ជាតិ
រថយន្ត
លោក នេត សាវឿន បញ្ជាឲ្យឃាត់ម៉ូតូទុករហូតទាល់តែម្ចាស់រកបានមួកសុវត្ថិភាពពាក់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិដឹកនាំកិច្ចប្រជុំ
× ភ្នំពេញ៖ គ្រាន់តែផុតឆ្នាំចាស់ ឈានចូលឆ្នាំថ្មីភ្លាម អគ្គស្នងការនគរបាលជាតិ ក៏បើកកិច្ចប្រជុំមួយ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោយពីទិន្ន័យបង្ហាញថា អត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចារណ៍ ក្នុងឆ្នាំ២0១៧ មានការកើនឡើង ហើយភាគច្រើននៃអ្នកស្លាប់ទាំងនោះ គឺមិនបានពាក់មួកសុវត្ថិភាព។
នៅក្នុងកិច្ចប្រជុំ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវវិធានការក្តៅ ដោយបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ឃាត់អ្នកជិះម៉ូតូ ដែលមិនពាក់មួកសុវត្ថិភាព ហើយតម្រូវឲ្យម្ចាស់ម៉ូតូនោះ ទៅរកមួកសុវត្ថិភាព មកពាក់ជាមុនសិន មុននឹងអនុញ្ញាតឲ្យបន្តធ្វើដំណើរ លើដងផ្លូវ។ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងមានតួនាទីជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកបញ្ជាខាងលើរបស់លោក នេត សាវឿន មកប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP )។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅឆ្នាំ២០១៧ មានចំនួន១,៧៨០នាក់ ហើយអ្នករបួសមានចំនួន៥,៥៣៩នាក់។ តាមប្រភពដដែល សមត្ថកិច្ច បានផាកពិន័យបទល្មើសចរាចរណ៍ បានប្រាក់ជិត១លានដុល្លារ ក្នុងឆ្នាំ២០១៧។
Tag:
ចរាចរណ៍
មួកសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com