថ្មី មាន​ផ្លូវ​ឡើង​ចុះ ដែល​លោក​បារម្ភ​អំពី​សុវត្ថិភាព​ផងដែរ​។​

​លោក​មានប្រសាសន៍ថា​៖ «​អត់​ផង ខ្ញុំ​អត់​ទៅ​ទេ ព្រោះ​ផ្លូវ​វា​ចុះឡើង ខ្ញុំ​អត់​ហ៊ាន​ទេ​។ វា​ខ្លាច​ដាច់​ហ្វ្រាំង​ដាច់​អី ខ្លាច​ដល់ពេល​ដាច់​ហ្វ្រាំង​ទៅ វា​គ្រោះថ្នាក់​ភ្ញៀវ យើង​ទទួលខុសត្រូវ ត្រូវ​សង​គេ​»​។​

​អភិបាលស្រុក​បាណន់ លោក ជុំ ញ៉ បាន​អះអាងថា ក្រុម​ជំនាញ​បាន​ត្រួតពិនិត្យ​បញ្ហា​ទាំងនេះ​រួចហើយ និង​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​លោក ច័ន្ទ សំលេង ប្រធាន​នាយកដ្ឋាន​ផ្លូវដែក​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងប្រាប់ VOA ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ណូរី​បើកបរ​នៅលើ​ផ្លូវដែក​នោះទេ​។​

​លោក សង ទិ អ្នក​នាំ​ភ្ញៀវ​ជិះ​ណូរី​នៅ​ទីតាំង​ថ្មី​ក្នុងស្រុក​បាណន់ មានប្រសាសន៍ថា អ្នកបើក​ណូរី​អាច​ទទួលបាន​ប្រាក់ខែ​៩០​ម៉ឺន​រៀល និង​ប្រាក់​ថ្ងៃមួយ​ម៉ឺន​រៀល​។ លោក​បន្តថា បច្ចុប្បន្ននេះ មាន​ណូរី​ចំនួន​៧​ប៉ុណ្ណោះ​កំពុងដំណើរការ ហើយ​មិនសូវ​ជាមាន​ភ្ញៀវ​បរទេស​ជិះ ដូច​នៅ​ទីតាំង​ចាស់​នោះទេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com